ការនាំចេញផលិតផលកម្ពុជាទៅទីផ្សារអន្តរជាតិកាន់តែមានភាពសម្បូរបែប និងចម្រុះ ដោយនៅក្នុងត្រីមាសទី១ ឆ្នាំ២០២៦ កម្ពុជាប្រមូលប្រាក់បានប្រមាណ ៥៨០ លានដុល្លារពីការនាំចេញសំបកកង់រថយន្ត និងគ្រឿងបន្លាស់កង់ និងម៉ូតូ ទៅលក់នៅទីផ្សារអន្តរជាតិ។ ទឹកប្រាក់នេះគឺស្មើនឹងប្រមាណជាង ៣% នៃចំនួនទឹកប្រាក់នាំចេញសរុបរបស់កម្ពុជាក្នុងត្រីមាសទី១ ឆ្នាំ២០២៦ ដែលមានប្រមាណ ១៦,៩៣ ពាន់លានដុល្លារ។
របាយការណ៍ក្រសួងពាណិជ្ជកម្ម បង្ហាញថា ក្នុងត្រីមាសទី១ ឆ្នាំ២០២៦ កម្ពុជាបាននាំចេញសំបកកង់រថយន្តទៅទីផ្សារអន្តរជាតិក្នុងទឹកប្រាក់ជាង ៤៧២ លានដុល្លារ កើនឡើង ៤២,៣៧% បើធៀបនឹងត្រីមាសទី១ ឆ្នាំ២០២៥ ដែលមានចំនួន ៣៣១ លានដុល្លារ។ អាមេរិកគឺជាទីផ្សារធំជាងគេដែលទទួលទិញសំបកកង់រថយន្តពីកម្ពុជា ដោយមានទឹកប្រាក់ជាង ៣៥៨ លានដុល្លារ, ប្រេស៊ីល ៣៩ លានដុល្លារ, កាណាដា ២០ លានដុល្លារ, បារាំង ១១ លានដុល្លារ, ចក្រភពអង់គ្លេស ៥ លានដុល្លារ និងប្រទេសផ្សេងទៀតរួមមាន ហូឡង់ អេស៉្បាញ អ៊ីតាលី អាហ្វ្រិកខាងត្បូង និងមិកស៊ិក។
ចំណែកការនាំចេញគ្រឿងបន្លាស់រថយន្ត គឺមានទឹកប្រាក់សរុប ៩២ លានដុល្លារ កើនឡើងជាង ៣០,១៥%។ ប្រទេសជប៉ុន គឺជាទីផ្សារធំជាងគេដោយមានទឹកប្រាក់ជាង ២១ លានដុល្លារ, ថៃ ១៦ លានដុល្លារ, អាមេរិក ៥ លានដុល្លារ និងប្រទេសមួយចំនួនទៀត។ រីឯការនាំចេញគ្រឿងបន្លាស់កង់ និងម៉ូតូ មានទឹកប្រាក់សរុបជាង ១៦ លានដុល្លារ កើនជិត ២៧% ក្នុងនោះប្រទេសហូឡង់មានចំនួនជាង ៨ លានដុល្លារ, ចិន ២ លានដុល្លារ, Lithuanai កោះតៃវ៉ាន់ អាមេរិក និងព័រទុយហ្គាល់ និងអាល្លឺម៉ង់ ជាដើម។
ការនាំចេញផលិតផលសំបកកង់រថយន្ត និងគ្រឿងបន្លាស់កង់ និងម៉ូតូ ត្រូវបានរំពឹងថានឹងហក់ឡើងយ៉ាងច្រើននាពេលខាងមុខ ខណៈចំនួនរោងចក្រ/សហគ្រាសផលិតសំបកកង់រថយន្ត និងគ្រឿងបន្លាស់ បានកើនឡើងជាបន្តបន្ទាប់។
យោងតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) ក្នុងឆ្នាំ២០២៥ មានគម្រោងវិនិយោគលើរោងចក្រផលិតសំបកកង់រថយន្តចំនួន ៤ ត្រូវបានអនុម័ត ដោយ ១ ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស ISI ក្នុងខេត្តព្រះសីហនុ, និង ៣ ទៀតស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសនៃខេត្តស្វាយរៀង។ គម្រោងទាំង ៤ មានទុនវិនិយោគសរុប ៧៧៤ លានដុល្លារ។
អ្នកសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ បានប្រាប់ភ្នំពេញប៉ុស្តិ៍ក្នុងថ្ងៃទី២៤ ខែមេសាថា បច្ចុប្បន្នកម្ពុជាកំពុងវិវឌ្ឍន៍ពីប្រទេសពឹងផ្អែកស្ទើរទាំងស្រុងលើការនាំចូលទំនិញពីទីផ្សារអន្តរជាតិ ទៅជាប្រទេសនាំចេញមួយដ៏សំខាន់លើទីផ្សារអន្តរជាតិ។ ផលិតផលសំបកកង់រថយន្ត គ្រឿងបង្គុំ និងគ្រឿងបន្លាស់ កំពុងក្លាយជាទំនិញសក្តានុពលនាំចេញថ្មីមួយរបស់កម្ពុជា។ លោកបន្តថា បើតាមព័ត៌មានគឺមានរោងចក្រផលិតសំបកកង់រថយន្ត និងគ្រឿងបន្លាស់កាន់តែច្រើនបានចូលមកបើកដំណើរការនៅកម្ពុជា។
លោកបន្តថា មូលហេតុដែលអ្នកវិនិយោគកាន់តែច្រើនចាប់អារម្មណ៍ក្នុងការបើករោងចក្រផលិតសំបកកង់រថយន្តនៅកម្ពុជា គឺដោយសារកម្ពុជាមានលក្ខខណ្ឌពិសេសមួយចំនួនដូចជា ច្បាប់វិនិយោគអំណោយផល ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនងាយស្រួល សម្បូរវត្ថុធាតុដើម(ជ័រកៅស៊ូខ្មែរមានគុណភាពល្អ) សម្បូរកម្លាំងពលកម្មនិងតម្លៃសមរម្យ និងជាពិសេសមានទីផ្សារនាំចេញទៅកាន់ប្រទេសជាច្រើន។
លោកបានថ្លែងថា៖«ជាមួយនឹងអ្វីដែលកម្ពុជាកំពុងមាន គឺជាឱកាសសម្រាប់វិនិយោគិនក្នុងការបើករោងចក្រផលិតសម្បកកង់រថយន្តនៅកម្ពុជា។ ឧស្សាហកម្មផលិតសម្បកកង់រថយន្តជាមុខជំនួញដែលមានឱកាសទទួលបានប្រាក់ចំណេញច្រើន និងរយៈពេលវែងទៅមុខ ព្រោះទោះបីនៅក្នុងកាលៈទេសៈណា ក៏តម្រូវការសម្បកកង់នៅតែមានច្រើន»៕
ប្រភព: KhmerPost