សំណើសុំ​​វិនិយោគ​ចំនួន ៨ គម្រោង​ត្រូវ​បាន​ CDC យក​មក​ពិនិត្យ​

0 4

គម្រោង​វិនិយោគ​ថ្មី​ចំនួន ៧ និង​គម្រោងពង្រីកបន្ថែមមុខសញ្ញាផលិតកម្មចំនួន ១ ដែល​មានទុន​វិនិយោគ​សរុប​ជិត ៥០០ លាន​ដុល្លារ​ត្រូវ​បាន​គណៈកម្មាធិការវិនិយោគកម្ពុជា​នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) លើក​យក​មក​ពិនិត្យ​ មុន​នឹង​អនុម័ត​ជា​ផ្លូវ​ការ​ឱ្យបើក​ដំណើរ​ការ​នៅ​កម្ពុជា។

​កិច្ច​ប្រជុំ​ច្រកចេញចូលតែមួយ​របស់គណៈកម្មាធិការវិនិយោគកម្ពុជា ដើម្បីពិនិត្យពិភាក្សាលើសំណើ​សុំចុះបញ្ជីគម្រោងវិនិយោគ មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ត្រូវ​បាន​ធ្វើ​ឡើង​កាល​ពី​ព្រឹក​ថ្ងៃ​ទី​២១ ខែមេសា ឆ្នាំ​២០២៦ ដោយ​មាន​ការ​ចូល​រួម​ពី​លោក ជា វុទ្ធី អគ្គលេខាធិការនៃ​គណៈកម្មាធិការវិនិយោគកម្ពុជា ព្រម​ទាំង​មាន​​ការ​ចូលរួមពីតំណាងក្រសួង-ស្ថាប័ន និងរដ្ឋបាលរាជធានី ខេត្តពាក់​ព័ន្ធ​ជា​ច្រើន​។

យោង​តាម​ CDC គម្រោងទាំង ៨ មានទុនវិនិយោគសរុប ៤៩០លានដុល្លារ អាចបង្កើតការងារបានប្រមាណ ២ ពាន់កន្លែង និងមានមុខសញ្ញាវិនិយោគក្នុងវិស័យឧស្សាហកម្ម​ចំនួន ៤ គម្រោងរួមមាន រោងចក្រ​ផលិត ផ្គុំ និងដំឡើងសម្ភារអគ្គិសនីប្រើប្រាស់ក្នុងផ្ទះ, ផលិតពូកខ្យល់ សាឡុងខ្យល់ ពោងហែលទឹក អាងហែលទឹក ទូកខ្យល់ កាបូបក្លាស្សេ សម្ភារកីឡា និងសម្ភារក្មេងលេង(ពីប្លាស្ទិក), ផលិតអំបោះ និងជ្រលក់ពណ៌, និងគម្រោង​ពង្រីកបន្ថែមមុខសញ្ញាផលិតកម្ម​«បោកគក់សម្លៀកបំពាក់»​លើមុខសញ្ញាចាស់(កាត់ដេរសម្លៀកបំពាក់ និងប៉ាក់)។

ចំណែក​គម្រោង​ ២ ទៀត​ស្ថិត​ក្នុង​វិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម រួមមាន​ ​គម្រោង​បង្កើតរោងចក្រកែច្នៃដំឡូងមី, និងបង្កើតកសិដ្ឋានចិញ្ចឹម និងបង្កាត់ពូជសត្វចតុប្បាទ។ រីឯគម្រោង ២ ចុងក្រោយ គឺ​គម្រោង​អភិវឌ្ឍន៍ស្ថានីយផលិតអគ្គិសនីដើរដោយថាម​ពល​ខ្យល់​ អានុភាព ១៥០ មេហ្គាវ៉ាត់, និងគម្រោង​អភិវឌ្ឍន៍ស្ថានីយផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យ អានុភាព ៣៥០ មេហ្គាវ៉ាត់។

គម្រោងទាំង ៨ មាន​ទីតាំង​នៅក្នុង​រាជធានីភ្នំពេញ ខេត្តតាកែវ កំពង់ស្ពឺ ពោធិ៍សាត់ កំពង់ចាម កំពង់ធំ និងខេត្ត​មណ្ឌលគីរី។

