ក្រោយ​ខកខាន​ជាច្រើន​ឆ្នាំ សិល្បករពីររូប​ជួប​គ្នា​ក្នុង​ពិព័រណ៍​តែមួយ​ឆ្លុះបញ្ចាំង​ការចងចាំ​ពី​កុមារភាព

ភ្នំពេញ៖ វិចិត្រករ នុត ដារ៉ូ និង​ធុន ឌីណា បាន​ជួបជុំគ្នា​វិញ​បន្ទាប់ពីខកខាន​ជា​​ច្រើន​ឆ្នាំ​ដើម្បី​បង្ហាញ «ផ្លាស់ប្ដូរ​»​ ​ជា​ការ​តាំង​ពិព័រណ៍​​ថ្មី​ដ៏​គួរឱ្យ​ទាក់ទាញ​មួយ​នៅឯ​វិចិត្រសាល Rosewood Phnom Penh​។

ស្នាដៃ​ទាំង​នេះ​បង្ហាញ​​ការផ្លាស់ប្តូរ​ផ្ទាល់ខ្លួន និង​ការផ្លាស់ប្តូរ​សង្គម ​​ដោយ​ការឆ្លុះបញ្ចាំង​រួមគ្នា​របស់​ពួកគេ​លើ​ការចងចាំ​កុមារភាព និង​ការ​វិវត្ដន៍​ទៅ​ជា​​មនុស្សពេញវ័យ​​​។​

​គំនិត​សម្រាប់​ការតាំងពិព័រណ៍​នេះ​បានកើត​ចេញពី​ការសន្ទនា​សាមញ្ញ​មួយ​រវាង​វិចិត្រករ​កម្ពុជា​ទាំង​ពីររូប ដោយនឹក​គិត​ដល់​​បទពិសោធន៍​ដំបូង​របស់​ពួកគេ​ឡើងវិញ និង​ប្រៀបធៀប​ពួកគេ​ទៅនឹង​សម័យ​បច្ចុប្បន្ន​។​

​លោក ឌី​ណា ដែល​បានរួម​ចំណែក​គំនូរ​ចំនួន ២០​ ផ្ទាំង​ដល់​ការប្រមូលផ្ដុំ ​បាន​ពន្យល់ថា៖ «​​ខ្ញុំ និង ដារ៉ូ​ បាន​ជួបគ្នា​។ យើង​បាន​និយាយ​អំពី​របៀប​ដែល​អ្វីៗ​បាន​ផ្លាស់ប្តូរ​ចាប់តាំងពី​យើង​នៅ​ក្មេង​។ យើង​បាន​ប្រៀបធៀប​រឿង​រ៉ាវ​ទាំង​នោះ​​ទៅនឹង​បច្ចុប្បន្ន​»​​។​

​អ្វីដែល​បានចាប់ផ្តើម​ជាការ​ផ្លាស់ប្តូរ​អនុស្សាវរីយ៍​បាន​វិ​វត្ត​យ៉ាង​ឆាប់រហ័ស​ទៅជា​ការទទួលស្គាល់​កាន់តែ​ស៊ីជម្រៅ​អំពី​ការពិត​ផ្ទុយគ្នា​រវាង​អតីតកាល និង​បច្ចុប្បន្ន។

វា​​មិន​ត្រឹមតែ​នៅក្នុង​ជីវិត​របស់​ពួកគេ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​នៅក្នុង​សង្គម​កម្ពុជា និង​បរិស្ថាន​ផងដែរ​។ អារម្មណ៍​នៃ​ភាព​ប្រែ​ប្រួល​​ឥតឈប់ឈរ​​ដោយសារ​ពេល​វេលា និង​កាលៈទេសៈ បាន​ក្លាយជា​កម្លាំងចលក​រ​នៅ​ពីក្រោយ​កិច្ចសហការ​របស់​ពួកគេ​។​

​ទោះបី​ជាមាន​វិធីសាស្ត្រ​សិល្បៈ​ខុសៗ​គ្នា​ក៏ដោយ វិចិត្រករទាំងពីរ​​បាន​រកឃើញ​ចំណុចរួម​នៅក្នុង​មហិច្ឆតា​រួម និង​ការ​ផ្តោត​អារម្មណ៍​​លើ​ប្រធានបទ​របស់​ពួកគេ​។​

[img]

លោក ​ឌី​ណា ​បាន​បញ្ជាក់ថា៖ «​យើង​គិតថា ​យើង​គួរតែ​ធ្វើការ​តាំងពិព័រណ៍​អំពី​ការផ្លាស់ប្តូរ​​ ពីព្រោះ​យើង​មាន​រចនាប័ទ្ម​ខុសៗ​គ្នា ប៉ុន្តែ​យើង​មាន​គោលដៅ​ដូចគ្នា​»។​

​លោក​បាន​ពន្យល់​លម្អិត​អំពី​មហិច្ឆតា​រួម​របស់​ពួកគេ​ថា៖ «​​ចូរ​និយាយថា​ គាត់ និង​ខ្ញុំ​ចង់​ក្លាយជា​វិចិត្រករ​ដែល​ត្រូវ​បាន​គេ​ទទួល​ស្គាល់​។ នេះ​គឺជា​គោលដៅ​ដូចគ្នា​។ យើង​ក៏បាន​សម្រេចចិត្តថា​ វា​មិន​អី​ទេ​ក្នុង​ការដាក់​ប្រធានបទ​ (ផ្លាស់​ប្ដូរ​) ពោលគឺ​យើង​ព្យាយាម​ផ្លាស់ប្តូរ​ដើម្បី​កាន់តែ​ប្រសើរឡើង​តាម​គោលដៅ​របស់​យើង»​។​

