ទិវារត់ប្រណាំង​អន្តរជាតិ​ពាក់កណ្តាល​ម៉ារ៉ាតុង នៅខេត្ត​ព្រះសីហនុ បានបំបែកឯតទគ្គកម្មមាន​អ្នក​ចូលរួម​ជាង​១ម៉ឺន​នាក់

0 7

ទិវារត់​ប្រណាំងអន្ដរជាតិ ពាក់កណ្ដាលម៉ារ៉ាតុង លើកទី១១ នៅខេត្តព្រះសីហនុ មានអ្នក​ចូលរួមប្រមាណ​១៥០០០នាក់ គឺ​បានបំបែកឯតទគ្គកម្ម សម្រាប់ការ​រៀបចំចំនួន​​១០​លើក​កន្លងមក ហើយ​សម្ទុះ​អ្នកចូលរួម​យ៉ាង​ច្រើននេះ ក៏បានរួមចំណែក​យ៉ាងសំខាន់ក្នុងការ​​​ផ្សព្វ​ផ្សាយ​វិស័យ​​ទេសចរ និង​តំបន់​ឆ្នេរស្អាត​របស់​ខេត្តមួយនេះ​ទៅកាន់ពិភពលោក​ផងដែរ។

តាមពិត​ទិវារត់ប្រណាំងអន្ដរជាតិ​ពាក់កណ្ដាលម៉ារ៉ាតុង លើកទី១១ នៅខេត្តព្រះសីហនុនេះ គណៈកម្មការ​រៀបចំ បានដាក់ក្តីសង្ឃឹម​ថា អាច​មានអ្នក​ចូលរួម​ប្រមាណ​២៥០០​នាក់​ទេ ព្រោះការ​រៀបចំ​ចំនួន​១០​លើក​កន្លងមក ក៏​មានចំនួនអ្នក​ចូលរួម​មិនលើស​នេះដែរ ហើយ​គណៈកម្មការ​បាន​ព្យាករណ៍​ថា រយៈពេល​ពី​៣ទៅ​៥​ឆ្នាំ​ទៀត ទើប​អាច​មាន​អ្នក​ចូលរួម​ជាង​១ម៉ឺន​នាក់។

ប៉ុន្តែ​ជាក់​ស្តែង​​ ការ​រៀបចំ​ទិវារត់ប្រណាំងអន្ដរជាតិ​ពាក់កណ្ដាលម៉ារ៉ាតុង លើកទី១១ នៅខេត្តព្រះសីហនុ កាលពី​ព្រឹក​ថ្ងៃទី​២២ ខែមីនា​នេះ មាន​អ្នក​ចូលរួម​​ដល់ ១៥០០០នាក់​​មកពី​​៤១​​ប្រទេស ហើយ​នេះជា​តួលេខ​ដែល​ធ្វើ​ឱ្យគ្រប់គ្នា មានការ​ភ្ញាក់​ផ្អើល និងស្ទើ​រតែមិនចង់​ជឿ ដោយ​ក្នុង​នោះវិញ្ញាសា​រត់​១០គីឡូម៉ែត្រ ៥គីឡូម៉ែត្រ ជាពិសេស​ការ​រត់​កម្សាន្ត​៣គីឡូម៉ែត្រ មាន​អ្នក​ចូលរួម​​រាប់​ពាន់​នាក់ ពិសេស​ក្មេងៗ​ជាសិសស្សានុសិស្ស និង​អ្នក​ធ្វើការ​ងារ ខណៈ​វិញ្ញាសា​រត់ចម្ងាយ​​២១គីឡូម៉ែត្រ មាន​អ្នក​ចុះ​ឈ្មោះ​ត្រឹម​​រយនាក់​ទេ។​
លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ក៏​មានការភ្ញាក់​ផ្អើល​នូវចំនួន​អ្នក​ចូលរួម​យ៉ាងច្រើន​នេះ ដោយសារ​តែ​ទិវារត់ប្រណាំងអន្ដរជាតិ​ពាក់កណ្ដាលម៉ារ៉ាតុង លើកទី១១​នេះ មានការ​​កែ​ប្រែ​​ផ្លូវ​រត់ ដោយបាន​បង្វែរការ​រត់នៅតាម​​ឆ្នេរ​សមុទ្រ​​ជិត​២០គីឡូម៉ែត្រ ធ្វើ​ឱ្យមានការទាក់​ទាញ​ដល់​អ្នក​រត់កាន់​តែ​ខ្លាំង ហើយគ្រប់​ភាគី​ពាក់ព័ន្ធ ជាពិសេសខេត្តម្ចាស់ផ្ទះ បានកៀរគរសិស្សានុសិស្ស ប្រជាពល​រដ្ឋ មន្រ្តីរាជការ និងអ្នកធ្វើ​ការ​នៅតាមស្ថាប័ន​ផ្សេងៗ​ក្នុង​ខេត្ត​នេះឱ្យមក​ចូល​រួម​យ៉ាង​ច្រើន ធ្វើ​ឱ្យចំនួន​អ្នក​ចូលរួម​សរុប​កើនដល់ប្រមាណ​១៥​០០០នាក់ លើកការំពឹង​ទុក។

