ទោះបីសេដ្ឋកិច្ចពិភពលោកពេលនេះកំពុងប្រឈមនឹងវិបត្តិជាបន្តបន្ទាប់ ក៏ការធ្វើពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជាមិនបានធ្លាក់ចុះឡើយ ដោយក្នុងត្រីមាសទី១ ឆ្នាំ២០២៦ សម្រេចបានក្នុងទឹកប្រាក់សរុបជិត ១៧ ពាន់លានដុល្លារ កើនជិត ២០% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥។ នេះបើតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា(GDCE)។
ទិន្នន័យចេញផ្សាយក្នុងថ្ងៃទី១០ ខែមេសា បង្ហាញថា ចន្លោះពីខែមករា ដល់ខែមីនា ឆ្នាំ២០២៦ ការនាំចេញ-នាំចូលទំនិញរវាងកម្ពុជា និងប្រទេសដៃគូពាណិជ្ជកម្មទាំងអស់មានទឹកប្រាក់សរុប ១៦,៩៣ ពាន់លានដុល្លារ កើនឡើង ១៧,១% បើធៀបនឹងត្រីមាសទី១ ឆ្នាំ២០២៥ ដែលមាន ១៤,៤៥ ពាន់លានដុល្លារ។ ក្នុងចំនួននេះគឺកម្ពុជានាំទំនិញទៅទីផ្សារអន្តរជាតិ ៨,០៩ ពាន់លានដុល្លារ កើនឡើង ១៧,៧% និងទំនិញបរទេសនាំចូល ៨,៨៤ ពាន់លានដុល្លារ កើនឡើង ១៦,៧%។ ប្រទេសដែលជាដៃគូពាណិជ្ជកម្មសំខាន់របស់កម្ពុជារួមមាន ចិន អាមេរិក វៀតណាម និងជប៉ុន។
ផ្អែកតាមស្ថិតិខាងលើ គឺជញ្ជីងពាណិជ្ជកម្មអន្តរជាតិកម្ពុជាក្នុងត្រីមាសទី១ ឆ្នាំ២០២៦ មានឱនភាពប្រមាណ ៧៤១ លានដុល្លារ ខណៈរយៈពេលដូចគ្នាឆ្នាំ២០២៥ មានចំនួន ៦៩៧,៨៣លានដុល្លារ។
អ្នកសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ បានប្រាប់ភ្នំពេញប៉ុស្តិ៍ក្នុងថ្ងៃទី១០ ខែមេសា ថា ទោះក្នុងបរិបទដែលសេដ្ឋកិច្ចពិភពលោកបន្តជួយនឹងបញ្ហាប្រឈមជាបន្តបន្ទាប់ ព្រមជាមួយនឹងការបិទព្រំដែនគោកជាមួយប្រទេសថៃ ក៏សកម្មភាពនៃការធ្វើពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជាមិនបានធ្លាក់ចុះឡើយ។ ភាពវិជ្ជមានទាំងអស់នេះនឹងមានកាន់តែច្រើននៅពេលខាងមុខ ខណៈចាប់ពីឆ្នាំ២០២៤ រហូតមកដល់ពេលនេះ កម្ពុជាទទួលបានកំណើននៃការចូលមកបណ្តាក់ទុនកាន់តែច្រើន។
លោកបានថ្លែងថា៖«លក្ខណៈអំណោយផលនៃកត្តាក្នុងប្រទេស និងកំណើនទីផ្សារបញ្ជាទិញពីក្រៅប្រទេស បានធ្វើឱ្យរោងចក្រ/សហគ្រាសដែលបើកដំណើរការនៅកម្ពុជាមានកាន់តែច្រើន។ នៅពេលមានការបញ្ជាទិញពីបរទេសកាន់តែច្រើន វាក៏ជួយបង្កើតឱកាសការងារ ប្រាក់ចំណូលគ្រួសារ និងចំណូលពន្ធដល់រដ្ឋាភិបាលផងដែរ»៕