គ្រាប់ផ្លោងទាហានថៃបំផ្លាញ​គ្រួសារ​អ្នកស្រី ឌុច ភារុន និង​មន្ត្រីប៉ូលិស ឃ្លាំង ធឿន ដែលស្រឡាញ់គ្នាតាំងពីនៅរៀន

ភាព​កក់ក្ដៅនៃ​គ្រួសារ​អ្នកស្រី​ ឌុច ភារុន និង​លោក​ ឃ្លាំង ធឿន ដែល​ជា​មន្ត្រី​ប៉ូលិស​នៅ​ឃុំ​គោកមន ​ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ បាន​ដល់​ទី​បញ្ចប់​នៅ​ថ្ងៃទី១៧ ខែធ្នូ នៅ​ពេល​គ្រាប់​ផ្លោង​ថៃ​បាន​ធ្លាក់​​លើ​ផ្លូវ​មួយ​នៅ​ក្នុង​ភូមិ។

អ្នកស្រី ឌុច ភារុន និង​លោក​ ឃ្លាំង ធឿន បាន​ស្គាល់គ្នា​តាំង​ពី​កុមារភាព ដោយបាន​រៀន​ក្នុង​ថ្នាក់​ជាមួយ​គ្នា​នៅ​ក្នុង​សាលា​ក្នុង​ភូមិ និង​បាន​ស្រឡាញ់គ្នា​តាំង​ពីពេល​នៅ​កុមារ។ ពួក​គេ​បាន​រៀបការ​នៅឆ្នាំ​២០១០ មានកូនប្រុស​អាយុ ១៥​ឆ្នាំ និង​កូនស្រីពៅ អាយុ ១៣​ឆ្នាំ។

នៅ​ពេល​ផ្ទុះ​សង្គ្រាម​ទាំង​នៅ​ខែ​កក្កដា និង​ខែធ្នូ ឆ្នាំ២០២៥ អ្នកស្រី​តែង​រត់​ភៀស​ខ្លួន​ទៅ​ខេត្ត​សៀមរាប ខណៈដែល​ប្ដី​ជា​ប៉ូលិស​បន្ត​ល្បាត​យាម​នៅ​ក្នុង​ភូមិ។ ពួក​គេ​តែង​តែ​ទូរស័ព្ទ​សួរ​សុខទុក្ខ​គ្នា ឥតដាច់។ ប៉ុន្តែ នៅពេល​អ្នកស្រី ឌុច ភារុន ស្នាក់​នៅ​កន្លែង​ភៀស​សឹក​នៅ​ខេត្ត​សៀមរាប ហេតុការណ៍​រន្ធបាន​កើត​ឡើង។

អ្នកស្រី ឌុច ភារុន បានរៀបរាប់​ថា៖ «នៅវេលានៅម៉ោង៥ល្ងាច ថ្ងៃទី១៧ ខែឆ្នូ ឆ្នាំ២០២៥ ប៉ូលិសប៉ុស្តិ៍រដ្ឋបាលឃុំគោកមនម្នាក់ បានហៅទូរស័ព្ទមកខ្ញុំ និងប្រាប់ថា ប្ដីខ្ញុំត្រូវគ្រាប់ប្លោងរបស់ទាហានថៃរងរបួសធ្ងន់បានបញ្ជូនទៅកាន់មន្ទីរពេទ្យនៅស្រុកចុងកាល់ហើយ»។​

អ្នកស្រីបន្ត​​ថា បងប្រុសរបស់​អ្នកស្រី​ឈ្មោះ ឌុច ប៉ាង ដែលជាប្រធានភូមិគោកបន បាន​រៀបប្រាប់​អ្នកស្រី​ថា នៅ​ថ្ងៃ​កើត​ហេតុ មាន​កងទ័ពខ្មែរចំនួន ៣នាក់ទៅ​រក​ទិញ​អំពូល​សូឡា​នៅ​ក្នុង​ភូមិ។ ពេលនោះអ្នកស្រី​នាំកងទ័ពទាំងនោះមកតូបលក់អំពូលសឡា ដែលជាតូបបង ឌុច ប៉ាង ស្ថិតនៅជាប់ផ្ទះ​របស់​អ្នកស្រី។​

អ្នកស្រី​ថា នៅខណៈពេលមកដល់ ប្ដីអ្នកស្រី​បានឈប់ម៉ូតូនៅមុខ​តូប ស្រាប់​តែ​ភ្លាមៗ មានគ្រាប់ផ្លោង​របស់ទាហានថៃបានធ្លាប់ចុះមកចំកណ្ដាលទ្រូងផ្លូវថ្នល់ នៅមុខតូបតែម្ដង ជាហេតុធ្វើឲ្យប្ដីអ្នក​ត្រូវអំបែងគ្រាប់ផ្លោង​ពេញទំហឹងតែម្តង។

