ផ្នែកឯកជន​​ស្នើឱ្យ​​រដ្ឋាភិបាលកម្ពុជា-វៀតណាម ពិនិត្យ​លទ្ធភាព​បើកច្រកព្រំដែនទ្វេភាគី​ទាំងអស់ទៅជាច្រកព្រំដែនអន្តរជាតិ

0 5

ប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា(CCC) លោក គិត ម៉េង បាន​ស្នើ​ឱ្យ​រដ្ឋាភិបាលកម្ពុជា-វៀតណាម ពិនិត្យ​លទ្ធភាព​ក្នុង​ការ​បើកច្រកព្រំដែនទ្វេភាគី​ទាំងអស់ទៅជាច្រកព្រំដែនអន្តរជាតិ ដើម្បីសម្រួលដល់ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និងការឆ្លងកាត់របស់ប្រជាជន។

​ថ្លែង​ក្នុង​ «កិច្ចសន្ទនាធុរកិច្ចកម្ពុជា-វៀតណាម ឆ្នាំ២០២៦» ដែលរៀបចំដោយស្ថានទូតនៃសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំកម្ពុជា និងសមាគមធុរកិច្ចកម្ពុជា-វៀតណាម កាល​ពី​ថ្ងៃ​ទី​២២ ខែ​មេសា លោក គិត ម៉េង​ បាននិយាយ​​ថា កិច្ចសន្ទនានេះនឹង​ចូល​រួម​ចំណែក​យ៉ាង​ច្រើន​ក្នុង​ការ​ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី​រវាង​ប្រទេស​ទាំង ២ លើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគឱ្យកាន់តែស៊ីជម្រៅ​។ លោក​បន្ត​ថា បច្ចុប្បន្នវៀតណាមគឺជាដៃគូពាណិជ្ជកម្មចម្បងរបស់កម្ពុជាក្នុងតំបន់​អាស៊ាន និងជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតមួយរបស់កម្ពុជានៅលើពិភពលោក។

លោក​បាន​ថ្លែង​ថា៖​«​កិច្ច​សន្ទនា​នាថ្ងៃនេះ គឺជាចំណុចរបត់មួយ​ដែលមិនមែនគ្រាន់តែជាការចាប់ដៃគ្នាប៉ុណ្ណោះទេ ប៉ុន្តែគឺជាការពង្រឹងចំណងសេដ្ឋកិច្ច ការលើកកម្ពស់ពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគី និងការស្វែងរកច្រកចូលទីផ្សារកាន់តែទូលំទូលាយសម្រាប់ផលិតផលកម្ពុជា និងវៀតណាម»។

ទាក់​ទង​នឹងការ​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការទ្វេភាគី លោក គិត ម៉េង បាន​ថ្លែង​ថា៖​«​ខ្ញុំសូមសំណូម​ពរ​ដល់​រដ្ឋាភិបាលប្រទេសទាំងពីរ សូមបើកច្រកព្រំដែនទាំងអស់ទៅជាច្រកព្រំដែនអន្តរជាតិ ដើម្បីសម្រួលដល់ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និង ការឆ្លងកាត់របស់ប្រជាជន និង​សំណូមពរសម្រួលនីតិវិធីឆ្លងកាត់ព្រំដែន ដើម្បីកំណើនសេដ្ឋកិច្ច»។

ថ្លែង​ក្នុង​ពិធី​ខាង​លើ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បានឱ្យ​ដឹង​ថា ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាង​ប្រទេស​កម្ពុជា-វៀតណាម កំពុង​បង្ហាញ​ភាព​ល្អ​ប្រសើរ​លើគ្រប់វិស័យ។ ក្នុងក្របខ័ណ្ឌវិនិយោគឯកជន ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងភាគីវៀតណាម​បាននិងកំពុងជំរុញការបង្កើតភាពជាដៃគូយុទ្ធសាស្ត្រលើវិស័យសក្តានុពល ព្រមទាំងអនុវត្តប្រកបដោយប្រសិទ្ធភាពនូវរាល់កិច្ចព្រមព្រៀង និងអនុស្សារណៈនៃការយោគយល់គ្នា ដែលថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានចុះហត្ថលេខា សំដៅធានាឱ្យបាននូវផលប្រយោជន៍ជាអតិបរមា និងផ្តល់នូវភាពកក់ក្តៅជូនដល់វិនិយោគិន។

