សំណើសុំវិនិយោគចំនួន ១៤៦គម្រោង ដែលស្មើនឹងដើមទុនចុះបញ្ជីសរុប ២,៥ ពាន់លានដុល្លារ ត្រូវបានរដ្ឋាភិបាលអនុម័តឱ្យវិនិយោគជាផ្លូវការនៅកម្ពុជា។ ភាគច្រើននៃគម្រោងទាំងនោះស្ថិតក្នុងខេត្តកំពង់ស្ពឺ កណ្តាល និងខេត្តតាកែវ។
សេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) ចេញផ្សាយកាលពីល្ងាចថ្ងៃទី១៣ ខែមេសា ឱ្យដឹងថា ក្នុងត្រីមាសទី១ ឆ្នាំ២០២៦ គម្រោងវិនិយោគសរុបដែលត្រូវបានចុះបញ្ជីនៅកម្ពុជា(ទាំងការចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងចុះបញ្ជីដោយអនុគណៈកម្មាធិការវិនិយោគរាជធានី-ខេត្ត) គឺមានចំនួនសរុប ១៤៦គម្រោង ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ២,៥ ពាន់លានដុល្លារ និងអាចបង្កើតការងារបានប្រហែល ៨២ ពាន់កន្លែង។
សេចក្តីប្រកាសព័ត៌មានបានលើកឡើងថា ក្នុងត្រីមាសទី១ ឆ្នាំ២០២៦ កម្ពុជានៅតែអាចទាក់ទាញគម្រោងវិនិយោគធំៗដូចជាគម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេស, គម្រោងវិនិយោគអភិវឌ្ឍន៍ស្ថានីយផលិតអគ្គិសនីដើរដោយថាមពលខ្យល់, គម្រោងវិនិយោគបង្កើតរោងចក្រផ្តុំដំឡើងរថយន្ត, ផ្គុំដំឡើងម៉ូតូ, និងផលិតសំបកកង់រថយន្ត ជាដើម។ រាជធានី-ខេត្ត ដែលទទួលបានគម្រោងវិនិយោគច្រើនជាងគេរួមមាន ខេត្តកំពង់ស្ពឺ ចំនួន ៤៤, កណ្តាល ២២, តាកែវ ១៧, ភ្នំពេញ ១៥, ស្វាយរៀង ១៤ និងព្រះសីហនុ ១០។
CDC បញ្ជាក់ថា៖«វត្តមាននៃគម្រោងវិនិយោគទាំងនេះ នឹងជួយផ្សព្វផ្សាយពីភាពល្អប្រសើរនៃបរិស្ថានវិនិយោគនៅកម្ពុជាដែលរាជរដ្ឋាភិបាលបាននិងកំពុងដាក់ចេញនូវវិធានការជាបន្តបន្ទាប់ដើម្បីឆ្លើយតបនឹងបញ្ហាវិបត្តិសកលដែលបានជះឥទ្ធិពលមកលើកម្ពុជា សំដៅថែទាំវិនិយោគដែលមានស្រាប់ និងជំរុញទាក់ទាញវិនិយោគថ្មី ពិសេសលើកកម្ពស់ភាពប្រកួតប្រជែងរបស់កម្ពុជា»។
ក្នុងចំណោមដើមទុនវិនិយោគទាំង ២,៥ ពាន់លានដុល្លារ គឺប្រមាណ ១,៣ ពាន់លានដុល្លារស្ថិតក្នុងវិស័យឧស្សាហកម្ម, ៨៣៩លានដុល្លារ ក្នុងវិស័យហេដ្ឋារចនាសម្ព័ន និងផ្សេងៗ, ៣០០ លានដុល្លារក្នុងវិស័យទេសចរណ៍, និង ២៤ លានដុល្លារក្នុងវិស័យកសិកម្ម និងកសិឧស្សាហកម្ម។
សម្រាប់ប្រភពដើមទុនសំខាន់ៗ គឺមកពីប្រទេសចិនចំនួន ៤៦,៧៧%, កម្ពុជា ៣៨,០៦%, ម៉ាឡេស៊ី ៨,១៤%, និងសិង្ហបុរី ចំនួន ៤,៦៥%។
កាលពីត្រីមាសទី១ ឆ្នាំ២០២៥ CDC បានអនុម័តលើគម្រោងវិនិយោគសរុបចំនួន ១៧២ ដែលស្មើនឹងដើមទុនវិនិយោគប្រមាណ ២,៥ ពាន់លានដុល្លារ និងអាចបង្កើតការងារបានចំនួនប្រមាណ ១២ ម៉ឺនកន្លែង៕
ប្រភព៖ PostKhmer