ចិន​សន្យា​ជួយ​លើក​ទឹកចិត្ត​វិនិយោគរបស់​ខ្លួន​ឱ្យ​ចូល​មក​វិនិយោគ​លើ​ឧស្សាហកម្ម​ជ្រលក់ពណ៌ និងបោះពុម្ព​នៅ​កម្ពុជា​

គណៈប្រតិភូចិន​បាន​សន្យា​នឹងជួយ​ជំរុញឧស្សាហកម្មផ្នែក​ជ្រលក់ពណ៌ និងបោះពុម្ព​នៅ​ប្រទេស​របស់ខ្លួន​ឱ្យ​​ចូល​មក​បើក​ដំណើរ​ការ​អាជីវកម្ម​ផ្ទាល់​នៅ​កម្ពុជា​​កាន់​តែ​ច្រើន​​ ខណៈ​ឧស្សាហកម្ម​នេះ​កំពុង​មាន​តម្រូវ​ការ​ខ្ពស់​នៅ​កម្ពុជា។

នេះ​ជា​ការ​អះអាង​របស់លោក Li Lingshen អនុប្រធានក្រុមប្រឹក្សាវាយនភណ្ឌ និងសម្លៀកបំពាក់ជាតិចិន ដែល​បាន​ដឹក​នាំថ្នាក់​ដឹកនាំ​ក្រុមហ៊ុនឈានមុខក្នុងឧស្សាហកម្មបោះពុម្ព ជ្រលក់ពណ៌ និងវាយនភណ្ឌមកពីខេត្តជាំងស៊ូ ចឺជាំង និងក្វាងទុង ប្រទេសចិន មក​ជួប​ពិភាក្សាការងារ​ជា​មួយ​​លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) នៅ​ទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានា​ព្រឹក​ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦។

ជាកិច្ចចាប់ផ្តើម លោក ជា វុទ្ធី បានបង្ហាញ​ការ​ស្វាគមន៍ចំពោះគណៈប្រតិភូ និងបានសម្តែងក្តីរីករាយដែលលោក Li Lingshen បានដឹកនាំគណៈប្រតិភូសមាគមមកជួបពិភាក្សាការងារនាពេលនេះ។ បន្ថែមលើការកត់សម្គាល់ពីបរិស្ថានវិនិយោគនៅកម្ពុជា កំណើនវិនិយោគចិននៅកម្ពុជា និងទំហំពាណិជ្ជកម្មកម្ពុជា-ចិន លោក ជា វុទ្ធី ក៏បានលើកឡើង​ពីការគិតគូររបស់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់បរិស្ថានវិនិយោគដើម្បីទាក់ទាញឧស្សាហកម្មខ្សែទឹកខាងលើ(upstream industry) ដែលបម្រើដល់ខ្សែច្រវាក់ផ្គត់ផ្គង់ដល់ឧស្សាហកម្មកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ(GFT) ដើម្បីធានាដល់ខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងប្រទេស​កម្ពុជា​។

ទោះយ៉ាង​ណា លោក វុទ្ធី ក៏បានបង្ហាញក្តីកង្វល់ពីហានិយភ័យនៃការបំពុលបរិស្ថាន ត្បិតផលិតកម្មនៃវិស័យនេះមានផលប៉ះពាល់​ដល់ការបំពុលបរិស្ថាន។ បន្ថែម​លើ​នេះ​លោកអគ្គលរខាធិការ​ក៏បានចែករំលែកពីគំនិតផ្តួចផ្តើមក្នុងការសិក្សាកំណត់ទីតាំង(zoning) សម្រាប់គម្រោងវិនិយោគបោកគក់ ជ្រលក់ពណ៌ ដែលនឹងអាចគ្រប់គ្រងបញ្ហាបំពុលបរិស្ថានឱ្យបានជាអតិបរមា។

ជា​ការ​ឆ្លើយតប លោក Li Lingshen បានប្រាប់​ភាគី​កម្ពុជា​ពីឧស្សាហកម្មបោះពុម្ព ជ្រលក់ពណ៌ និងវាយនភណ្ឌ​នៅប្រទេសចិន ដែលឧស្សាហកម្ម​នេះបច្ចុប្បន្នបាននិងកំពុងតែធ្វើការសិក្សាស្វែងរកកាលានុវត្តភាពវិនិយោគនៅក្រៅប្រទេស ក្នុង​នោះ​ក៏​មាន​​កម្ពុជា​ផងដែរ​។

លោក​បាន​ថ្លែង​ថា៖​«​កម្ពុជា គឺ​ជាគោលដៅមួយដែលមានភាពអំណោយផលបំផុត ព្រោះកម្ពុជារក្សាបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងរបបលើកទឹកចិត្តវិនិយោគមានភាពប្រកួតប្រជែងខ្ពស់»។ លោក​បន្ត​ថា៖​«​ខ្ញុំសូមសន្យាថានឹងខិតខំជំរុញឧស្សាហកម្មខ្សែទឹកខាងលើ ពិសេស ឧស្សាហកម្មបោះពុម្ព ជ្រលក់ពណ៌ និងវាយនភណ្ឌ ឱ្យមកបណ្តាក់ទុនវិនិយោគនៅកម្ពុជានា​ពេល​ខាង​មុខ»។

