ទិវារត់ប្រណាំងភ្នំពេញពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិ លើកទី១៤ ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦នេះ នឹងត្រូវរៀបចំឡើងកាន់តែពិសេស និងអធិកអធមជាងឆ្នាំៗមុនហើយវិញ្ញាសា២១គីឡូម៉ែត្រ ក៏បានផ្លាស់ប្តូរទិសដៅរត់ កាន់តែមានការទាក់ទាញ និងមានសុវត្ថិភាពសម្រាប់អ្នកចូលរួម ក្រោមការវាស់វែងផ្លូវយ៉ាងត្រឹមត្រូវដោយក្រុមជំនាញមកពីគណៈកម្មការម៉ារ៉ាតុងពិភពលោក។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានថ្លែងក្នុងសន្និសីទកាសែត កាលពីថ្ងៃទី ២៨ ខែមេសាថា ទិវារត់ប្រណាំងភ្នំពេញពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិនេះ ត្រូវបានអនុញ្ញាតឱ្យរៀបចំឡើង ដោយផ្តោតសំខាន់ទី១ ទៅលើការអបអរសាទរថ្ងៃចម្រើនព្រះជន្មសម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ដោយយើងបានធ្វើចំនួន១៣លើកមកហើយ ហើយឆ្នាំនេះ កាន់តែមានលក្ខណៈពិសេស។
លោកបញ្ជាក់ថា៖ «ឆ្នាំនេះ ជាឆ្នាំសំខាន់ និងពិសេស ព្រោះជាព្រះរាជឱកាសគម្រប់ខួប ៩០ យាងចូល ៩១ ព្រះវស្សារបស់ព្រះរាជពិធីចម្រើនព្រះជន្ម សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ អ៊ីចឹងគម្រប់ខួប ៩០ឆ្នាំនេះ យើងត្រូវធ្វើឱ្យធំ និងអធិកអធម ដោយយើងនឹងរៀបចំនូវកម្មវិធីពិសេសៗជាច្រើន ដោយមានទាំងការច្រៀងថ្វាយព្រះពរទាំងអស់គ្នា ដើម្បីញាំងព្រឹត្តិការណ៍រត់ប្រណាំងដ៏ធំប្រចាំឆ្នាំនេះ កាន់តែមានភាពអស្ចារ្យ និងទាក់ទាញថែមមួយកម្រិតទៀត»។

ជាមួយគ្នានេះ ការរៀបចំទិវារត់ប្រណាំងភ្នំពេញពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិ នៅតែប្រកាន់ភ្ញាប់នៅការងារមនុស្សធម៌ គឺការកៀរគរស្វែងរកថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផា ហើយព្រឹត្តិការណ៍នេះ ក៏ជាពេលវេលាដ៏សំខាន់ ក្នុងការផ្សព្វផ្សាយកេរ្តិ៍រាជធានីភ្នំពេញ ក៏ដូចជាកម្ពុយជា ទៅកាន់ឆាកអន្តរជាតិ ដូចបណ្ដាព្រឹត្តិការណ៍រត់ប្រណាំងប្រចាំរាជធានី និងទីក្រុងធំៗ នៅលើពិភពលោកដែរ ហេតុនេះការរៀបចំគ្រប់បែបយ៉ាង ត្រូវគោរពទៅតាមគោលការណ៍របស់គណៈកម្មការម៉ារ៉ាតុងពិភពលោក។
