ភ្នំពេញ៖ ពេលយប់នាវិថីថ្មើរជើងចតុមុខ ឬ Chaktomuk Walk Street ក្នុងរាជធានីភ្នំពេញ ពន្លឺភ្លើងតុបតែងត្រូវបានបំភ្លឺឡើង ខណៈមហាជននាំគ្នាចូលកម្សាន្តក្នុងតំបន់ថ្មើរជើងនាចុងសប្ដាហ៍។
ក្រុមគ្រួសារ គូស្នេហ៍ និងក្រុមយុវជនដើរលេងក្រោមពន្លឺភ្លើងពណ៌ អមដោយតូបលក់ដូររាប់រយ ស៊ីក្លូពណ៌បៃតងមួយចំនួនបន្តធ្វើដំណើរយឺតៗតាមដងផ្លូវ ផ្តល់ឱកាសឱ្យភ្ញៀវបានស្គាល់មធ្យោបាយធ្វើដំណើរបែបបុរាណ ដែលមានប្រវត្តិសាស្ត្ររយៈពេលជាច្រើនទសវត្សរ៍។
អ្នកធាក់ស៊ីក្លូដែលបម្រើសេវាកម្មនៅតំបន់ Chaktomuk Walk Street បានបញ្ជាក់ថា ពួកគេមិនត្រូវបានអនុញ្ញាតឱ្យទាមទារតម្លៃជាក់លាក់ពីភ្ញៀវនៅថ្ងៃចុងសប្ដាហ៍ឡើយ ដោយអាស្រ័យលើទឹកចិត្តរបស់ភ្ញៀវជាអ្នកផ្តល់។
លោក អ៊ុំ សំអឿន អាយុ ៤៨ឆ្នាំ អ្នកធាក់ស៊ីក្លូដែលមានបទពិសោធន៍ ២០ឆ្នាំ មកពីស្រុកកំពង់ត្របែក ខេត្តព្រៃវែង បានប្រាប់ភ្នំពេញប៉ុស្ដិ៍ថា៖ «ខាងសមាគមមិនតម្រូវឱ្យអ្នកធាក់ស៊ីក្លូទារតម្លៃពេលដឹកភ្ញៀវនៅ Walk Street ចុងសប្ដាហ៍នេះទេ។ វាជាទឹកចិត្តរបស់ភ្ញៀវផ្ទាល់»។
លោក អ៊ឹម សម្បត្តិ ប្រធានសមាគមអភិរក្សស៊ីក្លូ និងមុខរបរក្រៅប្រព័ន្ធ (CCCA) ក៏បានបញ្ជាក់ដូចគ្នាថា៖ «យើងមិនតម្រូវកំណត់តម្លៃឡើយ ដោយវាជាការចូលរួម ក៏ដូចជាជួយសម្រួល និងលើកទឹកចិត្តដល់អ្នកថ្មើរជើងដែលមានបំណងចង់ជិះស៊ីក្លូ»។
តាមការបញ្ជាក់របស់លោក សំអឿន កម្រៃដែលទទួលបានខុសគ្នាច្រើន។ លោកថា៖ «ជួនកាលភ្ញៀវខ្លះប្រាក់ ៥,០០០រៀល ហើយភ្ញៀវខ្លះទៀតដែលមានក្ដីអាណិតស្រឡាញ់អ្នកធាក់ស៊ីក្លូ ពួកគាត់ផ្ដល់រហូតដល់ ៥ម៉ឺនរៀល ពេលជិះកម្សាន្តនៅតំបន់ថ្មើរជើង»។
បច្ចុប្បន្ន លោក សំអឿន អាចរត់ស៊ីក្លូលើ Walk Street មួយខែម្តងតាមវេនកំណត់ ហើយភាគច្រើនដឹកបានតែ១ ឬ២ជើងប៉ុណ្ណោះក្នុងមួយវេន។
