គណៈប្រតិភូចិនបានសន្យានឹងជួយជំរុញឧស្សាហកម្មផ្នែកជ្រលក់ពណ៌ និងបោះពុម្ពនៅប្រទេសរបស់ខ្លួនឱ្យចូលមកបើកដំណើរការអាជីវកម្មផ្ទាល់នៅកម្ពុជាកាន់តែច្រើន ខណៈឧស្សាហកម្មនេះកំពុងមានតម្រូវការខ្ពស់នៅកម្ពុជា។
នេះជាការអះអាងរបស់លោក Li Lingshen អនុប្រធានក្រុមប្រឹក្សាវាយនភណ្ឌ និងសម្លៀកបំពាក់ជាតិចិន ដែលបានដឹកនាំថ្នាក់ដឹកនាំក្រុមហ៊ុនឈានមុខក្នុងឧស្សាហកម្មបោះពុម្ព ជ្រលក់ពណ៌ និងវាយនភណ្ឌមកពីខេត្តជាំងស៊ូ ចឺជាំង និងក្វាងទុង ប្រទេសចិន មកជួបពិភាក្សាការងារជាមួយលោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦។
ជាកិច្ចចាប់ផ្តើម លោក ជា វុទ្ធី បានបង្ហាញការស្វាគមន៍ចំពោះគណៈប្រតិភូ និងបានសម្តែងក្តីរីករាយដែលលោក Li Lingshen បានដឹកនាំគណៈប្រតិភូសមាគមមកជួបពិភាក្សាការងារនាពេលនេះ។ បន្ថែមលើការកត់សម្គាល់ពីបរិស្ថានវិនិយោគនៅកម្ពុជា កំណើនវិនិយោគចិននៅកម្ពុជា និងទំហំពាណិជ្ជកម្មកម្ពុជា-ចិន លោក ជា វុទ្ធី ក៏បានលើកឡើងពីការគិតគូររបស់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់បរិស្ថានវិនិយោគដើម្បីទាក់ទាញឧស្សាហកម្មខ្សែទឹកខាងលើ(upstream industry) ដែលបម្រើដល់ខ្សែច្រវាក់ផ្គត់ផ្គង់ដល់ឧស្សាហកម្មកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ(GFT) ដើម្បីធានាដល់ខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងប្រទេសកម្ពុជា។
ទោះយ៉ាងណា លោក វុទ្ធី ក៏បានបង្ហាញក្តីកង្វល់ពីហានិយភ័យនៃការបំពុលបរិស្ថាន ត្បិតផលិតកម្មនៃវិស័យនេះមានផលប៉ះពាល់ដល់ការបំពុលបរិស្ថាន។ បន្ថែមលើនេះលោកអគ្គលរខាធិការក៏បានចែករំលែកពីគំនិតផ្តួចផ្តើមក្នុងការសិក្សាកំណត់ទីតាំង(zoning) សម្រាប់គម្រោងវិនិយោគបោកគក់ ជ្រលក់ពណ៌ ដែលនឹងអាចគ្រប់គ្រងបញ្ហាបំពុលបរិស្ថានឱ្យបានជាអតិបរមា។
ជាការឆ្លើយតប លោក Li Lingshen បានប្រាប់ភាគីកម្ពុជាពីឧស្សាហកម្មបោះពុម្ព ជ្រលក់ពណ៌ និងវាយនភណ្ឌនៅប្រទេសចិន ដែលឧស្សាហកម្មនេះបច្ចុប្បន្នបាននិងកំពុងតែធ្វើការសិក្សាស្វែងរកកាលានុវត្តភាពវិនិយោគនៅក្រៅប្រទេស ក្នុងនោះក៏មានកម្ពុជាផងដែរ។