[img]

លោក វ៉ាត់ ចំរើន បញ្ជាក់​ថា៖ «នេះ​ជាតួរលេខមិនធ្លាប់មាន​ និងបានបំបែកឯតទគ្គ​កម្មចំនួនអ្នករត់ ក្នុងប្រវត្តិរៀបចំ ១០លើកកន្លងមក ជាមួយការកែសម្រួលតម្រាយផ្លូវតាមបណ្ដោយឆ្នេរស្ទើរទាំងអស់ ដែលធ្វើឱ្យ​អ្នកចូលរួមទទួលបាននូវបទពិសោធន៍ថ្មី និងស្នាមញញឹមក្នុងការចូលរួមលើក​នេះ»។

ជាមួយ​ភាព​ជោគជ័យនេះ ក្នុងនាមគណៈកម្មការរៀបចំលោក វ៉ាត់ ចំរើន សង្ឃឹម​ថា ឆ្នាំ​ក្រោយៗព្រឹត្តិការណ៍​នេះ នឹង​ទាក់​ទាញ​ការ​ចូលរួម​កាន់​តែ​ច្រើន ពិសេស​អត្តពលិកបរទេស ក្នុង​ការ​មកទទួល​នូវ​បទ​ពិសោធន៍​ដ៏​អស្ចារ្យ ជាមួយ​ការ​រត់​ពាក់​កណ្ដាលម៉ារ៉ាតុង​តាម​ឆ្នេរ​សមាជិក​ក្លិប​ឆ្នេរស្អាតជាង​គេ និង​វែងជាងគេ​នេះ ហើយ​ NOCC ក៏​នឹង​ពិចារណា​ពង្រីក​ព្រឹត្តិការណ៍​នេះ ទៅ​ជា​ទិវារត់​ប្រណាំង​ម៉ារ៉ាតុង ឬ​ការ​រត់​ចម្ងាយ ៤២​គីឡូម៉ែទ្រនា​ថ្ងៃ​អនាគតផងដែរ។

ចំណែក​លោក ម៉ាង ស៊ីណេត  អភិបាលនៃគណៈអភិបាល​ខេត្តព្រះសីហនុ បានបង្ហាញការ​សាទរ​ចំពោះ​ភាពជោគជ័យ ក្នុង​នាមជា​ម្ចាស់​ផ្ទះ​​រៀបចំ​ទិវារត់ប្រណាំងអន្ដរជាតិ​ពាក់កណ្ដាលម៉ារ៉ាតុង លើកទី១១​នេះ ដែលបានរួមចំណែក​យ៉ាងសំខាន់​ក្នុងការ​ផ្សព្វ​ផ្សាយពីសមិទ្ធផលនានានៅក្នុង​ខេត្តព្រះសីហនុ ជាពិសេស​តំបន់ឆ្នេរ​ស្អាត​ទៅ​កាន់ពិភពលោក។

តាម​រយៈព្រឹត្តិការណ៍នេះដែរ លោក ស៊ីណេត បានអះអាងថា  បាន​នាំមក​ជូន​នៅសេចក្តី​ស្រលាញ់ ស្នាមញញឹម សុភមង្គល និង​ភាពកក់ក្តៅ​ពោរពេញ​ដោយ​អនុស្សាវរីយល្អៗមិនអាច​បំភ្លេច​បានដល់​កីឡាករ កីឡាការិនី និង​អ្នក​រត់ទាំង​អស់ ហើយ​សម្ទុះ​អ្នក​ចូលរួម​ប្រមាណ ១៥០០០នាក់ នៅពេលនេះ ក៏បានបង្ហាញឱ្យ​ឃើញពីស្មារតី​ស្នេហាជាតិ ក្នុងគ្រាដែលប្រទេសជាតិកំពុងជួប​វិបត្តិផងដែរ។

លោកអភិបាល​ខេត្ត​​បាន​បញ្ជាក់ថា៖ «ព្រឹត្តិការណ៍​នេះ បានលើកកម្ពស់ស្មារតីស្នេហា​ជាតិ ប្រឹង​ឈរ​ដោយខ្លួនឯង ខិតខំ​ដោយ​ខ្លួនឯង និងពង្រឹង​ភាពជាម្ចាស់​ខ្លួនឯង ដើម្បីធានា​ដល់​ការការពារ​ និងកសាងប្រទេស​​ជាតិ​របស់​យើង ហើយ​ព្រឹត្តិការណ៍​ថ្ងៃនេះទៀតសោត នឹងជួយ​ផ្សព្វ​ផ្សាយ​ និង​លើកស្ទួយ​វិស័យទេសចរណ៍​នៅខេត្តព្រះសីហនុ​ឱ្យមានការ​រីក​ចម្រើន សំដៅ​ធ្វើ​ឱ្យ​ខេត្ត​ព្រះសីហនុ បន្ត​ជាគោលដៅ​ទេសចរណ៍​ប្រកប​ដោយសុវត្ថិភាព ភាពទាក់ទាញ ពោរពេញ​ដោយ​ភាពកក់ក្តៅ និងស្នាមញញឹម»៕

 

ប្រភព៖ PostKhmer

Leave A Reply

Your email address will not be published.