កម្ពុជា​​ត្រៀមខ្លួនដើម្បី​ពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើ​គ្រប់​វិស័យ​ជាមួយ​កាណាដា

នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន ម៉ាណែត បាន​អះអាង​ថា រាជរដ្ឋាភិបាល​កម្ពុជា​បាន​ត្រៀមខ្លួនជាស្រេចក្នុង​ការបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយ​រដ្ឋាភិបាល​​​កាណាដា​លើ​គ្រប់​វិស័យ​ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ជាពិសេសក្នុងវិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ច។

នេះ​ជា​ការ​​អះអាង​របស់​ លោក ហ៊ុន ម៉ាណែត ក្នុង​ជំនួប​ជាមួយ​​​លោក Christian DesRoches ឯកអគ្គរដ្ឋទូតប្រទេសកាណាដា ប្រចាំកម្ពុជា ​នៅ​វិមាន​សន្តិភាព នា​ព្រឹក​ទី២០ ខែមេសា ឆ្នាំ២០២៦។​

ក្នុងជំនួបនេះ លោក Christian DesRoches បានវាយតម្លៃខ្ពស់ចំពោះចំណងការទូតដ៏យូរអង្វែងរវាងកម្ពុជា-កាណាដា និងបានគូសបញ្ជាក់អំពីភាពរីកចម្រើននៃទំនាក់ទំនងទ្វេភាគី​ ជាពិសេសផ្នែក​ពាណិជ្ជកម្ម និងការវិនិយោគរបស់កាណាដានៅក្នុង​ប្រទេស​កម្ពុជា។ លោក​បន្ត​ថា ប្រទេស​កាណាដាមាន​ការ​ប្ដេជ្ញាខ្ពស់​​ក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅជាមួយ​ប្រទេសកម្ពុជា ជាពិសេសក្នុងវិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ច។

បន្ថែម​លើ​នេះ លោក Christian DesRoches ក៏គូសបញ្ជាក់ពីការប្ដេជ្ញាចិត្តរបស់កាណាដា​ក្នុងការជួយគាំទ្រការរៀបចំរបស់កម្ពុជា ដែលជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នាពេលខាងមុខឱ្យទទួលបានជោគជ័យ ព្រមទាំងបានបញ្ជាក់​ថា គណៈប្រតិភូជាន់ខ្ពស់កាណាដា នឹងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលនេះផងដែរ។

ចំពោះកិច្ចសហប្រតិបត្តិការក្របខ័ណ្ឌតំបន់ លោកឯកអគ្គរដ្ឋទូតបានថ្លែងអំណរគុណដល់កម្ពុជា​ដែលបានផ្ដល់ការគាំទ្រ​ក្នុងការជំរុញកិច្ចសហប្រតិបត្តិការ​កាណាដា-អាស៊ាន លើវិស័យសេដ្ឋកិច្ច និងការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-កាណាដា (ACFTA) ដែលគ្រោងនឹងបញ្ចប់ និងចុះហត្ថលេខា​នាពេលខាងមុខឆាប់ៗនេះ។

ជាការឆ្លើយតប លោក ហ៊ុន ម៉ាណែត បាន​បង្ហាញ​ការ​ស្វាគមន៍​ចំពោះ​លោក Christian DesRoches ដែល​ត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតកាណាដា ប្រចាំកម្ពុជា និងបានបង្ហាញជំនឿថា ក្នុងអាណត្តិការទូតរបស់លោក Christian DesRoches ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី​រវាង​ប្រទេស​ទាំង ២ នឹងបន្តរីកចម្រើនរឹងមាំ និងកាន់តែស៊ីជម្រៅថែមទៀត។ ជាមួយ​គ្នា​នេះ លោក​ក៏​​បានថ្លែងអំណរគុណដល់ប្រទេស​កាណាដា ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងដំណើរស្វែងរកសន្តិភាព និងការស្តារនិងអភិវឌ្ឍសង្គម-សេដ្ឋកិច្ច​កម្ពុជា។

លោក​លើក​ឡើង​ទៀត​ថា កន្លងមក​រាជរដ្ឋាភិបាលកម្ពុជាបានណែនាំឱ្យក្រសួងពាណិជ្ជកម្ម និងសភាពាណិជ្ជកម្មកម្ពុជា​(CCC) បង្កើតការិយាល័យតំណាងសភាពាណិជ្ជកម្ម​នៅប្រទេសកាណាដា ដើម្បីធ្វើ​ជាស្ពានតភ្ជាប់ និងជួយពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងស្វែងរកកាលានុវត្តភាពថ្មីៗ​ក្នុងការជំរុញទំហំពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរ​ឱ្យ​កាន់តែខ្លាំងក្លា​ថែមទៀត។

លោក ម៉ាណែត បាន​បញ្ជាក់​ថា៖​«​រដ្ឋាភិបាលកម្ពុជា​បាន​ត្រៀមខ្លួនជាស្រេចក្នុងការបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងកាណាដា ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងអន្តរជាតិ»។