អនុ​ប្រធាន​សមាគម​ពាណិជ្ជកម្ម​កម្ពុជា-ចិន លោក ឡោ វិចិត្រ (Lor Vichet, Vice-President of the Cambodia Chinese Commerce Association (CCCA) បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ​ទោះបី​ស្ថានភាព​កំណើន​សេដ្ឋកិច្ច​ពិភពលោកកំពុង​ស្ថិត​ក្នុង​ភាពមិន​​ច្បាស់​លាស់ ហើយ​ជម្លោះ​ប្រដាប់​អាវុធ​បាន​​កើត​មាននៅ​ប្រទេស​ជាច្រើន​ ​ក៏​កម្ពុជា​នៅ​តែ​មាន​សក្តានុពល​គ្រប់​គ្រាន់​ក្នុង​ការ​ទាក់​ទាញវិនិយោគិន​ជាតិ និង​អន្តរជាតិ​ឱ្យ​បណ្តាក់​ទុន​​ផ្ទាល់​កាន់​តែ​ច្រើន។ ចំនួន​គម្រោង​វិនិយោគ​នឹង​បន្ត​កើន​ឡើង​បន្ថែម​ទៀត​នា​ពេល​ខាង​មុខ ខណៈ​ច្បាប់​វិនិយោគ​​​កម្ពុជា និង​កត្តា​​កម្លាំង​ពលកម្ម​វ័យ​ក្មេងដែល​មាន​ជំនាញ កំពុង​​ផ្តល់​ភាព​អនុគ្រោះ និង​ផល​វិជ្ជមាន​ច្រើន​​សម្រាប់​វិនិយោគិន​គ្រប់​ជាតិ​សាសសន៍​។

លោក​បន្ត​ថា ក្រៅ​ពីនេះ​ កម្ពុជា​ក៏​មាន​ទីផ្សារ​ជា​ច្រើន​ចាំ​​ទទួល​ទំនិញ​​ក្រោម​លក្ខខណ្ឌ​ពិសេស​ផ្នែក​ពន្ធ​គយផងដែរ។

លោក​អះអាងថា៖​«​កិច្ច​ខិតខំ​របស់​រដ្ឋាភិបាល​​លើ​ការ​កសាង​ប្រព័ន្ធច្បាប់ ធនធានមនុស្ស ហេដ្ឋារចនាសម្ព័ន្ធ ព្រម​ទាំង​ការ​ចូល​រួម​របស់​​ផ្នែក​ឯកជននឹង​ជួយ​បង្កើត​នូវ​បរិយាកាស​កាន់​តែ​ទាក់​ទាញសម្រាប់​ការ​វិនិយោគ​លើ​គ្រប់​វិស័យ។ គម្រោង​វិនិយោគ​ថ្មីៗ​នេះ​ពេល​នេះ ក៏​កាន់​តែ​មាន​ភាព​ចម្រុះ ដែល​ធ្វើ​ឱ្យ​សរសរគ្រឹះ​សេដ្ឋកិច្ច​កម្ពុជា​កាន់​តែ​មាន​ភាព​រឹង​មាំ​ជាង​​មុន​​»។

ក្នុង​ឆ្នាំ២០២៥ រដ្ឋាភិបាល​កម្ពុជាបាន​អនុម័ត​លើ​គម្រោងវិនិយោគសរុប ៦៣០ គម្រោង ដែលមានទុនវិនិយោគប្រមាណ ១០ ពាន់លានដុល្លារ កើន​ឡើង ៤៥% បើ​ធៀបនឹងឆ្នាំ២០២៤។ កំណើននេះជំរុញដោយច្បាប់​វិនិយោគថ្មី​ ភាព​អំណោយផលនៃហេដ្ឋារចនាសម្ព័ន្ធ និងស្ថិរភាពនយោបាយ ដែលទាក់ទាញវិនិយោគិនលើវិស័យឧស្សាហកម្ម កសិឧស្សាហកម្ម និងទេសចរណ៍៕

 

ព្រភព៖ PostKhmer

Leave A Reply

Your email address will not be published.