ជុន រដ្ឋមន្ត្រីក្រសួងការពារជាតិចិន ដោយក្នុងជំនួបនេះលោកបានរៀបរាប់ពីស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ និងបានបញ្ជាក់ពីជំហររបស់កម្ពុជាថានឹងដើរលើគោលការណ៍សន្តិភាព។
លោក វ៉ាង យី និងលោក តុង ជុន បានជួបជាមួយ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក្នុងពេលដែលរដ្ឋមន្ត្រីចិនទាំង២នាក់នេះ បំពេញទស្សនកិច្ចនៅកម្ពុជាដើម្បីចូលរួមធ្វើជាសហប្រធាននៃកិច្ចប្រជុំលើកទី១ នៃយន្តការកិច្ចសន្ទនាយុទ្ធសាស្ត្រ “២+២” រវាងរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិកម្ពុជា-ចិន ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។ នេះបើតាមការផ្សព្វផ្សាយនៅលើបណ្ដាញសង្គមរបស់លោក ហ៊ុន ម៉ាណែត។
ទំព័រហ្វេសប៊ុកលោក ហ៊ុន ម៉ាណែត លើកឡើងថា លោក ហ៊ុន ម៉ាណែត «បានជម្រាបជូនឯកឧត្តម វ៉ាង យី ឯកឧត្តមនាយឧត្តមនាវី តុង ជុន និងគណៈប្រតិភូ អំពីការវិវត្តថ្មីៗនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ និងបានបញ្ជាក់សាជាថ្មីនូវជំហររបស់កម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ និងអនុលោមតាមអនុសញ្ញា សន្ធិសញ្ញា និង កិច្ចព្រមព្រៀងទ្វេភាគីដែលមាន ស្រាប់រវាងកម្ពុជា-ថៃ»។
យ៉ាងណាក៏ដោយ មិនមានសេចក្ដីលម្អិតលើការលើកឡើងអំពីបញ្ហាព្រំដែនទេ ប៉ុន្តែមេដឹកនាំកម្ពុជា និងរដ្ឋមន្ត្រីចិន បានពិភាក្សាអំពីការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ រួមមាន នយោបាយ, សេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ, ការពារជាតិ និងសន្តិសុខ, ថាមពលស្អាត, ការកសាងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន, និងកសិកម្ម ជាដើម។ ហើយភាគីទាំង២ ក៏បានបន្តផ្លាស់ប្ដូរយោបល់អំពីការជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជា និងចិន ឱ្យកាន់ជិតស្និទ្ធ ក្នុងក្របខណ្ឌតំបន់ និងអន្តរជាតិ។
មេដឹកនាំទាំង៤ ក៏បានប្តេជ្ញាបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត ដើម្បីឱ្យស្របទៅនឹងកម្រិតនៃការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី។
លោក វ៉ាង យី និងលោក តុង ជុន បានថ្លែងថា យន្តការកិច្ចសន្ទនាយុទ្ធសាស្ត្រ ២+២ នាពេលនេះ គឺជាការអនុវត្តតាមស្មារតីកុងសង់ស៊ីសរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំង២ ដើម្បីជំរុញការអភិវឌ្ឍ ការលើកកម្ពស់ជីវភាពប្រជាជន និងការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត។
ឆ្លៀតឱកសនេះដែរ លោក ហ៊ុន ម៉ាណែត បានថ្លែងអំណរគុនចិនជា «មិត្តដែកថែប» ដែលតែងតែយកចិត្តទុកដាក់ខ្ពស់បំផុតក្នុងការថែទាំ ព្យាបាលព្រះរោគ និងផ្តល់បដិសណ្ឋារកិច្ចកក់ក្តៅ ថ្វាយព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នរោត្តម មុនីនាថ សីហនុ។
លោក ហ៊ុន ម៉ាណែត បានបញ្ជាក់ជាថ្មីនូវការប្រកាន់ខ្ជាប់ឥតងាករេរបស់កម្ពុជានូវគោលការណ៍ចិនមួយ និងបានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនចិន ដែលបានរួមចំណែកក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា និងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា៕