ទោះបីព្រំដែនគោករវាងប្រទេសកម្ពុជា-ថៃ បានបន្តបិទរយៈពេលជិត ១ ឆ្នាំហើយក៏ដោយ ក៏លំហូរពាណិជ្ជកម្មទំនិញរវាងប្រទេសទាំង ២ នៅតែមានជាហូរហែ ដោយភាគច្រើនត្រូវបានប្តូរទៅធ្វើតាមរយៈប្រទេសឡាវ ឬតាមផ្លូវសមុទ្រ។ សម្រាប់ចំនួនទឹកប្រាក់នៃការផ្លាស់ប្តូរទំនិញរវាងកម្ពុជា-ថៃ ក្នុងត្រីមាសទី១ ឆ្នាំ២០២៦ គឺសម្រេចបានជិត ៧០០ លានដុល្លារ ដែលក្នុងនោះចំនួនជាង ៥០០ លានដុល្លារជាការចំណាយរបស់កម្ពុជាទៅលើទំនិញនាំចូលមកពីប្រទេសថៃ។
ទិន្នន័យអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា(GDCE) ឱ្យដឹងថា ចន្លោះពីខែមករា-មីនា ឆ្នាំ២០២៦ ការនាំចេញនាំចូលទំនិញរវាងកម្ពុជា-ថៃ មានទឹកប្រាក់សរុប ៦៩៦,១៩ លានដុល្លារ ធ្លាក់ចុះ ៣៩,៤% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥ ដែលមាន ១ ១៤៨,៤៧ លានដុល្លារ។ ក្នុងចំនួននេះ គឺកម្ពុជានាំទៅប្រទេសថៃ ១៨១,២៩ លានដុល្លារ ធ្លាក់ចុះ ២៩% ចំណែកថៃនាំមកកម្ពុជាវិញ ៥១៤,៩ លានដុល្លារ ថយចុះ ៤២,៤%។
ផ្អែកតាមតួលេខគឺជញ្ជីងពាណិជ្ជកម្មកម្ពុជាមានឱនភាព ៣៣៣,៦១ លានដុល្លារ ខណៈកាលពីត្រីមាសទី១ ឆ្នាំ២០២៥ មានចំនួន ៦៣៨,១៣ លានដុល្លារ។ ប្រទេសថៃ គឺជាដៃគូពាណិជ្ជកម្មធំជាងគេទី៥ របស់កម្ពុជា បន្ទាប់ពីប្រទេសចិន អាមេរិក វៀតណាម និងជប៉ុន។
អ្នកសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ បានប្រាប់ភ្នំពេញប៉ុស្តិ៍ក្នុងថ្ងៃទី២០ ខែមេសាថា ជម្លោះប្រដាប់អាវុធនៅតាមព្រំដែនគោកកម្ពុជា-ថៃ ដែលបង្កឡើងដោយភាគីថៃចាប់តាំងពីឆ្នាំ២០២៥ បានជំរុញប្រជាជនកម្ពុជាឱ្យកាត់បន្ថយ ឬធ្វើពហិការឈប់ប្រើប្រាស់ផលិតផលរបស់ប្រទេសថៃ។ ជាមួយគ្នានេះ គេក៏សង្កេតឃើញផលិតករកម្ពុជាកំពុងខិតខំពង្រឹង និងពង្រីកការផលិតទំនិញក្នុងស្រុកឱ្យបានច្រើនប្រភេទមុខទំនិញ និងមានគុណភាពខ្ពស់ ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារក្នុងស្រុក និងនាំចេញទៅទីផ្សារអន្តរជាតិ។
លោកបានប្រាប់ទៀតថា ទោះយ៉ាងណាអ្វីៗសុទ្ធតែត្រូវការពេល ដោយគេមិនអាចរកផលិតផលក្នុងស្រុកមកជំនួសផលិតផលនាំចូល(ជាពិសេសមកពីប្រទេសថៃ) បានទាំង ១០០% ក្នុងពេលខ្លីបានឡើយ។
លោកបានថ្លែងថា៖«លំហូរពាណិជ្ជកម្មរវាងប្រទេសទាំង ២ នឹងបន្តធ្លាក់ចុះរយៈពេលយូរទៅមុខទៀត ខណៈទង្វើឈ្លានពានពីសំណាក់យោធាថៃមកលើកម្ពុជា បានធ្វើឱ្យគំនិតគាំទ្រផលិតផលក្នុងស្រុកកើនឡើងជាលំដាប់ ហើយទំនោរនៃការនាំចូលផលិតផលពីប្រទេសផ្សេងៗជំនួសផលិតផលថៃ ក៏មានកាន់តែច្រើនផងដែរនាពេលនេះ»។
អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា លោក គុណ ញឹម កាលពីខែវិច្ឆិកា ឆ្នាំ២០២៥ បាននិយាយថា ក្នុងនាមជាសមាជិករបស់អង្គការពាណិជ្ជកម្មពិភពលោក និងជាសមាជិកអាស៊ាន គឺកម្ពុជាមិនបានបិទលំហូរពាណិជ្ជកម្មជាមួយប្រទេសថៃឡើយ ដោយលើកលែងតែប្រភេទមុខទំនិញដែលរដ្ឋាភិបាលបានកំណត់(ប្រេងសាំង, ប្រេងម៉ាស៊ូត, ឧស្ម័នរាវសម្រាប់ដុត, ប្រេងខ្មៅ និងប្រេងសាំងយន្តហោះ)។ លោកបានអះអាងថា សម្រាប់ទំនិញផ្សេងៗ គឺថៃអាចបន្តនាំចូលកម្ពុជាបានច្រើន ឬតិច អាស្រ័យទៅលើអ្នកប្រើប្រាស់។ ប្រសិនបើអ្នកទិញមិនទិញ ឬកាត់បន្ថយការទិញឱ្យកាន់តែតិចទៅៗនោះអ្នកលក់ក៏អាចនឹងកាត់បន្ថយការយកមកលក់ដែរ។
លោកបញ្ជាក់ថា៖«អ្នកប្រើប្រាស់ ទិញ ឬមិនទិញ មិនមែនមានអនុក្រឹត្យ ឬប្រកាសណាបង្ខំឱ្យទិញ ឬមិនទិញនោះទេ។ ប៉ុន្តែនេះជាស្មារតី ជាមនសិការទេ អ៊ីចឹងហើយវាខុសគ្នា អំពីគោលការណ៍ស្មារតី មនសិការ។ ពេលខ្លះអ្នកដែលមិនយល់មកដាក់បន្ទុក ឬស្តីបន្ទោស មានអ្នកខ្លះរហូតដល់ដាក់បណ្តាសារមន្រ្តីគយទៀត ថាហេតុអ្វីបានឱ្យទំនិញចូលមក?»។
ក្នុងឆ្នាំ២០២៥ ការធ្វើពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសកម្ពុជា-ថៃ មានទឹកប្រាក់សរុប ៣,៦៦ ពាន់លានដុល្លារ ថយចុះ ១៤,៩% បើធៀបនឹងឆ្នាំ២០២៤ ក្នុងនោះកម្ពុជានាំចេញ ៧៣២,៨៥ លានដុល្លារ ធ្លាក់ចុះ ១៤,១% និងថៃនាំចូលមកវិញ ២,៩២ ពាន់លានដុល្លារ ថយចុះ ១៥%។ នេះបើយោងតាម GDCE៕
ប្រភព៖ PostKhmer