សៀវភៅ​ម្ហូប​ខ្មែរ The Taste of Angkor ឈ្នះ​ពានរង្វាន់​ម្ហូប​កំពូល​នៅ​អារ៉ាប៊ីសាអូឌីត​

​ភ្នំពេញ៖ បេតិកភណ្ឌ​ម្ហូប​របស់​កម្ពុជា​ទទួលបាន​ការសរសើរ​ពី​អន្តរជាតិ ខណៈដែលសៀវភៅ​មុខ​ម្ហូប​ The Taste of Angkor «​កេរដំណែលស្នាដៃម្ហូបខ្មែរ វគ្គ១» និង​ «កេរដំណែលស្នាដៃម្ហូបខ្មែរ វគ្គ​២» ត្រូវបាន​ទទួលពានរ​ង្វាន់ «Best of the Best – Cambodia» ដ៏​មាន​កិត្យានុភាព​នៅក្នុង​ពានរង្វាន់​ម្ហូប​ឆ្ងាញ់​ពិសារ​ល្អ​បំផុត​ប្រចាំឆ្នាំ ១៩៩៥-២០២៥ ដែល​បាន​ប្រារព្ធ​ឡើង​ក្នុងអំឡុងពេល​ពិធីបុណ្យ​ម្ហូប​អា​រ៉ា​ប៊ី​សា​អូឌីត​ចាប់ពី​ថ្ងៃទី ២៧-៣០ ខែវិច្ឆិកា​។​

ព្រឹត្តិការណ៍​នេះ​បាន​ទាក់ទាញ​អ្នកចូលរួម​មកពី​ប្រទេស​ប្រមាណ ២០០ ដោយ​បង្ហាញ​ពី​ម្ហូបអាហារ​ដ៏​សម្បូរបែប​របស់កម្ពុជា​នៅលើ​ឆាក​ពិភពលោក​។​

សៀវភៅ​ធ្វើ​ម្ហូប​ពីរ​ក្បាល ដែល​បោះពុម្ពផ្សាយ​ដោយ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ គឺជា​សមាសធាតុ​សំខាន់ៗ​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​ផ្នែក​ការទូត​ម្ហូបអាហារ​ដ៏​ទូលំទូលាយ​របស់​កម្ពុជា​។​

សៀវភៅ​នេះ​ត្រូវបាន​ចេញផ្សាយ​ដោយ​លោក ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ការបោះពុម្ព​លើកទីមួយ​បានចាប់ផ្តើម​នៅ​ឆ្នាំ ២០២១ បន្ទាប់មក​លើក​ទី​ពីរ​នៅ​ឆ្នាំ ២០២៥ ដោយមាន​គោលបំណង​ផ្សព្វផ្សាយ​ម្ហូប និង​បង្អែម​ខ្មែរ​បុរាណ​នៅលើ​ឆាក​អន្តរជាតិ​។​លោកស្រី ជ្រឹង បុទុមរង្សី រដ្ឋលេខាធិការ​ក្រសួង​ការបរទេស ទទួលបន្ទុក កិច្ច​សហប្រតិបត្ដិការ​ទ្វេរ​ភាគីរវាង​កម្ពុជា និង​បណ្ដា​ប្រទេស​នៅអឺរ៉ុប និង​ការ​ទូត​សេដ្ឋកិច្ច កីឡា និង​ទេសចរណ៍ បានឱ្យដឹងថា ពានរង្វាន់មុខម្ហូប​នេះ​ត្រូវបាន​ទទួលស្គាល់ជា​ស៊េរី​ ដែល “The Taste of Angkor» វគ្គមួយ​ និង “The Taste of Angkor 2” ត្រូវបាន​តាក់តែង​ឡើង​យ៉ាង​ល្អិត​ល្អន់ និង​ល្អ​ឥតខ្ចោះ ដោយ​បង្ហាញ​ពី​មុខ​ម្ហូប​ខ្មែរ​ជាមួយ​ភាព​សម្បូរ​បែប រួមទាំង​តំណាង​ឱ្យ​ប្រពៃណី​ជាតិ និង​វប្បធម៌ ជាពិសេស ផ្ដល់​អត្ថប្រយោជន៍​ចំពោះ​សុខភាព។

លោកស្រី​បានថ្លែងថា​៖ «​មុខ​ម្ហូប​ទាំង​នេះ​មិនមែនជា​ការ​ចងក្រង​ថ្មី​នោះទេ។ វាជាការស្រាវជ្រាវ​មុខម្ហូប​កេរតំណែង​របស់​ខ្មែរ​យើង​ ដែលមាន​ប្រវត្ដិ​យូរលង់​ណាស់​មកហើយ​ ហើយ​ជីដូនជីតា​យើង​តែងតែ​ប្រើ​ប្រាស់​គ្រឿង​ផ្សំ​ជួយ​ដល់​សុខភាព​»។

[img]

សៀវភៅ​មុខ​ម្ហូប​ខ្មែរ The Taste of Angkor ត្រូវបាន​ធ្វើឡើង​ជាមួយយុទ្ធសាស្ដ្រ​​ «​ការ​ទូត​សេដ្ឋកិច្ច​» របស់​ក្រសួង​ការ​បរទេស និង​សហប្រតិបត្ដិការ​អន្ដរជាតិ ក្នុង​ឆ្នាំ​២០២១​ ជាផ្ដោតលើ​ពាណិជ្ជកម្ម សេដ្ឋកិច្ច និង​ការ​វិនិយោគ​ និង​ការ​អភិវឌ្ឍ​សង្គមជាដើម​។

