រដ្ឋបាល​ខេត្តប៉ៃ​លិន បាន​បដិសេធចំពោះការផ្សាយព័ត៌មាន ដែលចោទថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន

0 11

រដ្ឋបាលខេត្តប៉ៃលិន នៅថ្ងៃ​ទី​២៧ ខែមេសា​នេះ បាន​សេចក្តី​ប្រកាសបដិសេធចោលទាំងស្រុងចំពោះការផ្សាយព័ត៌មានបំភ្លៃខុសពីការ​ពិត ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​តាម​រយៈគណនីហ្វេសប៊ុកឈ្មោះ «កាមទេព លីមហុង» និងតាមបណ្ដាញសង្គម​ផ្សេងៗ ដោយ​​បា​ន​​ចោទថា «ថៃ​បានឈ្លាន​​ពាន​​ចូល​ទឹកដីខ្មែរ​នៅខេត្តប៉ៃលិន»។

រដ្ឋបាល​ខេត្តប៉ៃលិន បានបញ្ជាក់​តាមសេចក្តីបដិសេធ​របស់​ខ្លួន នៅថ្ងៃចន្ទ​នេះ​ថា៖​ «ព័ត៌មាន (ថៃ​បានឈ្លាន​​ពាន​​ចូល​ទឹកដីខ្មែរ​នៅខេត្តប៉ៃលិន) នេះ គឺជាព័ត៌មានក្លែងក្លាយ បំភ័ន្ត និងគ្មានមូលដ្ឋាន ការពិតឡើយ»។

កាលពីពេល​ថ្មីៗនេះ គណនីហ្វេសប៊ុកឈ្មោះ «កាមទេព លីមហុង» បានចុះ​ផ្សាយ​ថា «ថៃ​បាន​ចូលលុបយក​អូរ​មួយ​កន្លែង នៅខេត្តប៉ៃ​លិន» ដោយម្ចាស់​ផេកហ្វេសប៊ុកមួយនេះ បាន​បង្ហាញ​​ទាំង​សកម្ម​ភាពកងទ័ព​ថៃ កំពុង​រាយ​បន្លាលួស​ព័ន្ធ​យក ក៏ដូចជារូប​ភាព​ជា​ច្រើន​ទៀត ដោយ​បញ្ជាក់ថា បន្ទាត់ខ្សែព្រំដែនកម្ពុជា គឺយកអូរ ជាខ្សែព្រំដែន ហើយ​តំបន់នោះ មានអូរ​២ ឈ្មោះថា អូរថ្មី និង​អូរចាស់ ដែលវា​​ជាអូររបស់ខ្មែរទាំង២ តែត្រូវបានសៀមលុបអូរថ្មី​​ចោល ទុកតែ​អូរចាស់​ជាខ្សែព្រំដែន ដែល​តូចជាងអូរថ្មី។

គណនីហ្វេសប៊ុកឈ្មោះ «កាមទេព លីមហុង» បានអះអាង​ ខ្លួនបានដកស្រង់សម្តីពីមន្ត្រី​ខេត្តប៉ៃ​លិន ដោយមន្តីរូបនោះ​បញ្ជាក់​​ថា យោធា​ថៃ​​បាន​​ឈ្លាន​ពាន​​ទឹកដី​​ខ្មែរ​​តាម​រយៈ​​ការ​​ប្ដូរ​​ទិសដៅ​​ចរន្ត​​ទឹក​​ហូរ ​ធ្វើឱ្យ​​អូរ​​ធម្មជាតិ ​ដែល​​ភាគី​ទាំង​២ ​បាន​កំណត់​យក​​ជា​​ខ្សែ​​បន្ទាត់​​ព្រំដែន បាន​​ប្ដូរ​​ទីតាំង​​ចូល​មក​​ក្នុង​ទឹកដី​កម្ពុជា។ គណនី​មួយនេះ ក៏បានចុះ​ផ្សាយ​ព័ត៌មានជាច្រើន​ទៀត ជុំវិញបញ្ហានេះ​ផងដែរ។

​តែ​ទោះបីជា​យ៉ាងណា​ នៅ​រាល់​ការ​ចេញ​ផ្សាយ​ជាបន្តបន្ទាប់​គ្នារបស់គណនីហ្វេសប៊ុក​មួយនេះ ត្រូវបាន​​រដ្ឋបាលខេត្តប៉ៃលិន ចេញ​សេចក្តី​បដិសេធ​ថា ជាព័ត៌មានមិនពិត ហើយ​បាន​អំពាវនាវដល់សាធារណជន និង​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​​ទាំងអស់ កុំចែក​រំលែក ឬ​ផ្សព្វផ្សាយ​បន្តព័ត៌មាន​មិន​ពិតនេះ ដើម្បី​កុំឱ្យមាន​ការ​យល់​ច្រឡំ និង​សូម​ទទួល​​យក​តែ​ព័ត៌មានពីប្រភពផ្លូវការ។

ជាមួយគ្នានេះ រដ្ឋបាលខេត្តប៉ៃលិន បាន​គូសបញ្ជាក់ថា៖​ «អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និង​កង កម្លាំង​​សមត្ថកិច្ច​ពាក់​ព័ន្ធ បាន​​និង​​កំពុង​​អនុវត្ត​ភារ​កិច្ច​​យ៉ាង​​ម៉ឺងម៉ាត់ ក្នុង​​ការ​​ការពារ និង​​រក្សាអធិបតេយ្យ​​ភាព បូរណភាព​ទឹកដី និង​សន្តិសុខ​តាម​បន្ទាត់ព្រំ​ដែន​របស់​ព្រះរាជាណាចក្រកម្ពុជា ដោយ​មិន​អនុញ្ញាត​ឱ្យ​មានការ​​រំលោភ​​បំពាន​​ណា​​មួយ​ឡើយ»៕

 

ប្រភព: KhmerPost

Leave A Reply

Your email address will not be published.