សេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២៦ នេះត្រូវបានធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ព្យាករថានឹងសម្រេចបានក្នុងអត្រាកំណើនប្រមាណ ៤,៥% ប្រសិនបើជម្លោះនៅមជ្ឈិមបូព៌ាមិនអូសបន្លាយពេលយូរជាបន្តទៀត។
នៅក្នុងរបាយការណ៍ដែលចេញផ្សាយនាព្រឹកថ្ងៃទី១០ ខែមេសា នេះ ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) បានឱ្យដឹងថា នៅក្នុងសេណារីយោដែលស្ថានភាពជម្លោះនៅតំបន់មជ្ឈិមបូព៌ាឆាប់ធូរស្រាលឡើងវិញ គឺកំណើនត្រូវបានគាំទ្រដោយដំណើរការនៃវិស័យកម្មន្តសាលដែលមានភាពធន់។ ក្នុងករណីនេះកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២៦ នឹងស្ថិតក្នុងអត្រា ៤,៥% ហើយនៅឆ្នាំ២០២៧ អាចនឹងកើនដល់ ៥,០%។
តំណាង ADB ប្រចាំនៅកម្ពុជា លោកស្រី Yasmin Siddiqi បាននិយាយថា៖«កម្ពុជាបានបន្តបង្ហាញភាពធន់នឹងសម្ពាធពីខាងក្រៅ។ វិស័យកម្មន្តសាលនៅតែរឹងមាំ ហើយកិច្ចខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជាដែលកំពុងបន្តដើម្បីជំរុញវិស័យទេសចរណ៍នឹងជួយរក្សាសន្ទុះសេដ្ឋកិច្ច បើទោះបីមានបញ្ហាប្រឈមជាសកលក៏ដោយ។ វឌ្ឍនភាពនៃកម្លាំងពលកម្មដែលមានផលិតភាពខ្ពស់ គឺសំខាន់សម្រាប់ទាក់ទាញវិនិយោគដែលមានគុណភាពខ្ពស់ និងមានភាពចម្រុះ ខណៈកិច្ចសហការរវាងរដ្ឋ និងផ្នែកឯកជនក្នុងការអភិវឌ្ឍជំនាញ គឺមានសារៈសំខាន់ក្នុងការសម្រេចគោលដៅកំណើនរយៈពេលវែងរបស់កម្ពុជា»។
របាយការណ៍ទស្សនវិស័យអភិវឌ្ឍន៍អាស៊ី (ADO) ខែមេសា ឆ្នាំ២០២៦ ព្យាករថា វិស័យកម្មន្តសាល នឹងនៅតែជាក្បាលម៉ាស៊ីននៃកំណើនសំខាន់របស់សេដ្ឋកិច្ចកម្ពុជាសម្រាប់ឆ្នាំ២០២៦ ខណៈវិស័យឧស្សាហកម្មត្រូវបានរំពឹងថានឹងមានកំណើន ៧,៣%។ កំណើននេះ គឺដោយសារមានការបញ្ជាទិញសម្លៀកបំពាក់ច្រើន ព្រមទាំងកំណើននៃការរួមចំណែកពីវិស័យកម្មន្តសាលក្រៅពីវាយនភ័ណ្ឌ ដូចជា គ្រឿងបង្គុំអគ្គិសនី សំបកកង់រថយន្ត និងគ្រឿងសង្ហារឹម។ កំណើនមធ្យមនៃវិស័យកសិកម្មត្រូវបានរំពឹងថានឹងបន្តស្ថិតក្នុងអត្រា ០,៩% ដែលគាំទ្រដោយតម្រូវការនាំចេញអង្ករ និងគ្រាប់ស្វាយចន្ទី។ គំនិតផ្តួចផ្តើមរបស់រាជរដ្ឋាភិបាលដែលលើកកម្ពស់ផលិតកម្មប្រកបដោយនិរន្តរភាព និងធ្វើសមាហរណកម្មពលករចំណាកស្រុកដែលវិលត្រឡប់មកក្នុងវិស័យនេះវិញ នឹងជួយពង្រឹងកំណើនក្នុងវិស័យនេះថែមទៀត។
ជាមួយគ្នាវិស័យសេវាកម្ម ត្រូវបានព្យាករថានឹងធ្លាក់ចុះពី ៣,៤% កាលពីឆ្នាំ២០២៥ មកនៅត្រឹម ២,៣% សម្រាប់ឆ្នាំ២០២៦ ដោយសារផលប៉ះពាល់នៃការបិទព្រំដែនជាមួយប្រទេសថៃ។ ការវិនិយោគផ្ទាល់ពីបរទេស(FDI) នៅតែមានភាពរឹងមាំក្នុងឆ្នាំ២០២៥ ជាមួយនឹងការវិនិយោគដែលបានអនុម័តកើនឡើង ៤៥% ដែលទាំងនេះបានឆ្លុះបញ្ចាំងពីទំនុកចិត្តរបស់វិនិយោគិន និងការបន្តធ្វើពិពិធកម្មផ្នែកផលិតកម្មដែលមានតម្លៃបន្ថែមតែខ្ពស់។
សម្រាប់អតិផរណា ក្នុងឆ្នាំ២០២៦ នេះត្រូវបានព្យាករថានឹងកើនឡើងដល់ ២,៨% ប្រសិនបើការកើនឡើងនៃថ្លៃទំនិញសកលដោយសារជម្លោះនៅមជ្ឈិមបូព៌ាមិនអូសបន្លាយដល់រាប់ខែបន្តទៅមុខទៀត។ ការប៉ះទង្គិចតម្លៃប្រេងឥន្ធនៈ ដែលអូសបន្លាយពេលយូរអាចបង្កើនថ្លៃដើមនាំចូល និង ជះឥទ្ធិពលអវិជ្ជមានដល់វិស័យកសិកម្ម ផលិតកម្ម និងទេសចរណ៍។ ឱនភាពសារពើពន្ធត្រូវបានព្យាករថានឹងកើនឡើងបន្ថែមទៀត នៅឆ្នាំ២០២៦ ដោយសារការកើនឡើងនៃការចំណាយ រួមទាំងការគាំទ្រដល់គ្រួសារងាយរងគ្រោះ ខណៈដែលកំណើនប្រាក់ចំណូលធ្លាក់ចុះដោយសារកំណើនសេដ្ឋកិច្ចថយ។
ADB បានឱ្យដឹងទៀតថា ការសម្រេចបាននូវគោលដៅរបស់កម្ពុជាក្នុងការក្លាយជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០ ទាមទារឱ្យមានការបង្កើនផលិតភាពប្រកបដោយនិរន្តរភាព ដែលគាំទ្រដោយការវិនិយោគលើមូលធនមនុស្ស។ គម្លាតជំនាញនៅតែជាបញ្ហាសំខាន់ដោយនិយោជកតែងតែលើកឡើងពីបញ្ហាប្រឈមក្នុងការស្វែងរកកម្មករដែលមានជំនាញ។ ការកែទម្រង់របស់រាជរដ្ឋាភិបាល ដូចជាការធ្វើឱ្យមានការចូលរួមពីវិស័យឯកជននៅក្នុងស្ថាប័នបណ្តុះបណ្តាលសាធារណៈ នឹងជួយឱ្យការបណ្តុះបណ្តាលស្របតាមតម្រូវការទីផ្សារ និងពង្រឹងកម្លាំងពលកម្ម៕