អ្នកស្រី​រៀបរាប់​ទាំងទឹកភ្នែកថា៖ «ពេលខ្ញុំបានឮដំណឹងនេះខ្ញុំស្លុតចិត្តណាស់ ហើយកាន់តែរន្ធត់ខ្លាំងថែមទៀត នៅខណៈពេលខ្ញុំកំពុងតែរៀបចំអីវ៉ា់ន់ទៅមន្ទីរពេទ្យនោះ ខ្ញុំបានទទួលដឹណឹងថា ប្តីខ្ញុំបានស្លាប់នៅតាមផ្លូវពេលបញ្ជូនទៅមន្ទីរពេទ្យបាត់ទៅហើយ។ នៅម៉ោងប្រហែល៧យប់ថ្ងៃដដែល សពប្ដីខ្ញុំត្រូវបានបញ្ជូនមកជំរំជនភៀសសឹកក្នុងវត្តគោកប៉ាទ្រី (ខេត្ត​សៀមរាប) ដើម្បីធ្វើបុណ្យតាមប្រពៃណី»។

[img]

ការ​ស្លាប់​របស់​លោក ឃ្លាំង​ ធឿន បន្សល់​នូវ​អម្រែក​គ្រួសារ​សម្រាប់​អ្នកស្រី ឌុច ភារុន។ អ្នកស្រី​រៀបរាប់​ថា៖ «អ្វីដែលខ្ញុំចង់ចាំពីប្ដីខ្ញុំ គឺគាត់ជាមនុស្សស្លូតបូត មិនដែលឈ្លោះជាមួយខ្ញុំឡើយ។ ប្ដីខ្ញុំឲ្យតម្លៃខ្ញុំជាប្រពន្ធណាស់។ ប្ដីខ្ញុំតែងតែជួយខ្ញុំ នៅពេលខ្ញុំត្រូវការអ្វីមួយ។ ប្ដីខ្ញុំតែងទូន្មានកូនឲ្យខំប្រឹងរៀន ពីព្រោះប្ដីខ្ញុំចង់ឲ្យកូនធ្វើជាប៉ូលីសដូចគាត់ដែរ។ ប្ដីខ្ញុំមានបំណងចង់ទិញឡានមួយគ្រឿងសម្រាប់ខ្ញុំ និងកូន ប៉ុន្តែប្ដីខ្ញុំមិនទាន់បានសម្រេចបំណង ឥឡូវគាត់បានលាចាកលោកហើយ»។

នៅថ្ងៃទី៣០ ខែឆ្នូ ឆ្នាំ២០២៥ អ្នកស្រី​និងកូនៗត្រឡប់មកផ្ទះដែល​គ្មាន​រូប​ឳពុក​ទៀតទេ។ អ្នកស្រី​ថា ទាហានថៃបានបង្កសង្រ្គាមក្នុងគោលបំណងចង់បានទឹកដីខ្មែរ បានធ្វើឲ្យប្ដីអ្នកស្រី​ស្លាប់ ហើយ​ក្លាយជាស្រ្តីមេម៉ាយ កូនកំព្រាឪពុក និងបាត់បង់ភាពកក់ក្កៅ។

អ្នកស្រី​និយាយ​ថា៖ «ខ្ញុំពិតជាចង់បានយុត្តិធម៌សម្រាប់ប្ដីខ្ញុំណាស់ និងចង់ឲ្យទាហានថៃទទួលខុសត្រូវនូវអ្វីដែលខ្លួនបានបង្កឡើង។ ខ្ញុំបានបាត់បង់ប្តីជាទីស្រលាញ់ និងខូចខាតទ្រព្យសម្បត្តិដែលបានខិតខំរកជាយូឆ្នាំមកហើយ»៕

កំណត់​សម្គាល់៖ អត្ថបទនេះ​យោង​លើ​ការ​ចុះ​សម្ភាស​របស់ក្រុមការងារគម្រោង៨១៧ ដើម្បីការចងចាំ យុត្តិធម៌ និងសន្តិភាពនៃមជ្ឈមណ្ឌលឯកសារកម្ពុជា ​នៅចន្លោះថ្ងៃទី១១ ដល់១៣ ខែកុម្ភះ ឆ្នាំ២០២៦។

 

ប្រភព៖ PostKhmer

Comments (0)
Add Comment