ក្នុង​ឱកាស​នោះ​ភាគី​ទាំង ២ ក៏​បាន​ពិភាក្សាលើការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗមួយចំនួនដូចជា ពាណិជ្ជកម្ម ការវិនិយោគ និងសេដ្ឋកិច្ច, ការពារជាតិ និងសន្តិសុខ, ក៏ដូចជាការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ជាដើម​។​

​អនុប្រធាន​​សភាពាណិជ្ជកម្ម​កម្ពុជា លោក លឹម ហេង បាន​ប្រាប់​ភ្នំពេញប៉ុស្តិ៍​ថា នៅ​ក្នុង​ប្រទេស​កាណាដា​​បច្ចុប្បន្ន​មាន​ការិយាល័យ​តំណាង​សភាពាណិជ្ជកម្ម​កម្ពុជា​(CCC)ហើយ ដែល​ការិយាល័យ​តំណាងនេះ​មាន​តួនាទី​ជួយ​ផ្សព្វ​ផ្សាយ​ផលិតផល​កម្ពុជា​ទៅដល់​អតិថិជន​កាណាដា និង​ផ្តល់ព័ត៌មាន​ដើម្បី​ទាក់ទាញ​វិ​និ​យោ​គិ​ន​កាណាដា​ឱ្យមក​បណ្តាក់ទុន​ផ្ទាល់​នៅ​កម្ពុជា​ផងដែរ​។

លោក​ប្រាប់​ទៀត​ថា មូលហេតុ​ដែល​ទំនិញ​កម្ពុជា​នាំទៅ​ប្រទេស​កាណាដា​ច្រើន គឺ​ដោយសារកម្ពុ​ជាទ​ទួលបាន​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ​នាំចូល​ទំនិញ​មួយចំនួន​ទៅ​ទីនោះ​​។ ភាគ​ច្រើន​នៃ​ទំនិញ​កម្ពុជា​នាំទៅ​កាណាដា គឺជា​ផលិតផល​សម្លៀកបំពាក់ ផលិតផល​ធ្វើ​ដំណើរ ស្បែកជើង កង់ និង​គ្រឿង​បង្គុំ​អេឡិចត្រូនិក អគ្គិសនី ចំណែក​ទំនិញ​កាណាដា នាំមក​កម្ពុជា​រួមមាន គ្រឿង​អេ​ឡិច​ត្រូ​និក និង​រថយន្ត ជាដើម​។

លោក​បាន​ថ្លែង​ថា៖​​«កាណាដា គឺជា​អតិថិជន​ធំ​របស់​កម្ពុជា​សម្រាប់​ផលិតផល​សម្លៀកបំពាក់ ស្បែក​ជើង កាបូប​ធ្វើដំណើរ ដូច្នេះ​បើ​កំណើនសេដ្ឋកិច្ច​សកល​ល្អ ហើយ​ការធ្វើ​ទេសចរណ៍​មាន​ច្រើន ការបញ្ជាទិញ​ទំនិញ​ទាំង​​អស់​ប្រាកដជា​កើនឡើង​ថែមទៀត»​។​

ទិន្នន័យ​របស់​អគ្គនាយកដ្ឋានគយ និង​រដ្ឋាករកម្ពុជា ឱ្យ​ដឹង​ថា ក្នុង​ឆ្នាំ​២០២៥ កន្លង​មក ការ​ផ្លាស់ប្តូរ​ទំនិញ​រវាង​កម្ពុជា-កាណាដា មាន​ទឹក​ប្រាក់​សរុប ១,៣៣ ពាន់លាន​ដុល្លារ កើន​ឡើង ១៤% បើ​ធៀប​នឹង​ឆ្នាំ​២០២៤។ ​ក្នុងចំនួន​នេះ គឺ​​កម្ពុជា​នាំ​ទំនិញ​ទៅ​កាណាដា ១,២៧ ពាន់លាន​ដុល្លារ កើន ១៤,៦% និង​កាណាដា​នាំចូល ៦៣,៤១ លានដុល្លារ កើន​ឡើង ១៤%។ ដោយ​ឡែក​ក្នុង​ត្រីមាស​ទី​១ ​ឆ្នាំ​២០២៦ ការ​ផ្លាស់ប្តូរ​ទំនិញ​រវាង​ប្រទេស​ទាំង ២ មាន​ចំនួន​ ២៩៧,០៥ លាន​ដុល្លារ កើន ០,៩%​ ធៀប​ត្រីមាស​ទី​១ ឆ្នាំ​២០២៤ ក្នុង​នោះ​កម្ពុជានាំចេញ ២៧៧,៧៣ លានដុល្លារ ថយចុះ ១,៦% និង​កាណាដានាំចូល ១៩,៣២ លានដុល្លារ កើនឡើង ៥៩,៣%៕

Comments (0)
Add Comment