កម្មវិធីសម្តែងសិល្បៈតាមខេត្តលើកទី២ លើកស្ទួយសំឡេងសហគមន៍នៅខេត្ដព្រៃវែង និងស្វាយរៀង

ភ្នំពេញ​៖ អង្គការ​សិល្បៈ​ខ្មែរ​អមតៈ បានប្រកាស​បន្តដំណើរ​កម្មវិធី «​សម្តែង​សិល្បៈ​តាម​ខេត្ត​» ជា​លើក​ទី​ពីរ ក្នុង​គោលបំណង​លើកស្ទួយ​សំឡេង​សិល្បករ និង​សហគមន៍​ដែល​មិនសូវ​មានឱកាស​បញ្ចេញ​មតិ ដោយ​នឹងធ្វើ​ដំណើរ​ទស្សនាចរណ៍​ទៅកាន់​ខេត្តព្រៃវែង និង​ស្វាយរៀង ចាប់ពី​ថ្ងៃទី ៣ ដល់ ៩ ខែមេសា ឆ្នាំ​២០២៦ ខាងមុខនេះ​។​

តាម​សេចក្តីប្រកាស​ព័ត៌មាន​ចេញ​ថ្ងៃទី ៣០ ខែមីនា ឆ្នាំ​២០២៦ កម្មវិធី​នេះ​ជា​ផ្នែក​មួយ​នៃ​កម្មវិធី​សិល្បៈ និង​សហគមន៍ ដែលមាន​គោលដៅ​នាំយក​សិល្បៈ ទស្សនីយភាព កិច្ចពិភាក្សា និង​សិក្ខាសាលា​សិល្បៈ ទៅកាន់​តំបន់​ជនបទ ជាពិសេស​សហគមន៍​ដាច់ស្រយាល ដែល​កម្រ​មាន​សកម្មភាព​សិល្បៈ​។​

ការ​ទស្សនាចរណ៍​លើក​ទី​ពីរ​នេះ ត្រូវបាន​រៀបចំឡើង​បន្ទាប់ពី​ការអនុវត្ត​លើកទីមួយ កាលពី​ខែវិច្ឆិកា ឆ្នាំ​២០២៥ ដែល​បាន​ទៅដល់​សហគមន៍​ចំនួន​៤ ក្នុង​ខេត្ត​ប៉ៃលិន និង​ពោធិ៍សាត់​។

សម្រាប់​ដំណាក់កាល​ចុងក្រោយ នឹងធ្វើ​ឡើង​នៅ​ខែសីហា ឆ្នាំ​២០២៦ ដោយ​ពង្រីក​ទៅកាន់​សហគមន៍​ចំនួន​៦ ក្នុង​ខេត្ត​ឧ​ត្ត​រ​មានជ័យ ព្រៃវែង និង​ស្វាយរៀង​។​

អង្គការ​បញ្ជាក់ថា ចាប់តាំងពី​បង្កើតឡើង​ក្នុង​ឆ្នាំ​២០១៨ កម្មវិធី​នេះ​បាន​នាំយក​សកម្មភាព​សិល្បៈ​ទៅកាន់​សហគមន៍​ចន្លោះ​ពី ១០ ទៅ ១៤ កន្លែង​ក្នុង​មួយឆ្នាំ ទូទាំងប្រទេស និង​ទាក់ទាញ​អ្នកចូលរួម​លើសពី ២០,០០០ នាក់​។

កម្មវិធី​នេះ​ក៏បាន​ជួយ​បំផុសគំនិត និង​បង្កើន​ការយល់ដឹង​អំពី​តម្លៃ​សិល្បៈ ខណៈ​បង្កើត​វេទិកា​ឲ្យ​សិល្បករ​បង្ហាញ​ស្នាដៃ និង​ធ្វើ​អន្តរ​កម្ម​ជាមួយ​សហគមន៍​ចម្រុះ​។​

លោក ថន សី​ម៉ា អ្នកសម្របសម្រួល​កម្ម​វិធី​សហគមន៍ បាន​​ថ្លែង​ថា៖ «​យើង​នាំយក​សិល្បៈ​ទៅកាន់​សហគមន៍ គឺជា​ការបង្កើត​ឱកាស​ឱ្យ​រឿងរ៉ាវ អត្តសញ្ញាណ និង​សំឡេង​ផ្សេងៗ បាន​ផ្សារភ្ជាប់​គ្នា​រវាង​មនុស្ស និង​មនុស្ស និង​សហគមន៍ និង​សហគមន៍​»​។​

