ភ្នំពេញ៖ ស្ថានទូតឥណ្ឌូនេស៊ីប្រចាំរាជធានីភ្នំពេញ នាំយកម្ហូបអាហារ និងវប្បធម៌ប្រជុំកោះរបស់ខ្លួនមកកាន់បេះដូងនៃរាជធានីតាមរយៈការរៀបចំផ្សាររាត្រីឥណ្ឌូនេស៊ី។ កម្មវិធីវប្បធម៌រយៈពេលពីរថ្ងៃ នៅថ្ងៃទី១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅផ្សាររាត្រីចតុមុខ នឹងមានការសម្តែង លក់ម្ហូបអាហារ តន្ត្រី និងរបាំឥណ្ឌូនេស៊ីនៅក្នុងបរិយាកាសផ្សាររាត្រីដ៏រស់រវើក។ មុនពេលប្រារព្ធពិធីនេះ កាសែតភ្នំពេញប៉ុស្តិ៍ បានសន្ទនាជាមួយលោក Santo Darmosumarto ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីប្រចាំនៅកម្ពុជា អំពីការបំផុសគំនិតនៅពីក្រោយព្រឹត្តិការណ៍នេះ ក្នុងការលើកកម្ពស់ការទូតវប្បធម៌ និងការពង្រឹងចំណងមិត្តភាពរវាងប្រជាជន និងប្រជាជនរវាងប្រទេសទាំងពីរ។
១. តើលោកអាចចែករំលែកព័ត៌មានលម្អិតអំពីការរៀបចំផ្សាររាត្រីឥណ្ឌូនេស៊ី ដូចជា ចំនួនស្តង់ សកម្មភាពអ្វីខ្លះ ប្រធានបទ ឬការរចនា និងទីតាំងពិតប្រាកដតាមបណ្តោយផ្លូវថ្មើរជើងផ្សាររាត្រីចតុមុខបានទេ?
ផ្សាររាត្រីឥណ្ឌូនេស៊ី នឹងប្រព្រឹត្តទៅនៅថ្ងៃទី១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅផ្លូវចតុមុខ ទល់មុខវត្តឧណ្ណាលោម។ ព្រឹត្តិការណ៍រយៈពេលពីរថ្ងៃនេះ នឹងមានស្តង់ចំនួន ១២ ដែលផ្តល់ជូននូវម្ហូបអាហារ និងផលិតផលឥណ្ឌូនេស៊ីជាច្រើនប្រភេទ។
អ្នកទស្សនាអាចរីករាយជាមួយការសម្តែងរបាំ និងតន្ត្រីប្រពៃណីឥណ្ឌូនេស៊ី ក៏ដូចជា Dangdut ជាប្រភេទតន្ត្រីឥណ្ឌូនេស៊ីដ៏ពេញនិយម និងការលាយបញ្ចូលគ្នាតែមួយគត់នៃតន្ត្រីឥណ្ឌូនេស៊ី និងខ្មែរ ដែលសម្តែងដោយឌីជេឥណ្ឌូនេស៊ី។ ភ្ញៀវក៏នឹងមានឱកាសចូលរួមក្នុងហ្គេមសប្បាយៗ និងឈ្នះរង្វាន់ដ៏គួរឱ្យរំភើបដែលមានផលិតផលឥណ្ឌូនេស៊ីផងដែរ។
២. តើមានគោលបំណងសំខាន់អ្វីខ្លះក្នុងការរៀបចំផ្សាររាត្រីឥណ្ឌូនេស៊ីនៅភ្នំពេញនេះ ហើយវាឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែងផ្នែកការទូតវប្បធម៌របស់ឥណ្ឌូនេស៊ីនៅកម្ពុជាយ៉ាងដូចម្តេច?
ចំពោះគំនិតរៀបចំផ្សាររាត្រី ជាកន្លែងជួបជុំដ៏រស់រវើក ដែលមនុស្សគ្រប់វ័យ គ្រប់សាវតារ និងវប្បធម៌មកជួបជុំគ្នាដើម្បីចំណាយពេល និងចែករំលែកសេចក្តីរីករាយជាមួយមនុស្សជាទីស្រឡាញ់របស់ពួកគេ ផ្សាររាត្រីឥណ្ឌូនេស៊ីមានគោលបំណងនាំបង្កើនភាពជិតស្និទ្ធជាមួយប្រជាជនកម្ពុជា។ តើមានវិធីណាល្អជាងការចែករំលែកភាពសម្បូរបែបនៃវប្បធម៌ឥណ្ឌូនេស៊ីតាមរយៈតន្ត្រី របាំ និងម្ហូបអាហារ ជាបទពិសោធន៍ដែលមនុស្សគ្រប់គ្នាអាចរីករាយជាមួយគ្នា?
កម្មវិធីនេះនឹងត្រូវបានធ្វើឡើងនៅផ្លូវថ្មើរជើងចតុមុខដ៏ពេញនិយមនៅចុងសប្តាហ៍ ជាទីតាំងដែលទាក់ទាញមនុស្សយ៉ាងច្រើន។ ការរៀបចំផ្សាររាត្រីឥណ្ឌូនេស៊ីនៅទីនេះ ត្រូវបានរំពឹងថានឹងកាន់តែធ្វើឱ្យមហាជនច្រើនមើលឃើញ និងបានស្គាល់វប្បធម៌ឥណ្ឌូនេស៊ី ក៏ដូចជាគាំទ្ររដ្ឋាភិបាលកម្ពុជាក្នុងការលើកកម្ពស់ផ្លូវថ្មើរជើងជាកន្លែងទាក់ទាញភ្ញៀវទេសចរផងដែរ។
៣. តើកម្មវិធីនេះរួមចំណែកដល់ការពង្រឹងចំណងមិត្តភាពរវាងប្រជាជន និងប្រជាជន និងការយោគយល់គ្នាខាងវប្បធម៌រវាងឥណ្ឌូនេស៊ី និងកម្ពុជាយ៉ាងដូចម្តេច?
