ត្រីមាស​ទី​១ ឆ្នាំ​២០២៦ កម្ពុជានាំចូលទំនិញ​​ពី​ប្រទេស​ថៃក្នុង​ទឹក​ប្រាក់​ជាង ៥០០លាន​ដុល្លារ​

​ទោះបី​ព្រំដែនគោក​រវាង​ប្រទេស​កម្ពុជា-ថៃ ​បាន​បន្ត​បិទ​រយៈ​ពេល​ជិត​ ១ ឆ្នាំ​ហើយ​ក៏​ដោយ ក៏​លំហូរ​ពាណិជ្ជកម្ម​ទំនិញ​រវាង​ប្រទេស​ទាំង ២ នៅ​តែមាន​ជាហូរហែ​ ដោយ​ភាគ​ច្រើន​ត្រូវ​បានប្តូរ​ទៅ​​ធ្វើ​​តាម​រយៈ​ប្រទេស​ឡាវ ឬ​តាមផ្លូវ​សមុទ្រ។ សម្រាប់​ចំនួន​ទឹកប្រាក់​នៃ​ការ​ផ្លាស់​ប្តូរ​ទំនិញ​រវាង​កម្ពុជា-ថៃ​ ​​ក្នុង​ត្រីមាស​ទី​១ ឆ្នាំ២០២៦ គឺសម្រេច​បាន​ជិត ៧០០ លានដុល្លារ ដែល​ក្នុងនោះ​​ចំនួន​​ជាង​ ៥០០ លានដុល្លារ​​​ជា​ការ​ចំណាយ​របស់​កម្ពុជា​ទៅលើ​ទំនិញ​នាំចូល​​មក​ពី​ប្រទេស​ថៃ។

ទិន្នន័យ​អគ្គ​នាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​(GDCE) ​ឱ្យ​ដឹង​ថា ចន្លោះ​ពី​ខែមករា-មីនា ឆ្នាំ​២០២៦ ការ​នាំ​ចេញ​នាំចូល​ទំនិញ​រវាង​កម្ពុជា-​ថៃ មាន​ទឹក​ប្រាក់​សរុប ៦៩៦,១៩​ លាន​ដុល្លារ ធ្លាក់​ចុះ ៣៩,៤​% ​បើ​ធៀប​នឹង​រយៈ​ពេល​ដូចគ្នា​ក្នុង​​ឆ្នាំ​២០២៥ ដែល​មាន​ ១ ១៤៨,៤៧ លាន​ដុល្លារ​។ ក្នុង​ចំនួន​នេះ គឺ​​​កម្ពុជា​នាំ​​ទៅ​ប្រទេស​ថៃ ​១៨១,២៩ លាន​ដុល្លារ ធ្លាក់ចុះ ២៩​% ចំណែក​ថៃ​នាំ​មក​កម្ពុជាវិញ ៥១៤,៩ លានដុល្លារ ថយចុះ ៤២,៤%។

ផ្អែក​​តាម​តួលេខ​គឺ​ជញ្ជីង​ពាណិជ្ជកម្ម​កម្ពុជា​មាន​ឱនភាព​​ ៣៣៣,៦១ លាន​ដុល្លារ ខណៈ​កាល​ពី​ត្រីមាស​ទី​១ ឆ្នាំ​២០២៥ មាន​ចំនួន ៦៣៨,១៣ លាន​ដុល្លារ​។ ប្រទេស​ថៃ គឺ​ជា​ដៃគូពាណិជ្ជកម្មធំជាង​គេ​ទី​៥ របស់​កម្ពុជា បន្ទាប់ពី​ប្រទេស​ចិន អាមេរិក វៀតណាម និង​ជប៉ុន។​​

អ្នក​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា លោក ហុង វណ្ណៈ បានប្រាប់​ភ្នំពេញប៉ុស្តិ៍​ក្នុង​ថ្ងៃ​ទី​២០ ខែមេសា​ថា ជម្លោះ​ប្រដាប់​អាវុធ​នៅ​តាម​ព្រំដែនគោក​​​កម្ពុជា-ថៃ ដែល​បង្ក​ឡើង​ដោយ​​ភាគី​ថៃ​ចាប់តាំង​ពី​ឆ្នាំ​២០២៥ បាន​ជំរុញ​ប្រជាជន​កម្ពុជា​ឱ្យ​​កាត់បន្ថយ ឬ​​ធ្វើ​ពហិការឈប់​ប្រើ​ប្រាស់​​ផលិតផល​របស់​ប្រទេស​ថៃ។ ជាមួយ​គ្នា​នេះ គេ​ក៏​​សង្កេតឃើញ​ផលិតករ​​កម្ពុជា​កំពុង​ខិតខំ​ពង្រឹង និង​ពង្រីក​ការ​ផលិត​ទំនិញ​​ក្នុង​ស្រុក​ឱ្យ​បាន​ច្រើន​ប្រភេទមុខទំនិញ និង​មាន​គុណភាពខ្ពស់​ ដើម្បីឆ្លើយតប​នឹង​តម្រូវ​ការ​ទីផ្សារក្នុង​ស្រុក និង​នាំចេញ​ទៅ​ទីផ្សារ​អន្តរជាតិ​។​