ចំពោះ​ទំនាក់ទំនងការទូត​នៃភាព​ទន់ កម្ពុជា​ប្រើ​យុទ្ធសាស្ដ្រ «Culinary Diplomacy» ជាចំណុច​ចាប់់ផ្ដើម​ដើម្បី​ផ្សព្វផ្សាយ​ទៅកាន់​អន្ដរជាតិ​។

លោកស្រី ជ្រឹង បុទុមរង្សី បាន​ប្រាប់​ភ្នំពេញប៉ុស្ដិ៍ថា​៖ «​នៅពេល​ភ្ញៀវ​ទទួលបានអាហាររសជាតិ​ឆ្ងាញ់ ពួកគេ​នឹង​ចងចាំ​ពី​ម្ហូប​ខ្មែរ និង​ស្គាល់​ខ្មែរ​នៅ​ឯណា​ មិនខុសពី​បរទេស​ស្គាល់​អង្គរវត្ដ​ដែរ​»។

នេះជាមូលហេតុដែល​កម្ពុជា​ចងក្រង​សៀវភៅ​ម្ហូប​នេះ​ឡើង ដើម្បី​ឱ្យ​អ្នក​ការ​ទូត​យក​សៀវភៅ​នេះ​ទៅ​ផ្សព្វផ្សាយ​ជា​ចំណុច​ចាប់ផ្ដើម​ទំនាក់ទំនង​ជាមួយ​បរទេស​ រួច​បន្ដ​ទៅ​ទំនាក់ទំនង​ពាណិជ្ជកម្ម វិនិយោគ​ជាដើម​។

លោកស្រី​បាន​បញ្ជាក់ថា រាល់​មុខម្ហូប​សុទ្ធ​តែ​ត្រូវបាន​រៀបចំឡើង​យ៉ាង​សម្រិត​សម្រាំង​សម្រាប់​ទទួល​ទាន​ជាជនជាតិ​ខ្មែរ​ផង និង​បរទេស​ផង​ ដោយ​លើក​ឧទាហរណ៍ថា បរទេស​អាច​ទទួលទាន​ប្រហុក​ខ្ទិះ តែ​ពិបាក​ទទួលទាន​ប្រហុក​ឆៅ​។

លោកស្រី​បានថ្លែងថា​៖ «​សៀវភៅ​យើង​ទាំងវគ្គមួយ និង​វគ្គពីរ​បាន​ទទួល​ស្គាល់​ដោយ​អន្ដរជាតិ​បាន​ច្រើន​។ សរុបមក សៀវភៅ​នេះ​បាន​ទទួល​ពានរង្វាន់​ចំនួន ៥​ ហើយ​ ហើយ​យើង​នៅតែបន្ដផ្សព្វផ្សាយ​បន្ថែម​ទៀត ជាពិសេស​ពេល​ទៅក្រៅប្រទេស យើង​ជូន​​ជាកាដូ​ដល់​ភ្ញៀវ​បរទេស​តែម្ដង​»។

ប្រជាជន​ខ្មែរ​គ្រប់រូប​ចាក់​ឫសគល់​ពី​ម្ហូប​ខ្មែរ​តាំងពី​ក្រអៅបេះដូង​ តាំងពី​កំណើត​មក​ ដោយ​ការ​ទទួល​ទាន​ម្ហូប​ខ្មែរ​ជាទម្លាប់​ប្រចាំថ្ងៃ​នៅ​ផ្ទះ​។

លោកស្រី​មានមោទនភាព​ចំពោះ​ពលរដ្ឋ​ខ្មែរ​ដែល​តែងតែ​លើក​ស្ទួយ​មុខម្ហូប​ខ្មែរ​ដោយ​ភាព​ស្ងៀមស្ងាត់​ពី​ទម្លាប់​ប្រចាំថ្ងៃ​។

លោកស្រី បុទុមរង្សី ​បាន​និយាយថា​៖ «​ម្ហូប​ជាប្រចាំរបស់​យើង​គឺជា​ម្ហូប​ខ្មែរ​។ ប៉ុន្ដែ​ពេល​ពួកគាត់​ចង់​សាក​អ្វី​ថ្មីបន្ថែម ពួកគាត់​អាច​ទៅ​រក​ម្ហូប​បារាំង ម្ហូប​អ៊ីតាលី ម្ហូប​វៀតណាម​ចឹងទៅ​។ ជាក់ស្ដែង ពួកគាត់​ប្រកាន់ភ្ជាប់​នូវ​ការ​ទទួលទាន​ម្ហូប​ខ្មែរ​។ សួរមើលថា នរណា​មិន​ស្គាល់​សម្ល​កកូរ នរណា​មិន​ស្គាល់​ប្រហុក​អាំង នរណា​មិនស្គាល់​សាច់គោ​ឡូកឡាក់​»៕

 

ប្រភព៖ PostKhmer

Comments (0)
Add Comment