ផ្សាររាត្រីឥណ្ឌូនេស៊ី គឺជាផ្នែកមួយនៃការទូតវប្បធម៌របស់ឥណ្ឌូនេស៊ីនៅកម្ពុជា។ ព្រឹត្តិការណ៍ដូចនេះបម្រើជាស្ពានសម្រាប់ការយោគយល់គ្នាទៅវិញទៅមក ដោយលើកកម្ពស់ទំនាក់ទំនងរវាងប្រជាជន និងប្រជាជនឱ្យកាន់តែរឹងមាំ។ តាមរយៈការទស្សនាតន្ត្រី របាំ និងភ្លក្សម្ហូបអាហារឥណ្ឌូនេស៊ី អ្នកទស្សនាសង្ឃឹមថានឹងកាន់តែពេញចិត្ដចំពោះភាពចម្រុះ និងជួយបណ្តុះការយល់ឃើញវិជ្ជមានអំពីឥណ្ឌូនេស៊ី។
៤. ក្រៅពីការលើកកម្ពស់វប្បធម៌ តើលោកមានផែនការប្រើប្រាស់ផ្សាររាត្រីឥណ្ឌូនេស៊ីជាវេទិកាមួយដើម្បីជំរុញទេសចរណ៍ ឬពាណិជ្ជកម្មរវាងប្រទេសទាំងពីរដែរឬទេ?
នៅប្រទេសឥណ្ឌូនេស៊ី មានសុភាសិតមួយឃ្លាថា “Tak kenal maka tak sayang” ដែលមានន័យថា «តើអ្នកអាចស្រឡាញ់អ្វីដែលអ្នកមិនស្គាល់ដោយរបៀបណា?»។ តាមរយៈការចែករំលែកវប្បធម៌ឥណ្ឌូនេស៊ីនៅផ្សាររាត្រីនេះ យើងសង្ឃឹមថា ប្រជាជនកម្ពុជាកាន់តែច្រើននឹងស្គាល់ប្រទេសឥណ្ឌូនេស៊ី ដោយជំរុញពួកគេឱ្យមកទស្សនាប្រទេសយើង និងស្វែងយល់ពីផលិតផលឥណ្ឌូនេស៊ី។ នៅទីបំផុត ការផ្លាស់ប្តូរវប្បធម៌នៅផ្សាររាត្រីឥណ្ឌូនេស៊ីបើកទ្វារទៅរកឱកាសកាន់តែច្រើនសម្រាប់លើកកម្ពស់ទេសចរណ៍ និងបង្កើនពាណិជ្ជកម្មរវាងប្រទេសយើង។
៥. តើលោកចង់ឱ្យប្រជាជនកម្ពុជាទទួលបានសារអ្វីខ្លះពីការទទួលទានអាហារ រីករាយជាមួយតន្ត្រី និងវប្បធម៌ឥណ្ឌូនេស៊ីក្នុងអំឡុងពេលព្រឹត្តិការណ៍នេះ?
ទំនាក់ទំនងជិតស្និទ្ធរវាងឥណ្ឌូនេស៊ី និងកម្ពុជាលើសពីអ្វីដែលមនុស្សជាច្រើនអាចដឹង។ ជារឿយៗ ប្រជាជនកម្ពុជាប្រហែលជាមិនដឹងថា ពួកគេកំពុងរីករាយនឹងធាតុផ្សំនៃវប្បធម៌ឥណ្ឌូនេស៊ីរួចទៅហើយនោះទេ មិនថាកំពុងទទួលទានបាយឆា Nasi Goreng ពេលកំពុងស្តាប់ Bengawan Solo ឬទទួលទានមី Indomie តាមចង្វាក់នៃតន្ត្រី Dangdut។ វប្បធម៌ឥណ្ឌូនេស៊ីមានវត្តមានជាយូរមកហើយនៅក្នុងប្រទេសកម្ពុជា។
ស្ថានទូតក៏បានកត់សម្គាល់ឃើញការចាប់អារម្មណ៍កាន់តែខ្លាំងឡើងក្នុងចំណោមយុវជនកម្ពុជាក្នុងការរៀនភាសាឥណ្ឌូនេស៊ី។
តាមរយៈផ្សាររាត្រីឥណ្ឌូនេស៊ី យើងសង្ឃឹមថានឹងចែករំលែកមិនត្រឹមតែរសជាតិ និងចង្វាក់ភ្លេងរបស់ប្រទេសឥណ្ឌូនេស៊ីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងស្មារតីនៃភាពសុខដុមរមនាដែលបង្រួបបង្រួមប្រទេសយើងទាំងពីរផងដែរ។ សូមឱ្យព្រឹត្តិការណ៍នេះនឹងជំរុញមិត្តភាព ការផ្លាស់ប្ដូរវប្បធម៌ និងការគោរពគ្នាទៅវិញទៅមក ដែលបង្កើតឱកាសដើម្បីពង្រឹងចំណងមិត្តភាពរវាងប្រជាជនយើងបន្ថែមទៀត៕
ប្រភប៖ PostKhmer