លោករំឭកថា នៅដំបូងពេលបើក Walk Street អ្នកធាក់ស៊ីក្លូអាចរកចំណូលបានលើសពី ១០ម៉ឺនរៀលក្នុងមួយយប់ ដោយសារភ្ញៀវច្រើន។
លោកបាននិយាយថា៖ «ឥឡូវនេះ ភ្ញៀវហាក់ចូលចិត្តដើរច្រើន ដោយគ្រាន់តែចង់សាកជិះដំបូងៗប៉ុណ្ណោះ»។
[img]
នៅថ្ងៃសុក្រ និងថ្ងៃសៅរ៍ លោកអាចដឹកភ្ញៀវបរទេសបានប្រហែលពីរជើង ខណៈថ្ងៃផ្សេងទៀត លោករង់ចាំភ្ញៀវនៅតាមផ្សារ។ ដូចអ្នកធាក់ស៊ីក្លូជាច្រើនផ្សេងទៀត ជីវភាពរបស់លោកពឹងផ្អែកយ៉ាងខ្លាំងលើវិស័យទេសចរណ៍។
ដោយមានការគាំទ្រពីប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន លោក សំអឿន បានឱ្យដឹងថា លោកទទួលបានប្រាក់ឧបត្ថម្ភប្រចាំថ្ងៃចំនួន ៧,០០០រៀល សម្រាប់ចំណាយលើអាហារ និងថ្លៃជួលស៊ីក្លូ។ ទោះជាបានប្រកបរបរនេះអស់រយៈពេលពីរទសវត្សរ៍ ក៏ស្ថានភាពរស់នៅរបស់លោកនៅតែសាមញ្ញ។
លោកបាននិយាយថា៖ ២០ឆ្នាំមកនេះ លោកជ្រកក្រោមសំយាបផ្ទះគេ ប្រើបន្ទប់ទឹកសាធារណៈ និងទឹកតាមសួន សន្សំប្រាក់បន្តិចបន្តួចដើម្បីផ្គត់ផ្គង់គ្រួសារនៅស្រុក។
លោកបន្ថែមថា៖ «យើងដេកនៅសំយាបផ្ទះ មុខវត្ត និងអែបៗខាងត្បូងផ្សារកណ្ដាល បើមានបន្ទប់ទឹកសាធារណៈ និងកន្លែងងូតទឹកតាមសួន ហើយបើមានភ្ញៀវ យើងយកតង់គ្របស៊ីក្លូ»។
លោកបានពិពណ៌នាឆ្នាំ ២០០៥ ថាជារយៈពេលមាសនៃរបរស៊ីក្លូ ដោយពេលនោះមិនទាន់មានរ៉ឺម៉កម៉ូតូ ជាពិសេសសេវាកម្មតាមកម្មវិធីទូរស័ព្ទ ដែលធ្វើឱ្យតម្រូវការលើមធ្យោបាយបុរាណនេះនៅខ្ពស់។ ប៉ុន្តែបច្ចុប្បន្ន ការប្រកួតប្រជែងពីសេវាកម្មដឹកជញ្ជូនតាមកម្មវិធីបានផ្លាស់ប្តូរទីផ្សារ។
យ៉ាងណាក៏ដោយ លោក សំអឿន បញ្ជាក់ថា លោកមិនមានបំណងប្តូររបរនេះឡើយ ទោះបីសេវាកម្មទំនើបកំពុងគ្របដណ្ដប់លើដងផ្លូវភ្នំពេញក៏ដោយ។
សម្រាប់គ្រួសារខ្លះ ស៊ីក្លូមិនមែនជាមធ្យោបាយដឹកជញ្ជូនប៉ុណ្ណោះទេ ប៉ុន្តែជាបទពិសោធន៍មួយ។ អ្នកស្រី ភិន លីណា ដែលបានជិះស៊ីក្លូជាមួយកូនៗលើ Walk Street បាននិយាយថា សេវាកម្មនេះងាយស្រួលសម្រាប់កុមារតូចៗ អាចមើលទេសភាពបានច្រើន និងជួយលើកស្ទួយរបរស៊ីក្លូដែលស្ទើរតែបាត់បង់។
