ធនាគារ PPCBank បានបោះជំហានទៅមុខដ៏សំខាន់មួយទៀត ក្នុងការពង្រឹងសេវាហិរញ្ញវត្ថុឆ្លងប្រទេស និងសមត្ថភាពឌីជីថលរបស់ខ្លួន តាមរយៈការធ្វើឲ្យប្រសើរឡើងនូវសេវាផ្ទេរប្រាក់អន្តរជាតិ។ ការណ៍នេះ បានបង្ហាញពីការប្តេជ្ញាចិត្តរបស់ធនាគារចំពោះវឌ្ឍនភាពនៃនវានុវត្តន៍ និងសេវាកម្មធនាគារឌីជីថល ដែលផ្តោតសំខាន់លើអតិថិជនជាចម្បង។
តាមរយៈសេវាកម្មថ្មីនេះ ធនាគារ PPCBank នឹងផ្តល់ជូនដំណោះស្រាយផ្ទេរប្រាក់ភ្លាមៗ ទៅកាន់ប្រទេសមួយចំនួនដែលបានកំណត់ ក្នុងតម្លៃសេវាទាប និងផ្សេងៗគ្នា ទៅតាមប្រទេសនីមួយៗ។ បច្ចុប្បន្ន អតិថិជនអាចធ្វើការផ្ទេរប្រាក់ទៅកាន់ ៥៣ ប្រទេស នៅទូទាំងពិភពលោក ជាមួយនឹងប្រតិបត្តិការរូបិយប័ណ្ណបរទេសសំខាន់ៗចំនួន ១៣ រួមមាន ដុល្លារអាមេរិក ដុល្លារកាណាដា អ៊ឺរ៉ូ ដុល្លារអូស្ត្រាលី ផោនអង់គ្លេស បាតថៃ ដុងវៀតណាម រីងហ្គីតម៉ាឡេស៊ី រ៉ូពីឥណ្ឌូនេស៊ី ដុល្លារសិង្ហបុរី វូនកូរ៉េ យ៉ន់ចិន និង យេនជប៉ុន (ដំណើរការចាប់ពីថ្ងៃទី២១ ខែមេសា)។
ដោយការផ្ទេរប្រាក់ត្រូវបានធ្វើឡើងតាមកម្មវិធី PPCBank Mobile App និងគ្រប់សាខាធនាគារ PPCBank សេវាកម្មនេះអនុញ្ញាតឱ្យអតិថិជន អាចធ្វើការផ្ទេរប្រាក់ពីប្រទេសកម្ពុជា បានយ៉ាងឆាប់រហ័ស ងាយស្រួល និងសុវត្ថិភាព ដែលធានាបាននូវបទពិសោធន៍ផ្ទេរប្រាក់ឆ្លងដែនកាន់តែរលូន សម្រាប់ទាំងតម្រូវការផ្ទាល់ខ្លួន និងអាជីវកម្ម។ គំនិតផ្តួចផ្តើមនេះ បានបង្ហាញពីសមិទ្ធផលដ៏សំខាន់មួយទៀត នៅក្នុងដំណើរផ្លាស់ប្តូរឌីជីថលរបស់ធនាគារ PPCBank និងគាំទ្រដល់ចក្ខុវិស័យរបស់ខ្លួនក្នុងការក្លាយជា «ធនាគារឌីជីថលល្អបំផុតនៅកម្ពុជា»។
ដើម្បីលើកទឹកចិត្តអតិថិជនឱ្យទទួលបានបទពិសោធន៍នៃការប្រើប្រាស់សេវាកម្មនេះដោយផ្ទាល់ ធនាគារ PPCBank ក៏មានការផ្តល់ជូនពិសេសដល់អតិថិជន ក្នុងការផ្ទេរប្រាក់ទៅក្រៅប្រទេស ដោយឥតគិតថ្លៃសេវា ចាប់ពីថ្ងៃទី១៣ ខែមេសា រហូតដល់ថ្ងៃទី ៣១ ខែឧសភា ឆ្នាំ២០២៦ផងដែរ។
