ជីវិតរសាត់អណ្ដែតរបស់​ អឿន ស្រីណែត ពី​ជន​ភៀសសឹក​​មកដល់​ភ្នំពេញ

សម្រាប់អ្នកស្រី អឿន ស្រីណែត ក្លិនអាល់កុល និងទឹកសាប៊ូ​ ដែលភាយឡើងរាល់ថ្ងៃ គឺជាក្លិននៃជីវិតថ្មីដែល​អ្នកស្រី​បាន​ជ្រើសរើស។ វាជាក្លិនដែលខុសប្លែកទាំងស្រុងពីក្លិនផ្សែង​គ្រាប់​រំសេវ និងធូលីដីហុយ ដែលអ្នកស្រីបានឆ្លងកាត់ នៅ​ពេល​រត់ចេញ​ពី​ការ​ប្រយុទ្ធគ្នា​នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ។

ក្នុង​ដៃ​កាន់​​ដង​អំបោស អ្នកស្រី​កំពុង​​សម្អាត​នៅ​តាមបន្ទប់​នៅ​មន្ទីរ​ជាតិ​តេជោ​សន្តិភាព ជាទី​ដែលបានសង្គ្រោះ​មនុស្ស​ជា​ច្រើន​ចាប់តាំង​ពី​សម័យ​កូវីដ១៩​មក។ ប៉ុន្តែនៅក្នុងចិត្តអ្នកស្រីវិញ សន្តិភាពហាក់នៅឆ្ងាយសែនឆ្ងាយ ដរាបណាផ្ទះសម្បែង​និងភូមិកំណើតនៅឯស្រុកថ្មពួក នៅតែ​មាន​ហានិភ័យ​ខ្ពស់​ ខណៈដែល​​តំបន់​ព្រំដែនជាច្រើននៅតែស្ថិតក្រោមការហ៊ុំព័ទ្ធដោយលួសបន្លា​​និង​ទូរកុងតឺន័រ​របស់​ទ័ពឈ្លានពាន។

ចាប់តាំង​ពីផ្ទុះ​សង្គ្រាម​ជុំទី២ នៅ​ខែធ្នូ ឆ្នាំ​២០២៥ មក​ អ្នកស្រី​ អឿន ស្រីណែត បាន​រត់​ភៀស​ខ្លួន​ចេញពី​លំនៅឋាន​នៅភូមិ​ក្បាល​ទន្សោង ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ទៅរកទីមាន​សុវត្ថិភាពនៅ​ក្នុង​ស្រុក​ស្រីស្នំ ខេត្ត​សៀមរាប មកជាមួយ​នឹង​ក្រុម​គ្រួសារ​និង​អ្នក​ភូមិ​ជាច្រើន។

ទោះបីបាន​រត់​ចេញ​ឆ្ងាយ​ពី​តំបន់​រង​ការ​បាញ់​ផ្លោង​ពីភាគី​ថៃ​​ក៏ដោយ​ ក៏​នៅជំរំ​ភៀស​សឹកដែលមាន​ចម្ងាយ​រាប់សិប​គីឡូម៉ែត្រ​ពី​ព្រំដែន​ អ្នកស្រី​នៅ​តែ​មាន​ការ​តក់ស្លុត​ដោយ​បាន​ឮ​សំឡេង​ទម្លាក់​គ្រាប់​បែក​ពី​យន្តហោះថៃ​ដែល​បាន​កម្ទេច​ស្ពាន​​អូរជីក នៅ​ព្រំប្រទល់​ស្រុក​ស្រីស្នំ និង​ស្រុក​ចុងកាល់ ខេត្ត​ឧត្តរ​មាន​ជ័យ មិន​ឆ្ងាយ​ពី​ជំរំ​ភៀសសឹក។

ក្រោម​កិច្ច​ចរចារវាង​ថៃ​និង​កម្ពុជា តាម​រយៈគណៈកម្មការ​ព្រំដែន​ចម្រុះ​ទូទៅ (GBC) ២៧ធ្នូ និង​កិច្ច​ប្រជុំ​កម្រិត​រដ្ឋមន្ត្រីការបរទេស​​ត្រីភាគី កម្ពុជា, ថៃ, ចិន ដែលបាន​ឈាន​ដល់​បទ​ឈប់បាញ់​ថ្ងៃទី២៧ ខែធ្នូ ២០២៥, អ្នកស្រី​និង​គ្រួសារមិន​ទាន់​អាច​ត្រឡប់​ចូល​ទៅផ្ទះសម្បែង​ភ្លាមៗ​បាន​នោះ​ទេ ដោយសារតែ​ផ្ទះអ្នកស្រី​​​ស្ថិត​នៅតំបន់​ក្រហម​ដែល​ងាយ​រងគ្រោះ​ពី​ការ​ប៉ះទង្គិច និង​មាន​គ្រាប់​មិន​ទាន់​ផ្ទុះសល់​ពី​ការ​ប្រយុទ្ធគ្នាស្ថិត​នៅរាយប៉ាយ។

