សៀមរាប៖ នៅសិប្បករអង្គរ ការបង្កើតស្នាដៃសូត្រនីមួយៗផ្ដល់នូវគុណតម្លៃលើសពីការផលិតនូវផលិតផលមួយទៅទៀត។ វាគឺជាការបន្តនៃបេតិកភណ្ឌវប្បធម៌របស់កម្ពុជាដែលបង្កើតឡើងដោយបច្ចេកទេសដែលបានបន្សល់ទុកពីសិប្បករជំនាញជាច្រើនសតវត្សមកហើយ។
ដោយប្រើវិធីសាស្រ្តប្រពៃណីដែលគេជឿថាមានអាយុកាលជិតមួយពាន់ឆ្នាំមកហើយ សិប្បករអង្គរបន្តផលិតសូត្រត្បាញដោយដៃដែលឆ្លុះបញ្ចាំងពីសិប្បកម្មជាប់ទាក់ទងនឹងសម័យអង្គរ។
ចាប់ពីការចិញ្ចឹមដង្កូវនាងរហូតដល់ការបង្វិល ការជ្រលក់ពណ៌ និងការត្បាញ ដំណើរការទាំងមូលធ្វើតាមការអនុវត្តដែលមានអាយុកាលយូរលង់ណាស់មកហើយ ដែលផ្តល់អាទិភាពដល់គុណភាព ការអត់ធ្មត់ និងភាពត្រឹមត្រូវជាជាងល្បឿន។
អ្នកស្រី ពេជ្រ សុភាព នាយិការងផ្នែកផលិតកម្មសូត្រ នៃកសិដ្ឋានសូត្រ សិប្បករអង្គរ (Artisans Angkor) បានឱ្យដឹងថា កសិដ្ឋានសូត្រនេះមានទីតាំងស្ថិតនៅភូមិប្រយុទ្ធ ឃុំពួក ស្រុកពួក ខេត្តសៀមរាប និងជាមជ្ឈមណ្ឌលសំខាន់មួយក្នុងការអភិរក្ស និងបន្តបេតិកភណ្ឌសូត្រខ្មែរ។
[img]
អ្នកស្រីបានបញ្ជាក់ថា៖ «បច្ចុប្បន្ន កសិដ្ឋានសូត្រសិប្បករអង្គរ មានបុគ្គលិកសរុបចំនួន ១៩១ នាក់ ក្នុងនោះមានបុរស ១១ នាក់ និងស្ត្រី ១៨០ នាក់ ដែលភាគច្រើនជាប្រជាពលរដ្ឋរស់នៅតំបន់ជនបទជុំវិញស្រុកពួក»។
អ្នកស្រីបានបន្ដថា៖ «នៅទីតាំងនេះ សិប្បករអង្គរ ផលិតផលិតផលសូត្រជាច្រើនប្រភេទ រួមមាន សម្លៀកបំពាក់ កាបូប ក្រមា និងវត្ថុអនុស្សាវរីយ៍ផ្សេងៗ ដែលសុទ្ធសឹងជាផលិតផលធ្វើដោយដៃ និងគោរពតាមបច្ចេកទេសប្រពៃណី»។
អ្នកស្រី សុភាព បានពន្យល់ថា ចង្វាក់ផលិតកម្មនៅកសិដ្ឋានសូត្រ ចាប់ផ្តើមពីការដាំមន ការចិញ្ចឹមដង្កូវនាង ការស្រាវសរសៃសូត្រ រហូតដល់ការតម្បាញជាផលិតផលសម្រេច។ ចំណុចពិសេសរបស់សិប្បករអង្គរ គឺការចិញ្ចឹមដង្កូវនាង ដែលប្រើរយៈពេលរហូតដល់ ៤៧ ថ្ងៃ ទើបអាចទទួលបានសរសៃសូត្រដែលមានគុណភាពល្អ។
បន្ទាប់ពីដំណាក់កាលស្រាវសរសៃសូត្រ កសិដ្ឋានមានសរសៃសូត្រពីរប្រភេទ។ ប្រភេទទីមួយ គឺសរសៃសូត្រគ្រើម សម្រាប់ធ្វើជាក្រមាជួតក្បាល ផាមួង កាត់ជាសម្លៀកបំពាក់ និងកាបូប។