ជុំវិញការរៀបចំការប្រកួតនេះ លោក សែម ផល្លា នាយកប្រតិបត្តិរៀបចំការប្រកួតម៉ារ៉ាតុងនៅកម្ពុជា បានឱ្យដឹងថា ទិវារត់ប្រណាំងភ្នំពេញពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិ ឆ្នាំ២០២៦នេះ នៅតែរក្សាការរៀបចំ ៤វិញ្ញាសាដដែល គឺមានរត់ចម្ងាយ ២១គីឡូម៉ែត្រ, ១០គីឡូម៉ែត្រ, ៥គីឡូម៉ែត្រ និងរត់កម្សាន្ដ ២.៥គីឡូម៉ែត្រ ប៉ុន្តែអ្វីដែលប្លែក គឺនៅឆ្នាំនេះ មានការកែសម្រួលតម្រាយផ្លូវរត់មួយចំនួន ជាពិសេសការរត់ចម្ងាយ២១គីឡូម៉ែត្រ ដែលមិនមានការរត់ឆ្លងកាត់ស្ពានជ្រោយចង្វារ ដូចបណ្តាឆ្នាំមុនៗនោះទេ។
លោក សែម ផល្លា បានអះអាងថា ស្ថានភាពផ្លូវឆ្លងកាត់ស្ពានជ្រោយចង្វារបច្ចុប្បន្ននោះ មានចរាចរណ៍មមាញឹកខ្លាំង ពិបាកបិទផ្លូវ ហេតុនេះគណៈកម្មការរៀបចំ បានផ្លាស់ប្តូរផ្លូវរត់ ទៅតាមសំណើរបស់សាលាក្រុង គឺចេញដំណើរពីសួនច្បារវត្តបទុមវតី ទៅដល់ស្ពានជ្រោយចង្វារ ត្រូវបត់ស្ដាំរត់តាមផ្លូវមាត់ទន្លេ កាត់មុខព្រះបរមរាជវាំង រហូតដល់រង្វង់មូលសម្ដេចសង្ឃ ជួន ណាត បត់ឆ្វេង ដល់គល់ស្ពានទី១ (ស្ពាននាគ) ហើយបត់ស្ដាំ តាមណ្ដោយផ្លូវមាត់ស្ទឹង រហូតដល់ស្ពានឥន្ធនូ ត្រូវរត់ឆ្លងចូលកោះពេជ្រ រួចបន្ដរត់ឆ្លងស្ពានទៅកោះនរា រហូតដល់ចុងកោះ ទើបត្រឡប់មកវិញ និងបញ្ចប់នៅសួនច្បារវត្តបទុមវតី។
ជាមួយគ្នានេះ លោក សែម ផល្លា បានបញ្ជាក់ថា៖ «ក្រុមជំនាញរបស់គណៈកម្មការម៉ារ៉ាតុងពិភពលោក បានចុះវាស់វែងផ្លូវនេះរួចហើយ ដែលមានលក្ខណៈអំណោយផលល្អ ហើយគណៈកម្មការរៀបចំរបស់យើង និងភាគីពាក់ព័ន្ធ ក៏បានត្រៀមខ្លួនរៀបចំការប្រកួតនេះឱ្យបានល្អទាំងទៅលើសណ្តាប់ធ្នាប់ ការសង្គ្រោះបឋម និងការងារជាច្រើនទៀត ដើម្បីធានាឱ្យបាននូវសុខសុវត្ថិភាពដល់អ្នករត់ទាំងអស់គ្នា ព្រោះអ្វីដែលចង់បានបំផុតពីការប្រកួតនេះ គឺការផ្សព្វផ្សាយរាជធានីភ្នំពេញ និងកម្ពុជា ទៅកាន់ឆាកអន្តរជាតិ ហេតុនេះបើយើងរៀបចំបានល្អ កេរ្តិ៍ឈ្មោះរបស់យើង ក៏ល្អទៅតាមហ្នឹងដូចគ្នា»។
គិតមកដល់ពេលនេះ ទិវារត់ប្រណាំងភ្នំពេញពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិ លើកទី១៤ ឆ្នាំ២០២៦ មានអ្នកចុះឈ្មោះចូលរួមជាង ៣ពាន់នាក់ហើយ ក្នុងនោះមានបរទេសជិត ១ពាន់នាក់ ហើយនៅឆ្នាំនេះ គណៈកម្មការ បានប្ដេជ្ញាជំរុញឱ្យមានការចូលរួមយ៉ាងហោចពី ៥ពាន់ ទៅ ៦ពាន់នាក់ ដើម្បីអបអរសារទរព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ។ ហេតុនេះទាំងលោក វ៉ាត់ ចំរើន និងលោក សែម ផល្លា បានអំពាវនាវដល់ប្រជាពលរដ្ឋ មកចុះឈ្មោះឱ្យបានរួសរាន់ ដើម្បីគណៈកម្មការងាយស្រួលរៀបចំ ពិសេសត្រៀមសម្ភារៈផ្ដល់ជូនដល់អ្នកចុះឈ្មោះទាំងអស់គ្នា៕
ប្រភព: PostKhmer