ស៊ីក្លូលើវិថីថ្មើរជើងបន្តផ្ដល់​បទពិសោធ​មធ្យោបាយ​ធ្វើដំណើរ​បុរាណជា​​ថ្នូរ​កម្រៃ​តាម​​ទឹកចិត្តភ្ញៀវ

ភ្នំពេញ៖ ​ពេល​យប់​នា​​វិថី​ថ្មើរជើងចតុមុខ​ ឬ Chaktomuk Walk Street ​ក្នុង​រាជធានី​ភ្នំពេញ ពន្លឺភ្លើង​តុបតែង​ត្រូវបាន​បំភ្លឺ​ឡើង ខណៈ​មហាជន​​នាំគ្នា​ចូល​កម្សាន្ត​ក្នុង​តំបន់​ថ្មើរជើងនា​ចុង​សប្ដាហ៍​​។​

ក្រុម​​គ្រួសារ គូស្នេហ៍ និង​ក្រុមយុវជន​ដើរលេង​ក្រោមពន្លឺភ្លើងពណ៌​ អមដោយ​តូប​លក់​ដូរ​រាប់​រយ​ ស៊ីក្លូ​ពណ៌​បៃតង​មួយចំនួន​បន្តធ្វើដំណើរ​​យឺតៗ​តាម​ដងផ្លូវ ផ្តល់ឱកាស​ឱ្យ​ភ្ញៀវ​បាន​ស្គាល់​មធ្យោបាយ​ធ្វើដំណើរ​បែប​បុរាណ ដែលមាន​ប្រវត្តិសាស្ត្រ​រយៈពេល​ជាច្រើន​ទសវត្សរ៍​។​

អ្នកធាក់ស៊ីក្លូ​ដែល​បម្រើ​សេវាកម្ម​នៅ​តំបន់ Chaktomuk Walk Street បាន​បញ្ជាក់ថា ពួកគេ​មិន​ត្រូវបាន​អនុញ្ញាតឱ្យ​ទាមទារ​តម្លៃ​ជាក់លាក់​ពី​ភ្ញៀវ​នៅ​ថ្ងៃ​ចុង​សប្ដាហ៍​ឡើយ ដោយ​អាស្រ័យ​លើទឹក​ចិត្ត​របស់​ភ្ញៀវ​ជា​អ្នកផ្តល់​។​

លោក អ៊ុំ សំអឿន អាយុ ៤៨​ឆ្នាំ អ្នកធាក់ស៊ីក្លូ​ដែលមាន​បទពិសោធន៍ ២០​ឆ្នាំ មកពី​ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ថា​៖ «​ខាង​សមាគម​មិន​តម្រូវឱ្យ​អ្នកធាក់ស៊ីក្លូ​ទារ​តម្លៃ​ពេល​ដឹក​ភ្ញៀវ​នៅ Walk Street ចុង​សប្ដាហ៍​នេះ​ទេ​។ វា​ជា​ទឹកចិត្ត​របស់​ភ្ញៀវ​ផ្ទាល់​»​។​

លោក អ៊ឹម សម្បត្តិ ប្រធាន​សមាគម​អភិរក្ស​ស៊ីក្លូ និង​មុខរបរ​ក្រៅ​ប្រព័ន្ធ (CCCA) ក៏បាន​បញ្ជាក់​ដូចគ្នា​ថា​៖ «​យើង​មិន​តម្រូវ​កំណត់​តម្លៃ​ឡើយ ដោយ​វា​ជាការ​ចូលរួម ក៏ដូចជា​ជួយ​សម្រួល និង​លើកទឹកចិត្ត​ដល់​អ្នក​ថ្មើរជើង​ដែលមាន​បំណង​ចង់​ជិះ​ស៊ីក្លូ​»​។​

តាម​ការបញ្ជាក់​របស់​លោក សំអឿន កម្រៃ​ដែល​ទទួលបាន​ខុសគ្នា​ច្រើន​។ លោក​ថា​៖ «​ជួនកាល​ភ្ញៀវ​ខ្លះ​ប្រាក់ ៥,០០០​រៀល ហើយ​ភ្ញៀវ​ខ្លះទៀត​ដែលមាន​ក្ដី​អាណិត​ស្រឡាញ់​អ្នកធាក់ស៊ីក្លូ ពួកគាត់​ផ្ដល់​រហូតដល់ ៥​ម៉ឺន​រៀល ពេល​ជិះ​កម្សាន្ត​នៅ​តំបន់​ថ្មើរជើង​»​។​

បច្ចុប្បន្ន លោក សំអឿន អាច​រត់​ស៊ីក្លូ​លើ Walk Street មួយខែ​ម្តង​តាម​វេន​កំណត់ ហើយ​ភាគច្រើន​ដឹក​បានតែ​១ ឬ​២​ជើង​ប៉ុណ្ណោះ​ក្នុង​មួយ​វេន​។