[img]

ស្នាដៃ​សិល្បៈ​ដែល​នឹង​ត្រូវដាក់​បង្ហាញ​ក្នុង​កម្មវិធី​នេះ ត្រូវបាន​ជ្រើសរើស​ចេញពី​មូលនិធិ​ដំឡើង​ស្នាដៃ​ថ្មី ដែលជា​កម្មវិធី​ស្នូល​មួយ​របស់​អង្គការ​។

ក្នុងឆ្នាំនេះ អង្គការ​បាន​គាំទ្រ​ក្រុម​សិល្បៈ​សហគមន៍​ជនជាតិដើម​ភាគតិច​មួយ​មកពី​ខេត្តមណ្ឌលគិរី ហើយ​បន្ត​សហការ​ជាមួយ​ក្រុម​សិល្បៈ​ចាស់ៗ រួមមាន​ក្រុម​សិល្បៈ​សហគមន៍​ចាម​ពី​ខេត្តពោធិ៍សាត់ និង​ក្រុម​ស្គរ​ស្ត្រី «​មេធា​» ពី​ខេត្តសៀមរាប​។​

​ជា​ផ្នែក​មួយ​នៃ​ការសម្តែង​លើក​ទី​ពីរ ក្រុម​ស្គរ​ស្ត្រី «​មេធា​» នឹង​នាំយក​ស្នាដៃ​សហ​សម័យថ្មី​មាន​ចំណងជើង «​ទន្លេ​ក្រហម​» ទៅ​សម្តែង​ក្នុង​សហគមន៍​។

ស្នាដៃ​នេះ​បង្ហាញ​ពីបទ​ពិសោធន៍​ជីវិត​របស់​សមាជិក​ក្រុម​ក្នុងអំឡុងពេល​វិបត្តិ​កូ​វីដ​-១៩ ដែល​បាន​ឆ្លងកាត់​ការលំបាក ភាពរអាក់រអួល និង​ការបែកបាក់ ប៉ុន្តែ​អាច​តស៊ូ​ឡើងវិញ​រហូត​ទទួលបាន​ជោគជ័យ​។​

ក្រុម «​មេធា​» ដែល​ត្រូវបាន​បង្កើតឡើង​នៅ​ឆ្នាំ​២០១៧ គឺជា​ក្រុម​ស្គរ​ស្ត្រី​ដំបូង​គេ​នៅ​កម្ពុជា ហើយ​បាន​ប្រឈមមុខ​នឹង​ការរិះគន់​ពី​សង្គម​ដែល​មើលឃើញថា​ស្ត្រី​មិន​សមស្រប​ក្នុង​ការលេង​ឧបករណ៍​ស្គរ​។

ទោះយ៉ាងណា ក្រុម​នេះ​បាន​ប្រើ​សិល្បៈ​ជា​វិធីសាស្ត្រ​ដើម្បី​បង្ហាញ​សមត្ថភាព និង​បំផ្លាញ​ទំនៀមទម្លាប់​ចាស់ៗ​។​

អង្គការ​សិល្បៈ​ខ្មែរ​អមតៈ​បញ្ជាក់ថា កម្មវិធី​នេះ​មិន​ត្រឹមតែ​ជាការ​សម្តែង​សិល្បៈ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ជា​វេទិកា​សំខាន់​សម្រាប់​ជំរុញ​ការពិភាក្សា​អំពី​អត្តសញ្ញាណ​វប្បធម៌ ភាព​ចម្រុះ​ក្នុងសង្គម និង​បញ្ហា​សង្គម​សម័យថ្មីៗ​ផងដែរ​។​

អង្គការ​សិល្បៈ​ខ្មែរ​អមតៈ ត្រូវបាន​បង្កើតឡើង​ក្នុង​គោលបំណង​គាំទ្រ​សិល្បករ និង​អង្គការ​សិល្បៈ​គ្រប់​ទម្រង់ ដោយ​ផ្តោតលើ​ការអភិវឌ្ឍ​វិស័យ​សិល្បៈ​នៅ​កម្ពុជា តាមរយៈ​ការផ្តល់​មូលនិធិ អាហារូបករណ៍ និង​ការរៀបចំ​ព្រឹត្តិការណ៍​សិល្បៈ​នៅតាម​តំបន់​ផ្សេងៗ​។​

 

ប្រភព​​​​​​​​​​​៖ PostKhmer

Comments (0)
Add Comment