តាកែវៈ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ បានប្រោសព្រះរាជទានព្រះរាជទ្រព្យចំនួន ២ ០០០ ដុល្លារអាមេរិកដល់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីផលិតជើងសិប្បនិម្មិតថ្មីមួយ សម្រាប់ជួយសម្រួលដល់ការដើររបស់កូនដំរីឈ្មោះ ឈូកឱ្យកាន់តែប្រសើរ។
កូនដំរី ឈូក ដែលស្ទើរតែបាត់បង់ជីវិតដោយសារអន្ទាក់ក្នុងព្រៃជ្រៅកាលពីឆ្នាំ ២០០៧បានប្រែក្លាយជាដំរីដ៏រឹងមាំ ហើយអស់រយៈពេលជិត ២០ឆ្នាំមកនេះ ឈូក មិនត្រឹមតែរស់រានមានជីវិតក្នុងទឹកដីនៃឧទ្យានសួនសត្វភ្នំតាម៉ៅប៉ុណ្ណោះទេ ប៉ុន្តែនាពេលនេះ ឈូកមានស្នាមញញឹម និងសេចក្តីសុខជាថ្មី ជាមួយជើងសិប្បនិម្មិតថ្មីស្រឡាង។
ក្រសួងកសិកម្មបានឱ្យដឹងនាថ្ងៃអាទិត្យ ទី២៦ ខែមេសានេះថា នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦នេះ ឈូក បានទទួលជើងសិប្បនិម្មិតថ្មីចំនួន ១គ្រឿង ដែលជាព្រះរាជអំណោយដ៏ថ្លៃថ្លាបំផុតពី សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។ ព្រះអង្គបានសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានព្រះរាជទ្រព្យចំនួន ២ ០០០ ដុល្លារ ដល់ក្រសួង សម្រាប់ផលិតជើងសិប្បនិម្មិតនេះឡើង។

ការមើលថែដំរី ឈូក ឱ្យមានសុខភាពល្អ និងមានលទ្ធភាពដើរបានធម្មតាវិញ គឺជាកិច្ចខំប្រឹងប្រែងរួមគ្នារវាង អគ្គនាយកដ្ឋានព្រៃឈើនិងសត្វព្រៃ នៃក្រសួងកសិកម្ម អង្គការសម្ព័ន្ធមិត្តសត្វព្រៃ(Wildlife Alliance) និងអ្នកថែទាំដែលនៅជាប់ជាមួយឈូកទាំងយប់ទាំងថ្ងៃ។
ក្រសួងបានអំពាវនាវដល់សាធារណជនទាំងអស់សូមបន្តចូលរួមគាំទ្រកិច្ចការអភិរក្សសត្វព្រៃ និងការងារថែទាំសត្វនៅឧទ្យានជាតិភ្នំតាម៉ៅ ដើម្បីរួមចំណែកជំរុញនិរន្តរភាពធនធានសត្វព្រៃរបស់យើង។
អង្គការសម្ព័ន្ធមិត្តសត្វព្រៃបានឱ្យដឹងថា ឈូក ដែលជាសត្វដំរីតែមួយគត់នៅកម្ពុជា ដែលមានជើងសិប្បនិម្មិត ត្រូវបានរកឃើញនៅក្នុងតំបន់អភិរក្សសត្វព្រៃនៃស្រែពក ក្នុងខេត្តមណ្ឌលគិរី ដោយជើងមានរបួសធ្ងន់ធ្ងរ ដោយសារជាប់អន្ទាក់ព្រានព្រៃនៅឆ្នាំ ២០០៧។ ការជាប់អន្ទាក់នេះបានធ្វើឱ្យ ឈូក បាត់បង់គ្រួសារ និងក្លាយជាសត្វដែលស្គមខ្លាំង។ ដោយមានការថែទាំ និងការគាំទ្រនៅមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ របួសដ៏ធ្ងន់ធ្ងរនៅលើជើងរបស់វាបានជាសះស្បើយ៕

ប្រភព: KhmerPost