លោក​រំឭកថា នៅ​ដំបូង​ពេល​បើក Walk Street អ្នកធាក់ស៊ីក្លូ​អាច​រកចំណូលបាន​លើសពី ១០​ម៉ឺន​រៀល​ក្នុង​មួយ​យប់ ដោយសារ​ភ្ញៀវ​ច្រើន​។​

លោកបាន​និយាយថា​៖ «​ឥឡូវនេះ ភ្ញៀវ​ហាក់​ចូលចិត្ត​ដើរ​ច្រើន ដោយ​គ្រាន់តែ​ចង់​សាក​ជិះ​ដំបូងៗ​ប៉ុណ្ណោះ​»។

[img]

នៅ​ថ្ងៃ​សុក្រ និង​ថ្ងៃ​សៅរ៍ លោក​អាច​ដឹក​ភ្ញៀវ​បរទេស​បាន​ប្រហែល​ពីរ​ជើង ខណៈ​ថ្ងៃ​ផ្សេងទៀត លោក​រង់ចាំ​ភ្ញៀវ​នៅតាម​ផ្សារ​។ ដូច​អ្នកធាក់ស៊ីក្លូ​ជាច្រើន​ផ្សេងទៀត ជីវភាព​របស់លោក​ពឹងផ្អែក​យ៉ាងខ្លាំង​លើ​វិស័យ​ទេសចរណ៍​។​

ដោយមាន​ការគាំទ្រ​ពី​ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន លោក សំអឿន បានឱ្យដឹងថា លោក​ទទួលបាន​ប្រាក់ឧបត្ថម្ភ​ប្រចាំថ្ងៃ​ចំនួន ៧,០០០​រៀល សម្រាប់​ចំណាយ​លើ​អាហារ និង​ថ្លៃ​ជួល​ស៊ីក្លូ​។ ទោះជា​បាន​ប្រកប​របរ​នេះ​អស់​រយៈពេល​ពីរ​ទសវត្ស​រ៍ ក៏​ស្ថានភាព​រស់នៅ​របស់លោក​នៅតែ​សាមញ្ញ​។​

លោក​បាន​និយាយថា​៖ ​២០​ឆ្នាំ​មកនេះ ​លោក​​ជ្រក​ក្រោម​សំយាបផ្ទះ​គេ ប្រើ​បន្ទប់ទឹក​សាធារណៈ និង​ទឹក​តាម​សួន សន្សំ​ប្រាក់​បន្តិចបន្តួច​ដើម្បី​ផ្គត់ផ្គង់​គ្រួសារ​នៅ​ស្រុក​។

លោក​បន្ថែមថា​៖ «​យើង​ដេក​នៅ​សំយាបផ្ទះ មុខ​វត្ត និង​អែបៗ​ខាងត្បូង​ផ្សារកណ្ដាល បើ​មាន​បន្ទប់ទឹក​សាធារណៈ និង​កន្លែង​ងូតទឹក​តាម​សួន ហើយ​បើ​មាន​ភ្ញៀវ យើង​យក​តង់​គ្រប​ស៊ីក្លូ​»​។​

លោក​បាន​ពិពណ៌នា​ឆ្នាំ ២០០៥ ថា​ជា​រយៈពេល​មាស​នៃ​របរ​ស៊ីក្លូ ដោយ​ពេលនោះ​មិនទាន់មាន​រ៉ឺម៉ក​ម៉ូតូ ជាពិសេស​សេវាកម្ម​តាម​កម្មវិធី​ទូរស័ព្ទ ដែល​ធ្វើឱ្យ​តម្រូវការ​លើ​មធ្យោបាយ​បុរាណ​នេះ​នៅ​ខ្ពស់​។ ប៉ុន្តែ​បច្ចុប្បន្ន ការប្រកួតប្រជែង​ពី​សេវាកម្ម​ដឹកជញ្ជូន​តាម​កម្មវិធី​បាន​ផ្លាស់ប្តូរ​ទីផ្សារ​។​

យ៉ាងណាក៏ដោយ លោក សំអឿន បញ្ជាក់ថា លោក​មិន​មានបំណង​ប្តូរ​របរ​នេះឡើយ ទោះបី​សេវាកម្ម​ទំនើប​កំពុង​គ្របដណ្ដប់​លើ​ដងផ្លូវ​ភ្នំពេញ​ក៏ដោយ​។​

សម្រាប់​គ្រួសារ​ខ្លះ ស៊ីក្លូ​មិនមែនជា​មធ្យោបាយ​ដឹកជញ្ជូន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ជា​បទពិសោធន៍​មួយ​។ អ្នកស្រី ភិន លី​ណា ដែល​បាន​ជិះ​ស៊ីក្លូ​ជាមួយ​កូនៗ​លើ Walk Street បាន​និយាយថា សេវាកម្ម​នេះ​ងាយស្រួល​សម្រាប់​កុមារ​តូចៗ អាច​មើល​ទេសភាព​បាន​ច្រើន និង​ជួយ​លើកស្ទួយ​របរ​ស៊ីក្លូ​ដែល​ស្ទើរតែ​បាត់បង់​។

