ទិវារត់ប្រណាំងអន្ដរជាតិ ពាក់កណ្ដាលម៉ារ៉ាតុង លើកទី១១ នៅខេត្តព្រះសីហនុ មានអ្នកចូលរួមប្រមាណ១៥០០០នាក់ គឺបានបំបែកឯតទគ្គកម្ម សម្រាប់ការរៀបចំចំនួន១០លើកកន្លងមក ហើយសម្ទុះអ្នកចូលរួមយ៉ាងច្រើននេះ ក៏បានរួមចំណែកយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយវិស័យទេសចរ និងតំបន់ឆ្នេរស្អាតរបស់ខេត្តមួយនេះទៅកាន់ពិភពលោកផងដែរ។
តាមពិតទិវារត់ប្រណាំងអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុង លើកទី១១ នៅខេត្តព្រះសីហនុនេះ គណៈកម្មការរៀបចំ បានដាក់ក្តីសង្ឃឹមថា អាចមានអ្នកចូលរួមប្រមាណ២៥០០នាក់ទេ ព្រោះការរៀបចំចំនួន១០លើកកន្លងមក ក៏មានចំនួនអ្នកចូលរួមមិនលើសនេះដែរ ហើយគណៈកម្មការបានព្យាករណ៍ថា រយៈពេលពី៣ទៅ៥ឆ្នាំទៀត ទើបអាចមានអ្នកចូលរួមជាង១ម៉ឺននាក់។
ប៉ុន្តែជាក់ស្តែង ការរៀបចំទិវារត់ប្រណាំងអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុង លើកទី១១ នៅខេត្តព្រះសីហនុ កាលពីព្រឹកថ្ងៃទី២២ ខែមីនានេះ មានអ្នកចូលរួមដល់ ១៥០០០នាក់មកពី៤១ប្រទេស ហើយនេះជាតួលេខដែលធ្វើឱ្យគ្រប់គ្នា មានការភ្ញាក់ផ្អើល និងស្ទើរតែមិនចង់ជឿ ដោយក្នុងនោះវិញ្ញាសារត់១០គីឡូម៉ែត្រ ៥គីឡូម៉ែត្រ ជាពិសេសការរត់កម្សាន្ត៣គីឡូម៉ែត្រ មានអ្នកចូលរួមរាប់ពាន់នាក់ ពិសេសក្មេងៗជាសិសស្សានុសិស្ស និងអ្នកធ្វើការងារ ខណៈវិញ្ញាសារត់ចម្ងាយ២១គីឡូម៉ែត្រ មានអ្នកចុះឈ្មោះត្រឹមរយនាក់ទេ។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ក៏មានការភ្ញាក់ផ្អើលនូវចំនួនអ្នកចូលរួមយ៉ាងច្រើននេះ ដោយសារតែទិវារត់ប្រណាំងអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុង លើកទី១១នេះ មានការកែប្រែផ្លូវរត់ ដោយបានបង្វែរការរត់នៅតាមឆ្នេរសមុទ្រជិត២០គីឡូម៉ែត្រ ធ្វើឱ្យមានការទាក់ទាញដល់អ្នករត់កាន់តែខ្លាំង ហើយគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសខេត្តម្ចាស់ផ្ទះ បានកៀរគរសិស្សានុសិស្ស ប្រជាពលរដ្ឋ មន្រ្តីរាជការ និងអ្នកធ្វើការនៅតាមស្ថាប័នផ្សេងៗក្នុងខេត្តនេះឱ្យមកចូលរួមយ៉ាងច្រើន ធ្វើឱ្យចំនួនអ្នកចូលរួមសរុបកើនដល់ប្រមាណ១៥០០០នាក់ លើកការំពឹងទុក។
[img]
