ពិធី​បុណ្យ​អាល្លឺម៉ង់ Oktoberfest កម្ពុជា ​​កម្មវិធីកម្សាន្ដសប្បាយ ពង្រឹង​មិត្តភាព​អាល្លឺម៉ង់​-​កម្ពុជា​

ភ្នំពេញ៖ ស្មារតី​នៃ​រដ្ឋសហព័ន្ធ​អាល្លឺម៉ង់​ ​បា​វ៉ា​រៀ ​បានបង្កើត​បរិយាកាស​សប្បាយ​រីករាយ​​នៅ​ទីក្រុង​ភ្នំពេញ​កាលពី​ចុង​សប្តាហ៍ ខណៈដែលពិធីបុណ្យ​ស្រាបៀរ​ Oktoberfest កម្ពុជា ឆ្នាំ​២០២៥ បាន​ប្រមូលផ្តុំ​ភ្ញៀវ​រាប់រយ​នាក់​ក្នុងការ​អបអរសាទរ​វប្បធម៌ និង​មិត្តភាព​អាល្លឺម៉ង់​យ៉ាង​រស់​រវើក​។​

​ពិធីបុណ្យ​ប្រចាំ​ឆ្នាំនេះ​ត្រូវបាន​រៀបចំឡើង​នៅ​ថ្ងៃទី​២៤ និង​២៥ ខែតុលា នៅ​ Connexion នៅ​​កោះ​ពេជ្រ ជា​​ពិធី​​សំខាន់​​​ក្នុងការ​ផ្លាស់ប្តូរ​វប្បធម៌ និង​អាជីវកម្ម​រវាង​កម្ពុជា និង​អាល្លឺម៉ង់​។​

​ក្រោម​អធិបតីភាព​​​លោក Stefan Messerer ឯកអគ្គរដ្ឋទូត​អាល្លឺម៉ង់​ប្រចាំ​នៅ​កម្ពុជា ពិធីបុណ្យ​ស្រាបៀរ​ Oktoberfest កម្ពុជា ​​បាន​ដំណើរការ​​រយៈពេល​ពីរ​ថ្ងៃជា​ផ្លូវការ​។​

​​អ្នករៀបចំ​កម្មវិធី​ម្នាក់​​បាន​ឱ្យ​​ដឹងថា៖ «​​ដោយមាន​អ្នកចូលរួមបានលើកកែវស្រាបៀរឡើងជាសញ្ញានៃមិត្តភាពពោរពេញដោយភាពរីករាយជាទីបំផុត ភ្ញៀវកិត្ដិយស ​រួមទាំង​ថ្នាក់ដឹកនាំ​អាជីវកម្ម និង​សមាជិក​នៃ​សហគមន៍​អន្តរជាតិ ​បាន​ប្រារព្ធ​ឡើង​ក្នុង​ស្មារតី​សាមគ្គីភាព និង​សុច្ឆន្ទៈ​»។​

​រយៈពេល​ពីរ​ថ្ងៃ អ្នក​ចូលរួមបាន​រីករាយ​ជាមួយ​តន្ត្រី​អាល្លឺម៉ង់ និង​អូទ្រីស​ពិតប្រាកដ​ដែល​ស​ម្តែ​ង​ដោយ​ក្រុម​តន្ត្រី Ozapft ​សមាជិក​ប្រាំមួយ​នាក់ ជាមួយ​ការ​​បង្កើត​បរិយាកាស​បា​វ៉ា​រៀ​ដ៏​រស់​រវើក​ឡើងវិញ​។​

​ពួកគេ​បាន​និយាយថា អាហារ និង​ស្រា​បៀរ​ប្រពៃណី​ដែល​ផលិត​តាម​ស្តង់ដារ​អាល្លឺម៉ង់​ដោយ​ក្រុមហ៊ុន​ក្នុងស្រុក​បាន​​ឆ្លុះបញ្ចាំង​ពី​វត្តមាន​កាន់តែខ្លាំង​ឡើង​នៃ​ស្តង់ដារ​ធ្វើ​ម្ហូប​អន្តរជាតិ​នៅក្នុង​ប្រទេស​កម្ពុជា​។​

​លោក Tassilo Brinzer ប្រធាន​សមាគម​ពាណិជ្ជកម្ម​អាល្លឺម៉ង់​នៅ​កម្ពុជា (GBC) បានថ្លែង​ថា ពិធីបុណ្យស្រាបៀរ​​នេះ​បាន​វិ​វត្ត​ទៅជា​ច្រើនជាង​ពិធីបុណ្យ​វប្បធម៌​។​

លោក​បាន​និយាយថា​៖ «Oktoberfest Cambodia បានក្លាយជាពិធីបុណ្យប្រចាំឆ្នាំដ៏សប្បាយរីករាយ ដែលមិនត្រឹមតែជួយផ្សព្វផ្សាយវប្បធម៌អាល្លឺម៉ង់ទេ ប៉ុន្តែជួយពង្រឹងទំនាក់ទំនងមិត្តភាព និងភាពជាដៃគូរវាងប្រទេសកម្ពុជា និងអាល្លឺម៉ង់។ យើងមានសេចក្ដីរីករាយយ៉ាងខ្លាំងដែលមានកាចូលរួមយ៉ាងច្រើនពីសាធារណជន និងដៃគូអាជីវកម្មជាច្រើន»។

​ក្រៅពី​តន្ត្រី និង​ស្រា​បៀរ ពិធីបុណ្យស្រាបៀរ​​នេះ​ក៏បាន​បម្រើ​ជា​វេទិកា​សម្រាប់​ការទូត​វប្បធម៌ និង​បណ្តាញ​អាជីវកម្ម​ផងដែរ​។​

​ភ្ញៀវ​បាន​ចូលរួម​ក្នុងការ​ប្រកួតប្រជែង​លើ​ឆាក វគ្គ​ថតរូប និងវីដេអូបែបសប្បាយៗ ខណៈពេលដែល​អាជីវ​កម្មបាន​ភ្ជាប់​ទំនាក់ទំនង​គ្នា​ក្នុង​បរិយាកាស​សម្រាកកាយ ដែល​បានបង្ហាញ​ពី​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់ GBC ក្នុងការ​លើកកម្ពស់​កា​រ​វិនិយោគ និង​ភាពជា​ដៃគូ​ដែលមាន​ទំនួល​ខុសត្រូវ​នៅក្នុង​ប្រទេស​កម្ពុជា​។​

សមាគមអាជីវកម្មអាល្លឺម៉ង (GBC) បង្កើតឡើងនៅក្នុងឆ្នាំ២០០៣ ហើយបានក្លាយជាតំណាងដ៏រឹងមាំមួយនៃធុរកិច្ចអ៊ឺរ៉ុបនៅកម្ពុជា និងជាវិសាលភាពដ៏សំខាន់នៃ សភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា (EuroCham Cambodia) និងសហគមន៍អាជីវកម្មអន្តរជាតិ។

សកម្មភាពរបស់ GBC គឺគាំទ្រយ៉ាងសកម្មនូវមហិច្ឆតារបស់ប្រទេសក្នុងការរីកចំរើននិងក្លាយទៅជាសេដ្ឋកិច្ចដែលមានប្រាក់ចំណូលមធ្យម និងខ្ពស់នៅឆ្នាំ ២០៥០ តាមរយៈភាពជាដៃគូជាមួយស្ថាប័នអាល្លឺម៉ង់ដូចជា GIZ, KAS និងអង្គភាពជាច្រើនទៀត ទាំងក្នុងស្រុក និងអន្តរជាតិ៕

 

ប្រភព៖ PostKhmer

Comments (0)
Add Comment