ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី ADB បានព្រមានថា ទោះបីសេដ្ឋកិច្ចកម្ពុជានៅតែបង្ហាញភាពធន់ និងត្រូវបានព្យាករថានឹងកើនឡើង ៤,៥% ក្នុងឆ្នាំ២០២៦ ក៏ដោយ ក៏កំពុងប្រឈមនឹងហានិភ័យធំៗបី ដែលអាចប៉ះពាល់យ៉ាងខ្លាំងដល់សន្ទុះកំណើន។
ក្នុងពិធីបង្ហាញរបាយការណ៍ទស្សនវិស័យអភិវឌ្ឍន៍អាស៊ី Asian Development Outlook (ADO) ខែមេសា ២០២៦ កាលពីថ្ងៃទី១០ មេសា មន្ត្រីជាន់ខ្ពស់របស់ធនាគារនេះបានលើកឡើងថា កំណើនសេដ្ឋកិច្ចកម្ពុជាអាស្រ័យយ៉ាងខ្លាំងលើស្ថានភាពខាងក្រៅ ដែលកំពុងមានភាពមិនប្រាកដប្រជាកើនឡើង។
លោកស្រី Yasmin Siddiqi នាយិកាប្រចាំប្រទេសកម្ពុជារបស់ ADB បានថ្លែងថា៖ «កម្ពុជាបន្តបង្ហាញភាពធន់នឹងសម្ពាធខាងក្រៅ។ វិស័យកម្មន្តសាលនៅតែរឹងមាំ ហើយកិច្ចខិតខំរបស់រដ្ឋាភិបាលក្នុងការជំរុញវិស័យទេសចរណ៍ នឹងជួយរក្សាសន្ទុះសេដ្ឋកិច្ច ទោះបីជាមានបញ្ហាប្រឈមជាសកលក៏ដោយ»។

លោកស្រីបន្ថែមថា៖ «មូលដ្ឋានសេដ្ឋកិច្ចនៅតែមានភាពរឹងមាំ ប៉ុន្តែយើងត្រូវតែប្រុងប្រយ័ត្នចំពោះហានិភ័យខាងក្រៅដែលអាចប៉ះពាល់ដល់កំណើន»។
យ៉ាងណា លោក ឌួង ពូលឡង់ មន្ត្រីជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ច នៃនិវាសដ្ឋានបេសកកម្មប្រចាំកម្ពុជារបស់ ADB បានព្រមានថា ហានិភ័យទាំងនេះកំពុងបង្កើតជាសម្ពាធសមាសគ្នា។
លោកបានលើកឡើងថា៖ «អ្វីដែលយើងកំពុងឃើញគឺការរួមបញ្ចូលគ្នានៃហានិភ័យ ដែលអាចបង្កើនផលប៉ះពាល់ និងប៉ះពាល់យ៉ាងខ្លាំងដល់កំណើនសេដ្ឋកិច្ច»។
លោកបានបន្ថែមថា «បើស្ថានភាពខាងក្រៅបន្តមិនប្រាកដប្រជា កំណើនអាចត្រូវបានបន្ថយយ៉ាងសំខាន់»។
ខណៈដែលលោក Milan Thomas សេដ្ឋកិច្ចវិទូ ADB ប្រចាំប្រទេសកម្ពុជា បានបញ្ជាក់ថា មានបញ្ហាធំ៣ អាចប៉ះពាល់ដល់សេដ្ឋកិច្ចក្នុងរយៈពេលខ្លី។ «ហានិភ័យទាំងនេះរួមមាន ការរំខានព្រំដែន សម្ពាធពន្ធពាណិជ្ជកម្ម និងការកើនឡើងតម្លៃប្រេង»។
លោកបានពន្យល់ថា៖ «បើហានិភ័យទាំងនេះកើតឡើង កំណើនសេដ្ឋកិច្ចអាចធ្លាក់ចុះពី ១,២ ភាគរយ ហើយអាចដល់ទៅ ៥,៣ ភាគរយ ក្នុងស្ថានភាពធ្ងន់ធ្ងរ»។