លោក វ៉ាត់ ចំរើន បញ្ជាក់ថា៖ «នេះជាតួរលេខមិនធ្លាប់មាន និងបានបំបែកឯតទគ្គកម្មចំនួនអ្នករត់ ក្នុងប្រវត្តិរៀបចំ ១០លើកកន្លងមក ជាមួយការកែសម្រួលតម្រាយផ្លូវតាមបណ្ដោយឆ្នេរស្ទើរទាំងអស់ ដែលធ្វើឱ្យអ្នកចូលរួមទទួលបាននូវបទពិសោធន៍ថ្មី និងស្នាមញញឹមក្នុងការចូលរួមលើកនេះ»។
ជាមួយភាពជោគជ័យនេះ ក្នុងនាមគណៈកម្មការរៀបចំលោក វ៉ាត់ ចំរើន សង្ឃឹមថា ឆ្នាំក្រោយៗព្រឹត្តិការណ៍នេះ នឹងទាក់ទាញការចូលរួមកាន់តែច្រើន ពិសេសអត្តពលិកបរទេស ក្នុងការមកទទួលនូវបទពិសោធន៍ដ៏អស្ចារ្យ ជាមួយការរត់ពាក់កណ្ដាលម៉ារ៉ាតុងតាមឆ្នេរសមាជិកក្លិបឆ្នេរស្អាតជាងគេ និងវែងជាងគេនេះ ហើយ NOCC ក៏នឹងពិចារណាពង្រីកព្រឹត្តិការណ៍នេះ ទៅជាទិវារត់ប្រណាំងម៉ារ៉ាតុង ឬការរត់ចម្ងាយ ៤២គីឡូម៉ែទ្រនាថ្ងៃអនាគតផងដែរ។
ចំណែកលោក ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានបង្ហាញការសាទរចំពោះភាពជោគជ័យ ក្នុងនាមជាម្ចាស់ផ្ទះរៀបចំទិវារត់ប្រណាំងអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុង លើកទី១១នេះ ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយពីសមិទ្ធផលនានានៅក្នុងខេត្តព្រះសីហនុ ជាពិសេសតំបន់ឆ្នេរស្អាតទៅកាន់ពិភពលោក។
តាមរយៈព្រឹត្តិការណ៍នេះដែរ លោក ស៊ីណេត បានអះអាងថា បាននាំមកជូននៅសេចក្តីស្រលាញ់ ស្នាមញញឹម សុភមង្គល និងភាពកក់ក្តៅពោរពេញដោយអនុស្សាវរីយល្អៗមិនអាចបំភ្លេចបានដល់កីឡាករ កីឡាការិនី និងអ្នករត់ទាំងអស់ ហើយសម្ទុះអ្នកចូលរួមប្រមាណ ១៥០០០នាក់ នៅពេលនេះ ក៏បានបង្ហាញឱ្យឃើញពីស្មារតីស្នេហាជាតិ ក្នុងគ្រាដែលប្រទេសជាតិកំពុងជួបវិបត្តិផងដែរ។
លោកអភិបាលខេត្តបានបញ្ជាក់ថា៖ «ព្រឹត្តិការណ៍នេះ បានលើកកម្ពស់ស្មារតីស្នេហាជាតិ ប្រឹងឈរដោយខ្លួនឯង ខិតខំដោយខ្លួនឯង និងពង្រឹងភាពជាម្ចាស់ខ្លួនឯង ដើម្បីធានាដល់ការការពារ និងកសាងប្រទេសជាតិរបស់យើង ហើយព្រឹត្តិការណ៍ថ្ងៃនេះទៀតសោត នឹងជួយផ្សព្វផ្សាយ និងលើកស្ទួយវិស័យទេសចរណ៍នៅខេត្តព្រះសីហនុឱ្យមានការរីកចម្រើន សំដៅធ្វើឱ្យខេត្តព្រះសីហនុ បន្តជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព ភាពទាក់ទាញ ពោរពេញដោយភាពកក់ក្តៅ និងស្នាមញញឹម»៕
ប្រភព៖ PostKhmer