លោក​បាន​ប្រាប់​ទៀត​ថា ទោះយ៉ាង​ណាអ្វីៗ​សុទ្ធតែ​ត្រូវ​ការ​ពេល ដោយ​​គេមិន​អាច​រក​ផលិតផល​ក្នុង​ស្រុក​មក​ជំនួស​ផលិតផល​នាំចូល​(ជាពិសេស​មក​ពី​ប្រទេស​ថៃ) បាន​ទាំង​ ១០០% ក្នុង​ពេល​ខ្លី​បាន​ឡើយ។​

លោក​បាន​ថ្លែង​ថា៖​«លំហូរ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង ២ នឹង​បន្ត​​ធ្លាក់​ចុះ​រយៈ​ពេល​យូរ​​ទៅ​មុខទៀត ខណៈ​ទង្វើ​ឈ្លាន​ពាន​ពី​សំណាក់​យោធាថៃ​មក​លើ​កម្ពុជា បាន​ធ្វើ​ឱ្យ​គំនិត​​​​គាំទ្រផលិតផល​ក្នុង​ស្រុក​​​កើន​ឡើងជា​លំដាប់​ ហើយ​ទំនោរ​នៃ​ការ​នាំ​ចូល​ផលិត​ផល​ពី​ប្រទេស​ផ្សេងៗ​ជំនួស​ផលិតផល​​ថៃ ក៏​មាន​កាន់​តែ​ច្រើន​ផងដែរ​​នា​ពេល​នេះ​»។​

​អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា លោក គុណ ញឹម កាល​ពី​ខែវិច្ឆិកា ឆ្នាំ២០២៥ បាន​និយាយ​ថា ក្នុង​នាម​ជាសមាជិក​របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក និងជាសមាជិកអាស៊ាន គឺ​កម្ពុជា​មិនបាន​បិទ​លំហូរពាណិជ្ជកម្ម​ជាមួយ​ប្រទេស​ថៃ​​ឡើយ ដោយ​​លើក​លែង​តែប្រភេទ​មុខទំនិញ​​ដែលរដ្ឋាភិបាលបាន​កំណត់(ប្រេងសាំង, ប្រេងម៉ាស៊ូត, ឧស្ម័នរាវសម្រាប់ដុត,  ប្រេងខ្មៅ និង​ប្រេងសាំងយន្តហោះ)។ លោកបានអះអាង​ថា សម្រាប់ទំនិញផ្សេងៗ គឺ​ថៃ​អាចបន្តនាំចូលកម្ពុជាបានច្រើន ឬតិច អាស្រ័យទៅលើអ្នកប្រើប្រាស់។ ប្រសិនបើអ្នកទិញ​មិនទិញ ឬកាត់បន្ថយការទិញឱ្យកាន់តែតិចទៅៗ​នោះអ្នក​លក់ក៏អាចនឹងកាត់បន្ថយការយកមកលក់ដែរ។

លោកបញ្ជាក់​ថា៖​«អ្នកប្រើប្រាស់ ទិញ ឬមិនទិញ មិនមែនមានអនុក្រឹត្យ ឬប្រកាសណាបង្ខំឱ្យទិញ ឬមិនទិញនោះទេ។ ប៉ុន្តែនេះជាស្មារតី​ ជាមនសិការទេ អ៊ីចឹងហើយវាខុសគ្នា អំពីគោលការណ៍​ស្មារតី ​មនសិការ។ ពេលខ្លះអ្នកដែលមិនយល់មកដាក់បន្ទុក ឬស្តីបន្ទោស មានអ្នកខ្លះរហូតដល់ដាក់បណ្តាសារមន្រ្តីគយទៀត ថាហេតុអ្វីបានឱ្យទំនិញចូលមក?»។

ក្នុង​ឆ្នាំ​២០២៥ ការ​ធ្វើ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ប្រទេស​កម្ពុជា-ថៃ មាន​ទឹក​ប្រាក់​សរុប​ ៣,៦៦ ពាន់លាន​ដុល្លារ ថយចុះ ១៤,៩% បើ​ធៀប​នឹង​ឆ្នាំ​២០២៤ ក្នុង​នោះ​កម្ពុជា​នាំចេញ ៧៣២,៨៥ លាន​ដុល្លារ ធ្លាក់​ចុះ ១៤,១% និង​ថៃ​នាំចូល​មក​វិញ ២,៩២ ពាន់លាន​ដុល្លារ ថយចុះ ១៥​%។ នេះ​បើ​យោងតាម GDCE៕

 

ប្រភព៖ PostKhmer

Comments (0)
Add Comment