ក្រសួងវប្បធម៌អំពាវនាវឱ្យថែរក្សាពិធីបុកល័ក្តតាមទំនៀមទម្លាប់ដើម និងចៀសវាងការ​ប៉ះពាល់​សាសនាដទៃ

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈអំពាវនាវអ្នកសិល្បៈ និងអ្នករៀបចំពិធីមង្គលការគោរព និងអនុវត្តតាម ពិធីដើម ចៀសវាងការប្រើប្រាស់ពាក្យសម្តី កាយវិការ សម្លៀកបំពាក់ និងការកែច្នៃដែលប្រាសចាក ពីទំនៀមទម្លាប់ដើម នាំឱ្យប៉ះពាល់ដល់ប្រពៃណី ជំនឿ សាសនា និងជាតិសាសន៍នានា។

តាមរយៈលិខិតរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី២៣ ខែកុម្ភៈនេះ បានឱ្យដឹងថា នារយៈពេលថ្មីៗនេះ ក្រសួងសង្កេតឃើញមានបញ្ហាពាក់ព័ន្ធនឹងសកម្មភាពមួយចំនួន ក្នុងដំណើរ ការរៀបចំពិធីអាពាហ៍ពិពាហ៍ខ្មែរ ពិសេសសកម្មភាពក្នុងពិធីបុកល័ក្ត ដោយមានការប្រើពាក្យពេចន៍ កាយវិការ និងសម្លៀកបំពាក់មិនសមរម្យ ប៉ះពាល់ដល់តម្លៃអាពាហ៍ពិពាហ៍ផង និងទំនៀមទម្លាប់ សាសនាឥស្លាមផង។

ក្រសួងពន្យល់ថា ពិធីបុកល័ក្ត ជាផ្នែកមួយដ៏សំខាន់នៃពិធីអាពាហ៍ពិពាហ៍ខ្មែរ ឬត្រូវបានស្គាល់ថា ជាពិធីធ្វើធ្មេញបំពេញល័ក្ត ឬបុកល័ក្ខ។ ពិធីនេះជាទំនៀមទម្លាប់តាមតំបន់ ឬប្រារព្ធតាមលទ្ធភាពសាមីពិធី ក្នុងន័យជានិមិត្តរូបបំពេញកិច្ចឱ្យកូនប្រុស កូនស្រី ត្រូវទទួលនូវពាក្យផ្អែម ល្វីង ជូរ ចត់ ហឹរ ប្រៃ ក្នុងជីវិតប្តីប្រពន្ធ ឧបមាដូចទៅនឹងរសជាតិវត្ថុជាថ្នាំផ្សេងៗផ្សំមកប្រើធ្វើធ្មេញក្នុងពិធីបុកល័ក្ត។

តាមទំនៀមទម្លាប់ ក្នុងពិធីបុកល័ក្តតែងមានការចូលរួមពីបងប្អូនញាតិមិត្ត ដោយមិនប្រកាន់ពណ៌សម្បុរ ឬ សាសនានោះឡើយ។ នៅតំបន់ខ្លះ តែងធ្វើពិធីនេះដោយមានការសម្តែងវែងឆ្ងាយពីដំណើរទៅរកល័ក្ខ និងគ្រឿងថ្នាំ ដោយឆ្លងទឹក ឆ្លងអូរ កាត់ព្រៃភ្នំ ហើយជួបប្រទះដោយសត្វតូចធំនានាជាឧបសគ្គ។ រីឯការសម្តែងជាសិល្បៈ ភាគច្រើន គឺពាក់ព័ន្ធនឹងសកម្មភាពនៃដំណើររកល័ក្តដោយ ជួបជាតិសាសន៍ ផ្សេងៗ ដូចជាចិន ចាម្ប៉ា ជនជាតិដើមភាគតិចជាដើម។ល។ ក្នុងការអនុវត្តជាក់ស្តែង ពិធីនេះអាចប្រែប្រួលតាមទម្រង់ផ្សេងៗទៅតាមតំបន់ ឬទៅតាមលទ្ធភាពនានា។

ក្រសួងវប្បធម៌បញ្ជាក់ថា ទោះស្ថិតក្រោមទម្រង់ណាមួយក៏ដោយ ក៏ជាពិធីនេះធ្វើឡើងក្នុងន័យ ចូលរួមរក្សាតម្លៃ ជំនឿសាសនា និង របៀបរបបប្រពៃណីរបស់អាពាហ៍ពិពាហ៍ខ្មែរ។

ជាមួយគ្នានេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អំពាវនាវដល់គ្រប់អ្នកសិល្បៈ និង អ្នករៀបចំពិធី ត្រូវរក្សាឱ្យបាននូវការគោរព និងការអនុវត្តតាមពិធីដើមនៃមង្គលការ ដោយចៀសវាងឱ្យបាន នូវការកែច្នៃ ដែលប្រាសចាកពីទំនៀមទម្លាប់ដើម ជាពិសេសការប្រើប្រាស់ពាក្យសម្តី កាយវិការ និងសម្លៀកបំពាក់ ទាំងឡាយដែលប៉ះពាល់ដល់ប្រពៃណី ទំនៀមទម្លាប់នៃជំនឿ និងសាសនារបស់សហគមន៍ និងជាតិសាសន៍នានា៕

 

ប្រភព​៖ PostKhmer

Comments (0)
Add Comment