ក្រៅពីការផ្ទេរប្រាក់ទៅក្រៅប្រទេស ធនាគារ PPCBank ក៏កំពុងរៀបចំពង្រីកសមត្ថភាព ផ្ទេរប្រាក់អន្តរជាតិរបស់ខ្លួនបន្ថែមទៀត ដោយនៅឆមាសទីពីរ ក្នុងឆ្នាំ២០២៦នេះ ធនាគារមានគម្រោង ដាក់ឱ្យដំណើរការសេវាផ្ទេរប្រាក់ចូលពីក្រៅប្រទេស ដែលនឹងអនុញ្ញាតឱ្យអតិថិជនអាចធ្វើការផ្ទេរប្រាក់ បានភ្លាមៗពី៥៣ ប្រទេស ទូទាំងពិភពលោក មកកាន់ប្រទេសកម្ពុជា។ នៅពេលដែលសេវាកម្មនេះ ត្រូវបានបញ្ចប់រួចរាល់ ក្នុងការដាក់ឱ្យដំណើរការប្រើប្រាស់ គេរំពឹងថាវានឹងផ្តល់លទ្ធភាព ដល់ប្រជាជនកម្ពុជាដែលរស់នៅក្រៅប្រទេស អាចផ្ញើប្រាក់មកផ្គត់ផ្គង់ក្រុមគ្រួសាររបស់ខ្លួននៅកម្ពុជា បានកាន់តែរហ័ស សុវត្ថិភាព និងងាយស្រួលជាងមុនថែមទៀត។
សេវាផ្ទេរប្រាក់ឆ្លងដែនដ៏ល្អប្រសើរនេះ ក៏បានគាំទ្រដល់សហគ្រាសកម្ពុជា និងពហុជាតិផងដែរ តាមរយៈការជួយសម្រួលដល់ពាណិជ្ជកម្មអន្តរជាតិ ការទូទាត់នៅក្រៅប្រទេស និងការពង្រីកអាជីវកម្មសកល។ ជាមួយនឹងការកែលម្អលទ្ធភាពទទួលបានសេវាផ្ទេរប្រាក់អន្តរជាតិ ដែលមានភាពលឿនរហ័ស និងអាចទុកចិត្តបាន ធនាគារ PPCBank បានបន្តរួមចំណែក ដល់ការជំរុញប្រព័ន្ធអេកូឡូស៊ីហិរញ្ញវត្ថុឱ្យកាន់តែមានភាពរស់រវើក មានភាពប្រទាក់ក្រឡាគ្នា និងប្រកបដោយបរិយាប័ន្ន។
លោក Lee Jin Young នាយកប្រតិបត្តិធនាគារ PPCBank មានប្រសាសន៍ថា៖ «យើងមានសេចក្តីសោមនស្សរីករាយជាខ្លាំង ក្នុងការណែនាំសេវាផ្ទេរប្រាក់ទៅប្រទេសជាច្រើន នៅលើពិភពលោកជូនដល់អតិថិជន។ នេះជាការផ្តួចផ្តើមដ៏ល្អរបស់ធនាគារ PPCBank ក្នុងការលើកកម្ពស់បទពិសោធន៍សេវាធនាគារឌីជីថលសម្រាប់អតិថិជនរបស់ខ្លួន តាមរយៈការធ្វើឱ្យប្រតិបត្តិការអន្តរជាតិ កាន់តែមានភាពសាមញ្ញ ងាយស្រួលជាងមុន លឿនជាងមុន និងសុវត្ថិភាពជាងមុន»។
លោកបានបន្ថែមថា៖ «ជាមួយនឹងសេវាផ្ទេរប្រាក់ចូលពីក្រៅប្រទេស ដែលនឹងដាក់ឱ្យបើប្រាស់ នាពេលខាងមុខនេះ យើងមានគោលបំណងពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងហិរញ្ញវត្ថុ រវាងប្រទេសកម្ពុជា និងសហគមន៍ពិភពលោក ដោយធានាថាអតិថិជន និងក្រុមគ្រួសាររបស់ពួកគេ ទទួលបានអត្ថប្រយោជន៍ពីដំណោះស្រាយសេវាធនាគារដ៏ទំនើប និងមានប្រសិទ្ធភាពរបស់ធនាគារ PPCBank»៕
ប្រភព៖ PostKhmer