[img]
ប្រភេទទីពីរ គឺសរសៃសូត្រមាស ដែលមានសរសៃល្អិតតូចឆ្មារ ប្រើសម្រាប់ធ្វើផាមួងលាត និងក្រមា ដែលត្រូវបានគេចាត់ទុកថាជាសូត្រមានតម្លៃខ្ពស់។
អ្នកស្រីបានឱ្យដឹងថា៖ «ផលិតផលមួយប្រភេទ ចាប់ពីដំណាក់កាលចិញ្ចឹមដង្កូវនាង រហូតដល់ក្លាយជាផលិតផលប្រើប្រាស់បាន ត្រូវការរយៈពេលជាង ២ ខែ ទើបបញ្ចប់»។
ផលិតផលសូត្ររបស់សិប្បករអង្គរ ត្រូវបានដាក់តាំង និងលក់នៅហាងរបស់ស្ថាប័ននេះនៅខេត្តសៀមរាប រាជធានីភ្នំពេញ ព្រលានយន្តហោះសៀមរាប ព្រលានយន្តហោះភ្នំពេញ និងតាមចំណុចលក់មួយចំនួនទៀត រួមទាំងនៅជិតប៉ុស្តិ៍ប្រៃសណីយ៍ផងដែរ។
កសិដ្ឋានសូត្រសិប្បករអង្គរ បើកទូលាយឱ្យភ្ញៀវចូលទស្សនាដោយសេរី ដោយមិនគិតថ្លៃ មិនថាជាភ្ញៀវបរទេស ឬប្រជាជនខ្មែរឡើយ។
[img]
អ្នកស្រីបានឱ្យដឹងថា កន្លងមក ភ្ញៀវបរទេសជាក្រុមភាគច្រើនដែលមកទស្សនា និងទិញផលិតផល ខណៈប្រជាជនខ្មែរច្រើនមិនទាន់ដឹងពីទីតាំងនេះ។ ទោះជាយ៉ាងណា បច្ចុប្បន្ន មានប្រជាជនខ្មែរច្រើនឡើង មកទស្សនា និងទិញវត្ថុអនុស្សាវរីយ៍ពីកសិដ្ឋានសូត្រនេះ។
អ្នកស្រី សុភាព បានអះអាងថា សូត្រនៅទីនេះមានគុណភាពខ្ពស់ សរសៃសូត្រភ្លឺថ្លា និងផលិតផលដែលផលិតចេញមានស្តង់ដារល្អ ហើយអាចធានាបានថា ផាមួង ឬហូល អាចប៉ះទឹកបាន។
ជាមួយគ្នានេះ អ្នកស្រីបានអំពាវនាវឱ្យប្រជាជនខ្មែរ មកទស្សនាកសិដ្ឋានសូត្រសិប្បករអង្គរ នៅស្រុកពួក ដែលមានចម្ងាយប្រហែល ១៣ គីឡូម៉ែត្រ ពីក្រុងសៀមរាប និងស្នើឱ្យជួយគាំទ្រផលិតផលខ្មែរ ដែលជាស្នាដៃរបស់កូនខ្មែរ និងជាបេតិកភណ្ឌដែលធ្លាប់បាត់បង់អស់រយៈពេលយូរ។
អ្នកស្រីបានបញ្ជាក់ថា កសិដ្ឋានសូត្រសិប្បករអង្គរ ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ ១៩៩២ នៅស្រុកពួក ខេត្តសៀមរាប ហើយស្នើសុំឱ្យភ្ញៀវទេសចរ និងប្រជាជនទាំងក្នុង និងក្រៅប្រទេស ជួយគាំទ្រ និងទិញផលិតផលសូត្រខ្មែរ ដើម្បីចូលរួមថែរក្សា និងបន្តមរតកវប្បធម៌ជាតិឱ្យនៅរស់រវើកបន្តទៅអនាគត៕
[img]
[img]
[img]
[img]
[img]
[img]
ប្រភព៖ PostKhmer