លោក​អះអាង​ថា៖​«​បរិយាកាសវិនិយោគជារួមនៅកម្ពុជា គឺមាន​ភាព​ល្អ​ប្រសើរ​តាម​រយៈ​ការប្រកាន់ខ្ជាប់នូវរបបវិនិយោគបើកចំហ និងសេរីដោយមិនមានការរើសអើង, សក្តានុពលធនធានធម្មជាតិដ៏សម្បូរបែបក្នុងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម, ការបើកទូលាយនៃទីផ្សារនាំចេញតាមរយៈប្រព័ន្ធអនុគ្រោះពន្ធ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានា»។

បន្ថែម​ពីលើ​នេះ លោក វុទ្ធី ក៏​បាន​ប្រាប់​ឱ្យ​វិនិយោគិន​វៀតណាមបង្កើន​ការ​ចាប់​អារម្មណ៍​ទៅ​លើ​វិស័យ​សក្តានុពលមួយចំនួននៅ​កម្ពុជា​ ដូចជា ការកែច្នៃជ័រកៅស៊ូ ការកែច្នៃស្វាយចន្ទី ការកែច្នៃដំឡូងមី និង​ការកែច្នៃស្រូវ ជាដើម។

ទិន្នន័យ​អគ្គ​នាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​(GDCE) ​ឱ្យ​ដឹង​ថា ក្នុង​ឆ្នាំ​២០២៥ លំហូពាណិជ្ជកម្ម​ទំនិញ​រវាង​កម្ពុជា-​វៀតណាម មាន​ទឹក​ប្រាក់​សរុប ៧,៧៩​ ពាន់​លាន​ដុល្លារ ថយ​ចុះ ១​% ​បើ​ធៀប​នឹង​​​ឆ្នាំ​២០២៤ ក្នុង​ចំនួន​នេះគឺ​​​កម្ពុជា​នាំ​​​ទៅ​វៀតណាម ៣,៧៣ ពាន់​លាន​ដុល្លារ កើនឡើង ០,៨​% ចំណែក​វៀតណាម​នាំ​មក​កម្ពុជាវិញ ៤,០៦ ពាន់​លានដុល្លារ ថយចុះ ២,៥%។ ប្រទេស​វៀតណាម គឺ​ជា​ដៃគូពាណិជ្ជកម្មធំជាង​គេ​ទី​៣ របស់​កម្ពុជា បន្ទាប់ពី​ប្រទេស​ចិន និង​អាមេរិក។

ដោយ​ឡែក​សម្រាប់​រយៈពេល ៣ខែ​ដើម​ឆ្នាំ​២០២៦ ការ​នាំ​ចេញ​នាំចូល​ទំនិញ​រវាងប្រទេស​ទាំង ២ មាន​ទឹក​ប្រាក់​សរុប ២,២៧ ពាន់​លាន​ដុល្លារ ថយចុះ ៣,២​% ​បើ​ធៀប​នឹង​រយៈ​ពេល​ដូចគ្នា​ក្នុង​​ឆ្នាំ​២០២៥។ ក្នុង​ចំនួន​នេះគឺ​​​កម្ពុជា​នាំ​​ទៅ​ប្រទេស​វៀតណាម ​១,២៤ ពាន់​លាន​ដុល្លារ ធ្លាក់ចុះ ១,៨​% ចំណែក​វៀតណាម​នាំ​មក​វិញ ១,០២ ពាន់​លានដុល្លារ ថយចុះ ៤,៨%​៕

 

ប្រភព៖ PostKhmer

Leave A Reply

Your email address will not be published.