លោក ​ឌី​ណា បាន​និយាយ​ថា​៖ «​គំនិត​របស់ខ្ញុំ​គឺថា យើង​ម្នាក់ៗ​មាន​ក្តី​សុបិន គ្រាន់តែ​ជា​ក្តី​សុបិន​ខុសគ្នា​។ នោះ​ហើយ​ជា​មូល​ហេតុដែល​ស្នាដៃ​របស់ខ្ញុំ​មាន​រង្វង់​មួយ​នៅ​ពីក្រោយ​វា​​ ពីព្រោះ​មនុស្ស​ម្នាក់នេះ​មាន​ក្តី​សុបិន​របស់គាត់ ហើយ​មនុស្ស​ម្នាក់​នោះ​មាន​ក្តី​សុបិន​របស់គាត់​។ រឿង​សំខាន់​គឺ​មិន​ត្រូវឱ្យ​ពួកគេ​បាត់បង់​ក្តី​សុបិន​របស់​ពួកគេ​ឡើយ​។ មនុស្ស​ដែល​មិនមាន​ក្តី​សុបិន​មិនល្អ​ទេ​»​។​

​​លោក ឌី​ណា កើត​នៅ​ខេត្តកំពង់ចាម ក្នុង​ឆ្នាំ ១៩៨៩​ បាន​រកឃើញ​ចំណង់​ចំណូលចិត្ត​​ប​ន្ទា​ប់​ពី​ផ្លាស់​មក​រស់នៅ​ទីក្រុង​ភ្នំពេញ​នៅ​អាយុ ១៣​ ឆ្នាំ​។

[img]

ចាប់តាំងពី​ពេលនោះ​មក លោក​​បាន​បន្ត​ការបណ្តុះបណ្តាល​សិល្បៈ​យ៉ាង​ទូលំទូលាយ រួមទាំង​សញ្ញាបត្រ​បរិញ្ញាបត្រ​ផ្នែក​គំនូរប្រេង​ពី​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ (RUFA) និង​បច្ចុប្បន្នកំពុង​សិក្សា​ថ្នាក់អនុបណ្ឌិត​ផ្នែក​គំនូរ​នៅ​រាជបណ្ឌិត្យ​សភាកម្ពុជា​។​

​ស្នាដៃ​របស់​លោក ឌី​ណា ​ជារឿយៗ​ឆ្លុះបញ្ចាំង​ពី​ការផ្លាស់ប្តូរ​ពី​ភាពសុខដុមរមនា​ជន​បទ​ទៅជា​ភាពទំនើប​ក្នុង​ទីក្រុង ដោយ​ពណ៌នា​អំពី​ឈុត​ឆាក​នៃ​ជីវិត​ប្រចាំថ្ងៃ រួម​មាន កម្មករ អ្នកនេសាទ និង​តូប​លក់ដូរ។ គំនូរ​របស់លោក​ ដែល​បង្ហាញ​ពី​ភាព​ធន់ និង​ក្តីសង្ឃឹម ត្រូវបាន​ដាក់តាំង​បង្ហាញ​នៅក្នុង​ប្រទេស​កម្ពុជា បារាំង កូរ៉េខាងត្បូង និង​សិង្ហ​បុរី​។​

​ទន្ទឹមនឹងនេះ លោក ដា​រ៉ូ ដែល​កើត​នៅ​ខេត្តកណ្តាល ក្នុង​ឆ្នាំ ១៩៩១ គឺជា​វិចិត្រករ និង​ជាងចម្លាក់ ដែល​បានបញ្ចប់​ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ​ផ្នែក​ចម្លាក់​ពី RUFA ក្នុង​ឆ្នាំ ២០១៨​​។ ការចូលរួមចំណែករ​ប​ស់លោក ដា​រ៉ូ ចំពោះ «ផ្លាស់​ប្ដូរ​»​ ផ្តោត​យ៉ាងខ្លាំង​ទៅលើ​ប្រធានបទ​បរិស្ថាន និង​ការអភិរក្ស ដែល​កើតចេញពី​ពេលវេលា​របស់លោក​​ក្នុងការ​ធ្វើការ​ស្ម័គ្រចិត្ត​ជាមួយឧទ្យានុរក្ស។​

​លោក ដា​រ៉ូ បាន​ពន្យល់ថា៖ «​​យើង​បានធ្វើ​ការងារ​នេះ ខណៈពេល​កំពុង​បោះតង់​ ដែល​បាន​ជួប និង​រៀន​ពី​​ឧទ្យានុរក្ស​ដទៃទៀត​របស់​យើង​។ ដូច្នេះ​យើង​ទទួលបាន​ព័ត៌មាន​ច្បាស់លាស់​ពី​ការអភិរក្ស»​។ ​

​​ពិព័រណ៍​សិល្បៈ «ផ្លាស់​ប្ដូរ»​ ត្រូវបាន​ដាក់តាំង​បង្ហាញ​នៅក្នុង​វិចិត្រសាល​សិល្បៈ​នៅ Rosewood Phnom Penh រហូតដល់​ថ្ងៃទី ១១ ខែធ្នូ ឆ្នាំ ២០២៥​៕ ​

 

ប្រភព៖ PostKhmer

Comments (0)
Add Comment