ស្តីពីការរំខានព្រំដែន លោក Thomas បានឱ្យដឹងថា វាអាចប៉ះពាល់ដោយផ្ទាល់ដល់ពាណិជ្ជកម្ម ទេសចរណ៍ និងប្រាក់ផ្ញើពីពលករចំណាកស្រុក។
លោកបានបញ្ជាក់ថា៖ «ការរំខានព្រំដែនមិនត្រឹមតែប៉ះពាល់ដល់ការផ្លាស់ទីទំនិញប៉ុណ្ណោះទេ ប៉ុន្តែប៉ះពាល់ដល់ការធ្វើដំណើររបស់មនុស្សផងដែរ»។
លោក Thomas បានបន្ថែមថា៖ «នេះរួមមានលំហូរទេសចរណ៍ ពាណិជ្ជកម្ម និងប្រាក់ផ្ញើ ដែលសុទ្ធសឹងមានសារៈសំខាន់សម្រាប់សេដ្ឋកិច្ចកម្ពុជា»។
ទិន្នន័យបង្ហាញថា ភ្ញៀវទៅកាន់តំបន់អង្គរធ្លាក់ចុះប្រមាណ ៣៤% នៅខែមីនា ឆ្នាំ២០២៦ ខណៈពាណិជ្ជកម្មអាចធ្លាក់ចុះដល់ ២០% ទៅ ៣៥% ក្នុងសេណារីយោអវិជ្ជមាន។
សម្រាប់សម្ពាធពន្ធ និងភាពមិនប្រាកដប្រជានៃពាណិជ្ជកម្មសកល លោក ថូម៉ាស បានព្រមានថា វាអាចប៉ះពាល់យ៉ាងខ្លាំងដល់វិស័យនាំចេញ។
សេដ្ឋកិច្ចវិទូ ADB ប្រចាំប្រទេសកម្ពុជា បានបន្ដថា៖ «វិស័យនាំចេញរបស់កម្ពុជាមានភាពងាយរងគ្រោះចំពោះការផ្លាស់ប្តូរនៃតម្រូវការខាងក្រៅ និងគោលនយោបាយពាណិជ្ជកម្ម»។
លោកបន្ថែមថា៖ «ការកើនឡើងពន្ធ ឬការកំណត់ការចូលទីផ្សារ អាចប៉ះពាល់ដល់ផលិតកម្ម និងការងារ ជាពិសេសក្នុងវិស័យវាយនភ័ណ្ឌ»។

ក្នុងពេលដូចគ្នា ការកើនឡើងតម្លៃប្រេងក៏ជាហានិភ័យសំខាន់មួយផងដែរ។
លោក Thomas បាននិយាយថា៖ «តម្លៃប្រេងខ្ពស់នឹងបង្កើនអតិផរណានៅកម្ពុជា និងប៉ះពាល់ទាំងអាជីវកម្ម និងគ្រួសារ។ វានឹងបង្កើនថ្លៃដើមផលិតកម្ម និងកាត់បន្ថយអំណាចទិញរបស់ប្រជាជន»។
ADB បានបញ្ជាក់ថា អតិផរណាបានកើនឡើងដល់ ៥,៦% នៅខែមីនា ឆ្នាំ២០២៦ ដែលជាផលប៉ះពាល់ពីការកើនឡើងតម្លៃប្រេង និងអាហារ។
បើហានិភ័យទាំងបីនេះកើតឡើងពេលតែមួយ ADB ព្រមានថា អាចបង្កើនអត្រាក្រីក្រឡើងវិញប្រហែល ១ ភាគរយ ឬស្មើប្រហែល ២៥០,០០០ នាក់។
ទោះជាយ៉ាងណា លោកស្រី Siddiqi បានលើកឡើងថា កម្ពុជានៅតែមានអត្ថប្រយោជន៍មួយចំនួន ដូចជាការរីកចម្រើននៃវិស័យឧស្សាហកម្ម និងសមត្ថភាពក្នុងការធ្វើពិពិធកម្មសេដ្ឋកិច្ច។ «ការពង្រីកវិស័យឧស្សាហកម្មបានជួយគាំទ្រកំណើន និងបង្កើនភាពធន់សេដ្ឋកិច្ច»។
លោកស្រីបានសន្និដ្ឋានថា៖ «វិធានការគោលនយោបាយ ដូចជា ការពង្រឹងប្រព័ន្ធការពារសង្គម និងការវិនិយោគលើជំនាញ នឹងមានតួនាទីសំខាន់ក្នុងការកាត់បន្ថយហានិភ័យ និងរក្សាកំណើនរយៈពេលវែង»៕

ប្រភព៖ PostKhmer