លោកបានថ្លែងថា៖«កម្ពុជា គឺជាគោលដៅមួយដែលមានភាពអំណោយផលបំផុត ព្រោះកម្ពុជារក្សាបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងរបបលើកទឹកចិត្តវិនិយោគមានភាពប្រកួតប្រជែងខ្ពស់»។ លោកបន្តថា៖«ខ្ញុំសូមសន្យាថានឹងខិតខំជំរុញឧស្សាហកម្មខ្សែទឹកខាងលើ ពិសេស ឧស្សាហកម្មបោះពុម្ព ជ្រលក់ពណ៌ និងវាយនភណ្ឌ ឱ្យមកបណ្តាក់ទុនវិនិយោគនៅកម្ពុជានាពេលខាងមុខ»។
ទាក់ទងនឹងហានិភ័យនៃការបំពុលបរិស្ថានដែលបណ្តាលមកពីផលិតកម្មនៃឧស្សាហកម្មជ្រលក់ពណ៌ និងបោះពុម្ព លោក Li Lingshen បានអះអាងថា ឆ្លងកាត់បទពិសោធជាច្រើនឆ្នាំនៅប្រទេសចិន ក្រុមហ៊ុនដែលជាសមាជិកសមាគមរបស់លោកពិតជាមានការយកចិត្តទុកដាក់ខ្ពស់ និងមានបច្ចេកវិទ្យាទំនើបដើម្បីដោះស្រាយបញ្ហានេះ។
អ្នកសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា បច្ចុប្បន្នប្រទេសចិនមិនត្រឹមតែជាប្រភពផ្គត់ផ្គង់ទំនិញ និងវត្ថុធាតុដើមភាគច្រើនឱ្យកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែប្រទេសនេះក៏មានវិនិយោគិនរបស់ខ្លួនកំពុងបណ្តាក់ទុនវិនិយោគនៅកម្ពុជាច្រើនជាងគេផងដែរ។ ការបណ្តាក់ទុនផ្ទាល់នឹងនាំមកនូវផលវិជ្ជមានច្រើនសម្រាប់កម្ពុជា ដោយរាប់តាំងពីការបង្កើតការងារ ការកាត់បន្ថយការនាំចូលទំនិញពីក្រៅប្រទេស និងចំណូលពន្ធសម្រាប់រដ្ឋាភិបាលផងដែរ។
លោកបន្តថា ក្នុងពេលដែលផលិតកម្មវាយនភណ្ឌនៅកម្ពុជាកំពុងមានទីផ្សារនាំចេញច្រើន ប្រសិនបើមានការចូលមកវិនិយោគលើផ្នែកបោះពុម្ព និងជ្រលក់ពណ៌កាន់តែច្រើន គឺវាអាចរួមចំណែកកាន់តែច្រើនក្នុងការជំរុញល្បឿនកំណើនសេដ្ឋកិច្ចរបស់កម្ពុជា។
លោកបានថ្លែងថា៖«កម្ពុជាគឺជាប្រទេសមានទីផ្សារសេរី និងបើកទូលាយ ដូច្នេះយើងតែងស្វាគមន៍រាល់ការវិនិយោគទាំងអស់ដែលស្ថិតក្រោមច្បាប់។ ឧស្សាហកម្មបោះពុម្ព និងជ្រលក់ពណ៌ អាចជាផ្នែកមួយក្នុងការលើកកម្ពស់ទីផ្សារនាំចេញផលិតផលវាយនភណ្ឌកម្ពុជាទៅទីផ្សារអន្តរជាតិ»។
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) ក្នុងឆ្នាំ២០២៥ នេះបានអនុម័តលើគម្រោងវិនិយោគសរុប ៦៣០គម្រោង ស្មើនឹងដើមទុនវិនិយោគសរុបជាង ១០ ពាន់លានដុល្លារ ដែលក្នុងនោះ ៥៤,២៥% មានប្រភពមកពីប្រទេសចិន។ ដោយឡែកក្នុងរយៈពេល ៣ខែដើមឆ្នាំ២០២៦ គម្រោងដែលបានអនុម័តមានចំនួន ១៤៦គម្រោង ក្នុងដើមទុន ២,៥ ពាន់លានដុល្លារ។ ក្នុងចំណោមដើមទុនទាំងអស់គឺមានជិត ៤៧% មានប្រភពពីប្រទេសចិន៕
ប្រភព៖ PostKhmer