អ្នកស្រី​បាន​ឱ្យដឹងថា​៖ «​អ្នកធាក់ស៊ីក្លូ​ភាគច្រើន​មាន​វ័យចាស់ មិនសូវ​មានឱកាស​ដឹក​ភ្ញៀវ​ដូច​រ៉ឺម៉ក ជាពិសេស PassApp​។ នេះ​ជាការ​គាំទ្រ​ដល់​ការអភិរក្ស​ស៊ីក្លូ ជួយ​ដល់​ជីវភាព​អ្នកធាក់ស៊ីក្លូ និង​ផ្តល់​បទពិសោធន៍​ជិះ​ស៊ីក្លូ​សម្រាប់​ក្មេងៗ​ផងដែរ​»។​

[img]

លោក សម្បត្តិ ​​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍ថា​៖ «​យើង​បានកំណត់​ចំនួន​ស៊ីក្លូ​ក្នុង​មួយ​ល្ងាច​ត្រឹម ១៤​គ្រឿង ដែល​មិន​ធ្វើឱ្យប៉ះពាល់​ដល់​ការធ្វើដំណើរ​ថ្មើរជើង​។ អ្នកផ្តល់​សេវា​ត្រូវ​ដឹក​ភ្ញៀវ​ក្នុង​ល្បឿន​យឺត និង​មិន​ចេញដំណើរ​ព្រម​គ្នា​»​។

មុនពេល​វិបត្តិ​កូ​វីដ​-១៩ ភ្នំពេញ​មាន​អ្នកធាក់ស៊ីក្លូ​ប្រហែល ៣០០​នាក់ ប៉ុន្តែ​ចំនួន​នេះ​បាន​ថយ​ចុះមក​នៅត្រឹម​ប្រហែល ២៨០​នាក់ បើទោះបី​មិនមែន​ទាំងអស់​ស្ថិតនៅក្នុង​រាជធានី​ក៏ដោយ​។

ក្នុងចំណោម​នេះ ប្រហែល ២២០​នាក់​ស្ថិតនៅ​ភ្នំពេញ ខណៈ​អ្នក​ផ្សេងទៀត​វិលត្រឡប់​ទៅ​ស្រុកកំណើត​ជា​បណ្តោះអាសន្ន ដើម្បី​ធ្វើស្រែ​ចម្ការ​។​

​ក្នុងចំណោម​អ្នកធាក់ស៊ីក្លូ ២៨០​នាក់​ដែល​នៅ​សកម្ម ប្រហែល ៧៥ ទៅ ៨០​ភាគរយ ពឹង​ផ្អែកលើ​វិស័យ​ទេសចរណ៍​ជា​ចម្បង ជាង​ការដឹកជញ្ជូន​ប្រចាំថ្ងៃ​សម្រាប់​ប្រជាពលរដ្ឋ​ក្នុងស្រុក​។​

លោក សម្បត្តិ ថ្លែងថា​៖ «​ភាគច្រើន​មាន​អាយុ​ចន្លោះ​ពី ៥០ ដល់ ៧០​ឆ្នាំ ហើយ​មិនមាន​ជម្រើស​ផ្សេងទៀត​ក្រៅពី​បន្ត​ធាក់​ស៊ីក្លូ ដោយសារ​បានធ្វើ​រយៈពេល​យូរ ខណៈ​អ្នក​វ័យក្មេង និង​កម្លាំង​ល្អ​អាច​ប្តូរ​ទៅធ្វើជា​កម្មករសំណង់​បាន​»​​។​

នៅពេល​ចំណូល​ធ្លាក់ចុះ ពួកគេ​ច្រើនតែ​ខ្វះ​ថវិកា​ទិញ​អាហារ និង​ពឹងផ្អែក​យ៉ាងខ្លាំង​លើ​សប្បុរសជន​។​

ខណៈ Walk Street បន្ត​ទាក់ទាញភ្ញៀវ​​ស្វែងរក​ការកម្សាន្ត និង​សម្រាក​លំហែកាយ វត្តមាន​ស៊ីក្លូ​យឺតៗ​នៅលើ​ដងផ្លូវ ក្លាយ​ជាការ​រំឭក​ពី​អតីតកាល​របស់​ភ្នំពេញ ដែល​ទោះ​រឹងមាំ និង​អត់ធ្មត់ ប៉ុន្តែ​ក៏​កំពុង​ប្រឈមមុខ​​ការប្រែប្រួល​សម័យ​ទំនើប​ផងដែរ៕

 

ប្រភព៖ PostKhmer

Comments (0)
Add Comment