ក្រុមហ៊ុនទេសចរណ៍ប្រទេសសិង្ហបុរី First Light Tours and Travel PTE. LTD. បានបង្ហាញការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះសក្តានុពលនៃវិស័យទេសចរណ៍កម្ពុជា ជាពិសេសនៅក្នុងរាជធានីភ្នំពេញ ខេត្តព្រះសីហនុ និងសៀមរាប។
បន្ទាប់ពីដំណើរទស្សនកិច្ចសិក្សា (Familiarisation Trip) មកកាន់ប្រទេសកម្ពុជាកាលពីពេលថ្មីៗនេះ ក្រុមហ៊ុន First Light Tours and Travel PTE. LTD. បានសរសេរថា ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចសិក្សាទៅកាន់រាជធានីភ្នំពេញ ក្រុងព្រះសីហនុ និងខេត្តសៀមរាប នាពេលថ្មីៗនេះ ក្រុមហ៊ុនទទួលបាននូវបទពិសោធល្អៗជាច្រើនពីប្រទេសកម្ពុជា ដែលជាកន្លែងដ៏មានសុវត្ថិភាព និងការទទួលស្វាគមន៍ដ៏ល្អសម្រាប់ភ្ញៀវអន្តរជាតិ។
សម្រាប់ទីក្រុងសំខាន់ៗទាំង ៣ ដែលក្រុមការងាររបស់ First Light Tours and Travel PTE. LTD. បានធ្វើដំណើរទៅដល់គឺមានលក្ខណៈពិសេសរៀងៗខ្លួន។ រាជធានីភ្នំពេញ គឺជាទីតាំងដែលបន្តរក្សាបាននូវតុល្យភាពរវាងបេតិកភណ្ឌវប្បធម៌ និងការអភិវឌ្ឍបែបទំនើប ដោយមានសណ្ឋាគារអន្តរជាតិធំៗ កន្លែងប្រជុំ និងតំបន់វប្បធម៌ជាច្រើនដូចជា ព្រះបរមរាជវាំង និងសារមន្ទីរជាតិ ដែលទាំងនេះបានជួយធ្វើឱ្យភ្នំពេញកាន់តែសមស្របសម្រាប់ក្រុមភ្ញៀវភ្ញៀវទេសចរ និងធុរជន និងដំណើរទស្សនកិច្ចផ្លូវការ។
ចំណែកក្រុងសៀមរាប គឺជាមជ្ឈមណ្ឌលវប្បធម៌របស់កម្ពុជា និងជាទីតាំងរបស់ប្រាសាទអង្គរវត្តដ៏ល្បីល្បាញលើពិភពលោក។ លើសពីតំបន់អង្គរ នៅក្រុងសៀមរាបក៏មានសណ្ឋាគារលំដាប់ស្តង់ដារ ជាមួយនឹងបទពិសោធនៃអាហារដ៏ឆ្ងាញ់ និងសេវាទេសចរណ៍គាំទ្រល្អប្រសើរ។ ក្រុងសៀមរាបពេលបច្ចុប្បន្ន មិនត្រឹមតែមានសក្តានុពលខ្ពស់សម្រាប់អ្នកទេសចរបេតិកភណ្ឌប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រាប់ក្រុមសម្រាកកម្សាន្តកម្រិតខ្ពស់ និងកម្មវិធីវប្បធម៌ពិសេសផងដែរ។
ដោយឡែកសម្រាប់ក្រុងព្រះសីហនុ ក៏បានបង្ហាញពីការផ្លាស់ប្តូរដ៏ឆាប់រហ័ស ជាច្រកសមុទ្រ និងជាទីក្រុងដ៏ទំនើបមួយផងដែរ។ បន្ថែមពីលើនេះនៅក្នុងខេត្តព្រះសីហនុក៏មានកោះជាច្រើន ដែលជាគោដៅគួរឱ្យចាប់អារម្មណ៍សម្រាប់ភ្ញៀវចង់សម្រាកលំហែកាយតាមឆ្នេរ ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចទូទៅនៅកម្ពុជា។
First Light Tours and Travel PTE. LTD. លើកឡើងទៀតថា៖«ចំណុចសំខាន់មួយនៃដំណើរទស្សនកិច្ចរបស់យើង គឺឱកាសក្នុងការស្វែងយល់អំពីម្ហូបខ្មែរពិតប្រាកដ ដែលបានបន្ថែមជម្រៅយ៉ាងសំខាន់ដល់ភាពទាក់ទាញនៃការធ្វើដំណើរនៅកម្ពុជា។ ក្នុងអំឡុងពេលនេះ យើងបានភ្លក់ម្ហូបខ្មែរជាច្រើនដូចជា អាម៉ុកត្រី សម្លការី សម្លកកូរ ដែលជាស៊ុបបន្លែសម្បូរបែប និងត្រូវបានចាត់ទុកថាជាម្ហូបជាតិដ៏ពេញនិយម និងឡុកឡាក់ដែលជាម្ហូបសាច់គោចៀនជាមួយបន្លែស្រស់ និងទឹកម្រេចក្រូចឆ្មារ។ បទពិសោធអាហារទាំងនេះបង្ហាញពីអត្តសញ្ញាណវប្បធម៌ដ៏រឹងមាំរបស់កម្ពុជា និងជួយបន្ថែមតម្លៃដល់កម្មវិធីទេសចរណ៍សម្រាកកម្សាន្ត និងកម្មវិធីលើកទឹកចិត្តនានា»។
First Light Tours and Travel PTE. LTD. បានឱ្យដឹងទៀតថា ក្រៅពីនេះកម្ពុជាក៏កំពុងក្លាយជាទិសដៅដ៏មានសក្តានុពលសម្រាប់ទេសចរណ៍វាយកូនគោលផងដែរ ដោយបច្ចុប្បន្នមានទីលានវាយកូនគោលស្តង់ដារអន្តរជាតិជាច្រើននៅជិតភ្នំពេញ និងសៀមរាប ដែលសមស្របសម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាវាយកូនគោល។ ការរួមបញ្ចូលគ្នារវាងទីលានគុណភាព កន្លែងទេសចរណ៍វប្បធម៌ និងចម្ងាយធ្វើដំណើរងាយស្រួលរវាងទីក្រុង បង្កើតឱកាសល្អសម្រាប់ដំណើរការកីឡាវាយកូនគោល៕
ប្រភព៖ PostKhmer