​ថ្មីៗ​នេះ អ្នក​ស្រុកពី​តំបន់អ្នកស្រី​បាន​ត្រឡប់​​ចូល​ទៅ​លំនៅឋាន​វិញជា​​បណ្ដើរៗ។ ចំណែក​អ្នកស្រី​ ស្រីណែត ក៏​បាន​​ចាកចេញពី​ជំរំ​ភៀស​សឹក​ដែរ ប៉ុន្តែ​មិន​មែន​ក្នុង​ទិសដៅ​តម្រង់​​ទៅ​ផ្ទះវិញ​ទេ គឺ​ក្នុង​ទិស​ដៅ​ទៅទីក្រុង​​​ភ្នំពេញ​ដើម្បី​ធ្វើ​​ជា​អ្នកសម្អាត​តាមផ្ទះ ​រក​ប្រាក់​ចំណូល​ផ្គត់​ផ្គង់​គ្រួសារ​។

អ្នកស្រី​និយាយតាមភាសា​បែន​អ្នក​បន្ទាយ​មាន​ជ័យ​​ថា៖ «ពេលសង្គ្រាម​ផ្ទុះ​ឡើង ខ្ញុំរត់​ទៅ​​នៅ​ជំរំ យើងបាត់​បង់​ទ្រព្យ​សម្បត្តិ អត់​ការងារ អត់​​​ប្រាក់​ចំណូល។ ថ្ងៃមួយ​ ខ្ញុំ​ឃើញ​​ក្រុមហ៊ុនមួយ​​ផ្សព្វផ្សាយ​ជ្រើស​រើស​ស្ត្រី​បម្រើការងារ​តាម​ផ្ទះ ខ្ញុំ​ក៏​បាន​ទាក់ទង់សួរ​ព័ត៌មាន។ ខាង​ក្រុមហ៊ុន​ឲ្យ​ខ្ញុំ​ឡើង​មក​ភ្នំពេញ តែ​ខ្ញុំ​គ្មាន​ប្រាក់​សូម្បី​សម្រាប់​​ធ្វើ​ដំណើរ​មក​ភ្នំពេញ ប៉ុន្តែ ​ខាង​ក្រុមហ៊ុន​ថា មិន​អីទេ​ខ្ញុំ​​ឡើង​មក​ភ្នំពេញមក​​ ក្រុមហ៊ុន​នឹង​ទូទាត់​ការ​ធ្វើ​ដំណើរ​តាម​ក្រោយ។ ខ្ញុំ​ក៏​បានមក​ធ្វើការ​តែ​ម្ដង»។

[img]

អស់​រយៈ​ពេល​ជិត​ ២ខែ​ហើយ​ដែល​អ្នកស្រីមក​រស់នៅ​ភ្នំពេញ បម្រើការងារ​ជា​អ្នកអនាម័យ​បោស​សម្អាត​នៅ​មន្ទីរពេទ្យ​ជាតិ​តេជោ​សន្តិភាព តាមរយៈ​ក្រុមហ៊ុនដែល​អ្នកស្រី​បាន​ទាក់ទង។ អ្នកស្រី​មាន​កូន​ ៣នាក់ ដោយ​កូនស្រី​ពៅទើប​មាន​អាយុជាង ២ឆ្នាំ។

រាល់​ប្រាក់​សន្សំ​បាន​ពីការងារ​បោស​សម្អាត អ្នកស្រី​តែងតែ​​ផ្ញើ​ទៅ​ស្រុក​ ដើម្បី​ផ្គត់ផ្គង់​ពួក​គេ រួមទាំង​ឪពុក​និង​ម្ដាយចាស​ជរា​​របស់​អ្នកស្រី​ផងដែរ។

អ្នកស្រីនិយាយថា៖ «ខ្ញុំ​នៅទីនេះ​មែន ប៉ុន្តែ​អារម្មណ៍​ខ្ញុំ​គិត​ដល់​ម៉ែ​ឪចាស់​​នៅផ្ទះ»។

ទោះ​បី​ជា​បទ​ឈប់​បាញ់​កើត​មាន​អស់​រយៈពេល​ជាង ៣ខែ​ហើយ​ក៏​ដោយ ប៉ុន្តែ​មិន​មែន​​​ជន​ភៀស​សឹក​ទាំង​អស់​សុទ្ធ​តែ​អាច​ត្រឡប់​ទៅវិញបាន​ភ្លាមៗ​នោះទេ។ តំបន់​មួយចំនួន​ស្ថិត​នៅ​ជាប់​នឹង​ព្រំដែន តំបន់​ខ្លះ​នៅ​មាន​គ្រាប់​មិន​ទាន់​ផ្ទុះ និង​គ្រាប់​បែក​ចង្កោម​នៅរាយប៉ាយ។ ប៉ុន្តែ តំបន់​មួយចំនួន ត្រូ​វ​បាន​យោធាថៃ​កាន់កាប់​ទាំង​ស្រុង​តែ​ម្ដង។