អ្នកស្រីបានឱ្យដឹងថា៖ «អ្នកធាក់ស៊ីក្លូភាគច្រើនមានវ័យចាស់ មិនសូវមានឱកាសដឹកភ្ញៀវដូចរ៉ឺម៉ក ជាពិសេស PassApp។ នេះជាការគាំទ្រដល់ការអភិរក្សស៊ីក្លូ ជួយដល់ជីវភាពអ្នកធាក់ស៊ីក្លូ និងផ្តល់បទពិសោធន៍ជិះស៊ីក្លូសម្រាប់ក្មេងៗផងដែរ»។
[img]
លោក សម្បត្តិ ប្រាប់ភ្នំពេញប៉ុស្ដិ៍ថា៖ «យើងបានកំណត់ចំនួនស៊ីក្លូក្នុងមួយល្ងាចត្រឹម ១៤គ្រឿង ដែលមិនធ្វើឱ្យប៉ះពាល់ដល់ការធ្វើដំណើរថ្មើរជើង។ អ្នកផ្តល់សេវាត្រូវដឹកភ្ញៀវក្នុងល្បឿនយឺត និងមិនចេញដំណើរព្រមគ្នា»។
មុនពេលវិបត្តិកូវីដ-១៩ ភ្នំពេញមានអ្នកធាក់ស៊ីក្លូប្រហែល ៣០០នាក់ ប៉ុន្តែចំនួននេះបានថយចុះមកនៅត្រឹមប្រហែល ២៨០នាក់ បើទោះបីមិនមែនទាំងអស់ស្ថិតនៅក្នុងរាជធានីក៏ដោយ។
ក្នុងចំណោមនេះ ប្រហែល ២២០នាក់ស្ថិតនៅភ្នំពេញ ខណៈអ្នកផ្សេងទៀតវិលត្រឡប់ទៅស្រុកកំណើតជាបណ្តោះអាសន្ន ដើម្បីធ្វើស្រែចម្ការ។
ក្នុងចំណោមអ្នកធាក់ស៊ីក្លូ ២៨០នាក់ដែលនៅសកម្ម ប្រហែល ៧៥ ទៅ ៨០ភាគរយ ពឹងផ្អែកលើវិស័យទេសចរណ៍ជាចម្បង ជាងការដឹកជញ្ជូនប្រចាំថ្ងៃសម្រាប់ប្រជាពលរដ្ឋក្នុងស្រុក។
លោក សម្បត្តិ ថ្លែងថា៖ «ភាគច្រើនមានអាយុចន្លោះពី ៥០ ដល់ ៧០ឆ្នាំ ហើយមិនមានជម្រើសផ្សេងទៀតក្រៅពីបន្តធាក់ស៊ីក្លូ ដោយសារបានធ្វើរយៈពេលយូរ ខណៈអ្នកវ័យក្មេង និងកម្លាំងល្អអាចប្តូរទៅធ្វើជាកម្មករសំណង់បាន»។
នៅពេលចំណូលធ្លាក់ចុះ ពួកគេច្រើនតែខ្វះថវិកាទិញអាហារ និងពឹងផ្អែកយ៉ាងខ្លាំងលើសប្បុរសជន។
ខណៈ Walk Street បន្តទាក់ទាញភ្ញៀវស្វែងរកការកម្សាន្ត និងសម្រាកលំហែកាយ វត្តមានស៊ីក្លូយឺតៗនៅលើដងផ្លូវ ក្លាយជាការរំឭកពីអតីតកាលរបស់ភ្នំពេញ ដែលទោះរឹងមាំ និងអត់ធ្មត់ ប៉ុន្តែក៏កំពុងប្រឈមមុខការប្រែប្រួលសម័យទំនើបផងដែរ៕
ប្រភព៖ PostKhmer