ទំហំ​ពាណិជ្ជកម្មទ្វេភាគី​កម្ពុជា-អាមេរិក កើន​ជិត ៤០% ក្នុង​ត្រីមាស​ទី១

ទឹកប្រាក់​នៃ​ការ​ផ្លាស់​ប្តូរ​ទំនិញ​ទ្វេភាគី​រវាង​កម្ពុជា-អាមេរិក ក្នុង​ត្រីមាស​ទី១ ឆ្នាំ​២០២៦ មាន​ប្រមាណ​ជិត ៣,៥ ពាន់​លាន​ដុល្លារ កើន​​ឡើងជិត ៤០​% បើ​ធៀប​នឹង​រយៈ​ពេល​ដូចគ្នា​កាល​ពី​​ឆ្នាំ​២០២៥ ក្នុង​នោះ​​ទំនិញ​ដែល​អាមេរិក​នាំចូល​មក​កម្ពុជា​បាន​ហក់​ឡើង​រហូត​ដល់​ជិត ៧០%។

ទិន្នន័យ​កត់​ត្រា​ដោយ​អគ្គ​នា​យក​ដ្ឋាន​​គយ និង​រដ្ឋាករ​កម្ពុជា​(GDCE) បង្ហាញ​ថា ចាប់ពី​ខែមករា-មីនា ឆ្នាំ២០២៦ ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​- អាមេរិក មានទឹក​ប្រាក់​សរុប​ ៣,៤៨ ពាន់លានដុល្លារ កើន​ឡើង ៣៩,៣% ធៀប​នឹង​ត្រីមាស​ទី​១ ឆ្នាំ​២០២៥ ដែល​មាន​ ២,៥ ពាន់​លាន​ដុល្លារ​។ ​ក្នុង​ចំនួន​នេះ គឺ​ទំនិញ​​​កម្ពុជា​នាំ​ទៅអាមេរិក​​មានទឹកប្រាក់​​ ៣,៣៦ ពាន់លានដុល្លារ កើនឡើង ៣៨,៤% ចំណែកអាមេរិកនាំមក​កម្ពុជា​ ១២៦,០៨ លានដុល្លារ កើនឡើង​ ៦៧,៩%។​ ផ្អែក​តាម​ទិន្នន័យ​ខាង​លើ គឺ​ជញ្ជីងពាណិជ្ជកម្ម​កម្ពុជាមាន​ឧត្តម​ភាព​ប្រមាណ​ ៣,២៣ ពាន់​លាន​ដុល្លារ កើន​ឡើង​ពី​ ២,៣៥ ពាន់លាន​ដុល្លារ ​កាល​ពី​ត្រីមាស​ទី​១ ឆ្នាំ​២០២៥។​

អនុប្រធាន​សភាពាណិជ្ជកម្មកម្ពុជា លោក លឹម ហេង បាន​ប្រាប់ភ្នំពេញប៉ុស្តិ៍​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា រយៈ​ពេល​ជា​យូរមក​ហើយ​ដែល​អាមេរិក​បាន​ដើរតួនាទី​ជា​ទីផ្សារ​ទទួល​ទិញ​ទំនិញ​ច្រើន​ជាង​គេ​​របស់កម្ពុជា។ លោក​បន្ត​ថា ដោយ​សារ​ទំនាក់​ទំនង​ផ្នែក​នយោបាយ​រវាង​ប្រទេស​ទាំង ២ កាន់​តែ​​ល្អ​ប្រសើរ ដូច្នេះ​សកម្ម​ភាព​នៃ​ការ​ធ្វើ​ពាណិជ្ជកម្ម​ទំនិញ​រវាង​ប្រទេស​ទាំង ២ នឹង​មាន​សម្ទុះ​បន្ថែម​ទៀត។​

លោក​ប្រាប់​ទៀត​ថា អ្វី​ដែល​គួរ​កត់​សម្គាល់​នា​ពេល​នេះ គឺ​កំណើន​នៃ​ការ​​នាំ​ចូល​ទំនិញ​ពី​អាមេរិក​នា​រយៈ​ពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ​ គឺ​បន្ទាប់​ពី​រដ្ឋាភិបាល​កម្ពុជា​បានព្រម​ព្រៀង​ទម្លាក់​អត្រា​ពន្ធ​នាំ​ចូលទំនិញ​​មួយ​ចំនួន​ពី​អាមេរិកក្នុង​ន័យ​ដើម្បី​កាត់បន្ថយ​ឱនភាព​ជញ្ជីង​ពាណិជ្ជកម្ម​របស់​អាមេរិក​។

លោក​ថ្លែង​ថា៖​«​​​​ភាគ​ច្រើន​នៃ​ទំនិញ​​កម្ពុជា​នាំ​ទៅអាមេរិក គឺ​ជា​ផលិតផលសម្លៀកបំពាក់ ស្បែកជើង កាបូប​ធ្វើ​ដំណើរ និង​កង់ ​ចំណែកទំនិញ​ដែល​អាមេរិក​នាំចូល​មកវិញ មាន​ដូច​ជា រថយន្ត ផលិតផល​អេឡិចត្រូនិក ឱសថ គ្រឿង​សម្អាង និង​សម្ភារ​ប្រើប្រាស់​មួយ​ចំនួន​ទៀត។ កម្ពុជា​នឹង​មាន​មុខទំនិញ​ច្រើន​បន្ថែម​ទៀត​សម្រាប់​នាំចេញ​ទៅ​ទីផ្សារ​អាមេរិក ខណៈ​ចំនួន​គម្រោង​វិនិយោគ​ដែល​ឱ្យ​ត្រូវ​បាន​អាជ្ញាធរ​កម្ពុជា​អនុម័ត​ឱ្យ​បើក​ដំណើរ​ការ​នាំកម្ពុជា​កំពុង​កើន​ឡើង​ជាបន្ត​បន្ទាប់​»។​

ក្នុងឆ្នាំ២០២៥ ​ទំហំ​ពាណិជ្ជ​កម្មទ្វេភាគីកម្ពុជា-អាមេរិក ​សម្រេច​បាន ​១៣,១៤ ​ពាន់លានដុល្លារ ​កើនឡើង ២៩,២៤% បើ​ធៀប​នឹង​ឆ្នាំ​២០២៤ ដោយ​​ក្នុងនោះ​កម្ពុជានាំចេញទៅអាមេរិក ១២,៧៣ ​ពាន់លានដុល្លារ កើនឡើង​ ២៨,៤៨% ​ចំណែក​អាមេរិកនាំចូលមកវិញ ៤១៧ លានដុល្លារ កើនឡើង ៥៧,៨៣%។ នេះ​បើ​តាម​ក្រសួងពាណិជ្ជកម្ម៕

Comments (0)
Add Comment