ទាក់​ទង​នឹង​ហានិភ័យនៃការបំពុលបរិស្ថានដែលបណ្តាលមកពីផលិតកម្មនៃឧស្សាហកម្មជ្រលក់ពណ៌ និងបោះពុម្ព លោក Li Lingshen បាន​អះអាង​ថា ឆ្លងកាត់បទពិសោធជាច្រើនឆ្នាំនៅប្រទេសចិន ក្រុមហ៊ុនដែល​ជា​សមាជិកសមាគមរបស់​លោក​ពិត​ជា​មានការយកចិត្តទុកដាក់ខ្ពស់ និងមានបច្ចេកវិទ្យាទំនើបដើម្បីដោះស្រាយបញ្ហានេះ។

អ្នក​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យ​សភាកម្ពុជា លោក ហុង វណ្ណៈ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា បច្ចុប្បន្ន​ប្រទេស​ចិន​មិន​ត្រឹម​តែ​ជា​ប្រភព​ផ្គត់​ផ្គង់​ទំនិញ និង​វត្ថុធាតុ​ដើម​ភាគ​ច្រើន​ឱ្យ​កម្ពុជាប៉ុណ្ណោះ​ទេ ប៉ុន្តែ​ប្រទេស​នេះ​ក៏​មាន​​​វិនិយោគិនរបស់​ខ្លួន​​កំពុង​បណ្តាក់​ទុន​វិនិយោគ​នៅ​កម្ពុជាច្រើន​ជាង​គេផងដែរ​។ ការ​​បណ្តាក់​ទុន​ផ្ទាល់នឹង​នាំមក​នូវផល​វិជ្ជមាន​ច្រើន​សម្រាប់​កម្ពុជា ដោយ​រាប់​តាំង​ពី​ការ​បង្កើត​ការងារ ការ​កាត់​បន្ថយ​ការ​នាំ​ចូល​ទំនិញ​ពី​ក្រៅ​ប្រទេស​ និង​ចំណូល​ពន្ធ​សម្រាប់​​រដ្ឋាភិបាលផងដែរ​។

លោក​បន្ត​ថា ក្នុង​ពេល​​ដែល​ផលិត​កម្ម​វាយនភណ្ឌ​នៅ​កម្ពុជា​កំពុង​មាន​ទីផ្សារ​នាំ​ចេញ​ច្រើន ​ប្រសិន​បើ​មាន​ការ​ចូល​មក​វិនិយោគ​លើ​​ផ្នែក​បោះពុម្ព និង​ជ្រលក់ពណ៌កាន់​តែ​ច្រើន គឺ​វា​អាច​រួម​ចំណែក​កាន់​តែ​ច្រើន​ក្នុង​ការ​ជំរុញ​ល្បឿន​កំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា។

លោក​បាន​ថ្លែង​ថា៖​«កម្ពុជា​គឺ​ជា​ប្រទេស​មាន​ទីផ្សារសេរី និង​​បើក​ទូលាយ ដូច្នេះ​យើង​តែង​​ស្វាគមន៍​រាល់​ការ​វិនិយោគ​ទាំង​អស់​ដែលស្ថិត​ក្រោម​​ច្បាប់។ ឧស្សាហកម្ម​បោះពុម្ព និង​ជ្រលក់ពណ៌ អាច​ជាផ្នែក​មួយ​ក្នុង​ការ​លើក​កម្ពស់​ទីផ្សារ​នាំ​ចេញ​ផលិតផល​វាយនភណ្ឌ​កម្ពុជា​ទៅ​ទីផ្សារ​អន្តរជាតិ​»។

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) ​ក្នុង​ឆ្នាំ​២០២៥ នេះ​បានអនុម័តលើ​គម្រោង​វិនិយោគ​សរុប​ ៦៣០​គម្រោង​ ស្មើ​នឹង​​ដើម​ទុន​វិនិយោគ​សរុប​ជាង ១០ ពាន់​លាន​ដុល្លារ ដែល​ក្នុង​នោះ​ ៥៤,២៥% មាន​ប្រភព​មក​ពី​ប្រទេស​ចិន។ ដោយ​ឡែក​ក្នុង​រយៈ​ពេល ៣ខែដើម​ឆ្នាំ​២០២៦ គម្រោង​ដែល​បាន​អនុម័តមាន​ចំនួន ១៤៦គម្រោង ក្នុង​ដើម​ទុន ២,៥ ​ពាន់​លាន​ដុល្លារ។ ក្នុង​ចំណោម​ដើម​ទុន​ទាំង​អស់គឺ​មាន​ជិត ៤៧% មាន​ប្រភព​ពី​ប្រទេស​​ចិន​៕

 

ប្រភព៖ PostKhmer

Comments (0)
Add Comment