យោង​តាម​រដ្ឋបាល​ខេត្ត​បន្ទាយ​មាន​ជ័យ មាន​ភូមិ​ចំនួន​៦ នៅ​ក្នុង​ខេត្ត​នេះ​ត្រូវ​បាន​យោធា​ថៃហ៊ុំព័ទ្ធយក​ ដោយ​ដាក់​បន្លាលួស ដាក់ទូកុងតឺន័រ យកដីធ្លី ផ្ទះសម្បែង ដែល​រួម​មាន​ ភូមិជោគជ័យ ភូមិព្រៃចាន់ ស្ថិតនៅឃុំអូរបីជាន់ ស្រុកអូរជ្រៅ និង ភូមិសាមគ្គី ភូមិត្រពាំងសំរោង ភូមិផ្លូវីបំបែក និងភូមិបន្ទាយមានឫទ្ធិ ស្ថិតនៅឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

ទោះ​មមាញឹក​នឹង​ការ​ងារនៅ​ភ្នំពេញដើម្បី​​សន្សំប្រាក់​ អារម្មណ៍​របស់​​ស្ត្រី​អាយុ​​៤១ឆ្នាំ​រូប​នេះ តែង​តែស្ថិត​នៅ​ជាមួយ​គ្រួសារនិង​ឪពុក​ម្ដាយ​នៅ​ស្រុកជានិច្ច​ និង​តែង​តែ​​​ទន្ទឹងរង់ចាំ​ត្រឡប់​ទៅ​ផ្ទះ​វិញ ជួប​ជុំ​គ្រួសារ​ដ៏រីករាយ​ដូច​មុន​សង្គ្រាម។

អ្នកស្រីនិយាយ​ថា៖ «ខ្ញុំយើង​មិនដែលចង់​បានអី​ក្រៅ​ពីចង់​ឲ្យ​ថ្នាក់​ដឹកនាំ​ដោះស្រាយ​ ឲ្យ​យើង​បាន​ត្រឡប់​ទៅ​ផ្ទះសម្បែង​យើង​វិញ ចង់​បាន​ដី​ធ្លី​យើង​មក​វិញ មិន​ចង់​បានអី​លើស​ពី​នេះទេ។ ពេលខ្ញុំ​​បាន​មក​ធ្វើការ​នៅ​នេះ ខ្ញុំ​​សប្បាយចិត្ត ប៉ុន្តែ​អារម្មណ៍​នៅតែ​ភ័យខ្លាច​​ព្រោះ​មាន​​​ឪពុកម្ដាយចាស់​នៅ​ផ្ទះ»។

បច្ចុប្បន្ន​នេះ ពលរដ្ឋ​ខ្មែរ​ជាង ៣ម៉ឺន​៥ពាន់​នាក់ នៅ​​មិនទាន់អាច​ត្រឡប់​ទៅ​ផ្ទះសម្បែង​វិញ​បាន ដោយសារ​តែ​ផ្ទះរ​បស់​ពួក​គេ​ត្រូវ​បានយោធា​ថៃ​ឈូសឆាយ​កាន់កាប់ ខណៈ​អ្នកខ្លះ​ស្ថិត​នៅតំបន់​ក្រហម​មាន​គ្រាប់​មិនទាន់ផ្ទុះ​និង​គ្រាប់​បែក​ចង្កោម។

ខណៈ​ដែលប្រឹងធ្វើការនៅឯទីក្រុង អារម្មណ៍អ្នកស្រី ស្រីណែត កំពុងអណ្ដែតអណ្ដូងទៅរកកូនស្រីច្បងដែលជិតដល់ថ្ងៃចូលរោងការ។ អ្នកស្រីស្រមៃចង់ឃើញកូនស្រីគ្រងឈុតកូនក្រមុំនៅក្នុងផ្ទះដែលធ្លាប់មានសុភមង្គល មិនមែន​ដោយ​ការ​ភ័យ​ខ្លាច​នោះ​ទេ។ អ្នកស្រី​សប្បាយ​ចិត្ត​ដែល​​ទទួល​បានការ​អនុញ្ញាត​ពី​ក្រុមហ៊ុន​ឲ្យ​ត្រឡប់​ទៅ​រៀបចំ​បង្គលការ​កូនស្រី នៅ​មុន​ចូល​ឆ្នាំ​ខ្មែរ​ខាង​មុខនេះ៕

 

ប្រភព៖ PostKhmer

Comments (0)
Add Comment