តាមទ្រឹស្តីវិវត្តន៍ គេជឿថាពូជសត្វដែលបង្កើតកូនដោយមិនបាច់បង្កាត់ពូជនឹងត្រូវផុតពូជទៅថ្ងៃណាមួយ ដោយសារបាតុភូត Muller’s ratchet (ការប្រមូលផ្តុំឥតឈប់ឈរកាត់ជំនាន់នៃបម្រែបម្រួលហ្សែនដែលបង្កគ្រោះថ្នាក់)។ ទោះជាយ៉ាងណាក៏ដោយ ពូជសត្វដែលមានតែញីសុទ្ធដូចជា ត្រីអាម៉ាហ្សូន ម៉ូលី (Amazon molly) អាចរស់រានបាន ១០០,០០០ ឆ្នាំ និង សត្វល្អិតមីក្រូទស្សន៍ ប៊ូឌែលឡូយ រ៉ូទីហ្វ័រ (bdelloid rotifer) អាចរស់រានបានរាប់លានឆ្នាំ ។
ត្រីអាម៉ាហ្សូន ម៉ូលី ត្រីប្រភេទនេះបង្កើតកូនតាមរយៈដំណើរការ gynogenesis ដោយវាគ្រាន់តែយកទឹកកាមរបស់ត្រីឈ្មោលប្រភេទផ្សេងមកជម្រុញឱ្យពងញាស់ប៉ុណ្ណោះ រួចក៏ជម្រុះ DNA របស់ត្រីឈ្មោលនោះចោល ដើម្បីបង្កើតបានកូនស្រីដែលមានលក្ខណៈដូចមេបេះបិទ (Clone)។ ដើម្បីជួសជុលសែនដែលខូចខាត វាប្រើប្រាស់យន្តការ “ចម្លងនិងបិទភ្ជាប់” (Gene conversion) យ៉ាងខ្លាំងក្លា ដោយយកគំរូហ្សែនល្អៗទៅសរសេរបំពេញពីលើផ្នែកសែនដែលរងការខូចខាត ម្យ៉ាងទៀត ប្រភពដើមរបស់វាដែលកើតចេញពីការបង្កាត់កាត់រវាងត្រីពីរពូជខុសគ្នា ក៏បានផ្តល់ឱ្យវានូវភាពចម្រុះនៃសែនតាំងពីដំបូងទីផងដែរ។
សត្វល្អិតមីក្រូទស្សន៍នេះរក្សាសុខភាពហ្សែន និងភាពធន់ដ៏អស្ចារ្យរបស់វា ដោយការលួចយក DNA ដោយផ្ទាល់ពីមជ្ឈដ្ឋានជុំវិញខ្លួន និង ពីសត្វដទៃដែលមិនពាក់ព័ន្ធគ្នា ។
របកគំហើញទាំងនេះសបញ្ជាក់ឱ្យឃើញថា ការរួមភេទមិនមែនជាមធ្យោបាយតែមួយគត់ដើម្បីរក្សាសុខភាពប្រព័ន្ធសែន (Genome) ឱ្យល្អនោះទេ ការស្វែងយល់ពីរបៀបដែលពូជសត្វទាំងនេះប្រយុទ្ធប្រឆាំងនឹងការចុះខ្សោយនៃប្រព័ន្ធហ្សែន អាចនឹងផ្តល់ជាចំណេះដឹងដ៏មានតម្លៃសម្រាប់សុខភាពមនុស្សជាតិ និងការសិក្សាពីជំងឺនានាដែលបណ្តាលមកពីបម្រែបម្រួលសែន ដូចជាជំងឺមហារីកជាដើម ៕