ទីលានពហុកីឡដ្ឋានជាតិអូឡាំពិក ដែលធ្លាប់ជាតារាងបាល់ទាត់កម្រិតស្តង់ដាតែមួយគត់របស់ប្រទេសកម្ពុជា សម្រាប់រៀបចំព្រឹត្តិការណ៍ធំៗ ជាពិសេសការប្រកួតកម្រិតអន្តរជាតិនោះ បានប្រែក្លាយជាទីលាន ដែលទទួលរងការរិះគន់ថា មានការពិបាកក្នុងការលេង ដែលប៉ះពាល់ដល់គុណភាពនៃការប្រកួតប្រជែង។
គ្រូបង្វឹករបស់ក្លិបបាល់ទាត់មួយចំនួន បានរិះគន់ជារឿយៗទៅលើទីលានពហុកីឡដ្ឋានជាតិអូឡាំពិកថា មានការពិបាកក្នុងការលេង បើទោះបីជាតារាងនេះ ត្រូវបានផ្លាស់ប្តូរចុងក្រោយ ពីការប្រើស្មៅសិប្បនិម្មិត មកប្រើជាស្មៅធម្មជាតិវិញ និងមានអ្នកមើលថែជាប្រចាំ ក្រោមការគ្រប់គ្រងដោយអង្គភាពចំណុះឱ្យក្រសួងអប់រំ យុវជន និងកីឡាក៏ដោយ។
ជាក់ស្តែង ក្រោយការប្រកួតជាមួយក្រុមម្ចាស់ផ្ទះបឹងកេត នៅទីលានពហុកីឡដ្ឋានជាតិអូឡាំពិកនេះ កាលពីយប់ថ្ងៃអាទិត្យ ទី២២ ខែមីនានេះ គ្រូបង្គោលក្រុមព្រះខ័នរាជស្វាយរៀង លោក Matthew McConkey បានរិះគន់ចំៗទៅលើទីលាននេះថា មានការពិបាកលេងខ្លាំង ហើយអ្នកមិនជឿអាចមកសាកល្បងលេងបាន។
លោក Matthew បាននិយាយក្រោយការប្រកួតថា៖ «មិនមែនគ្រប់ពេលខ្ញុំថា តារាងនេះ (ទីលានពហុកីឡដ្ឋានជាតិអូឡាំពិក) អាក្រក់នោះទេ តែបើអ្នកណាមិនជឿអាចមកលេងនៅទីនេះបាន ព្រោះវាពិបាកក្នុងការលេងបាល់ទាត់មែន»។
សម្រាប់ការប្រកួត កាលពីថ្ងៃអាទិត្យនោះ ក្រុមព្រះខ័នរាជស្វាយរៀង បានត្រឹមស្មើ ០-០ ជាមួយក្រុមម្ចាស់ផ្ទះបឹងកេត ហើយវាក៏ជាលើកដំបូងផងដែរ ដែលក្រុមនេះ មិនអាចទាត់បាល់បញ្ចូលទីទៅលើគូប្រកួត សម្រាប់ការប្រកួតលីគកំពូលកម្ពុជា រដូវកាលឆ្នាំ២០២៥/២០២៦ ចំនួន២៣លើកកន្លងមកនេះ។
[img]
លោក Matthew McConkey បាននិយាយថា៖ «នេះជាការប្រកួតលើកទី១ ដែលយើងរកមិនបានគ្រាប់បាល់ទៅលើគូប្រកួត តាំងពីដើមរដូវកាលមកដល់ពេលនេះ ហើយសម្រាប់បឹងកេតការពារបានល្អ។ យើងក៏អត់ត្រូវធ្វើអ្វីលើសហ្នឹងទៀតដែរ ដើម្បីឈ្នះការប្រកួត ព្រោះបើមើលទៅលើទិន្នន័យនៃការប្រកួតនេះ យើងធ្វើបានល្អច្រើន ជាពិសេសឱកាសធំៗ ដែលយើងអាចរកគ្រាប់បាល់បាន តែយើងបែរជាមិនអាចបញ្ចប់ទីបានល្អ»។
គ្រូបង្គោលក្រុមព្រះខ័នរាជស្វាយរៀងរូបនេះ បានបន្ថែមថា៖ «សម្រាប់ថ្ងៃនេះ យើងបានគ្រាប់បាល់មួយ តែអាជ្ញាកណ្តាលមិនឱ្យ ហើយមួយទៀត យើងឃើញថា ទីលានមានការពិបាកក្នុងការលេង ខណៈដែលបឹងកេត ការពារបានល្អ និងមានភាពរឹងមាំ ហើយគេក៏មានគ្រូបង្វឹកដែលល្អ អ៊ីចឹងអ្វីដែលសំខាន់ យើងត្រូវបញ្ចប់ទីឱ្យបានច្បាស់»។
យ៉ាងណាក៏ដោយ តាមរយៈការប្រកួតស្មើ ០-០ ជាមួយក្រុមបឹងកេតនេះ វានៅតែមិនប៉ះពាល់ដល់ដំណើរឆ្ពោះទៅរកការឈ្នះតំណែងជើងឯកលីគកំពូលកម្ពុជាជាថ្មីរបស់ក្រុមស្វាយរៀង ព្រោះតាមរយៈការប្រកួតចំនួន២៤លើកនេះ ពួកគេ ឈរនៅកំពូលតារាង ដោយមាន៥៩ពិន្ទុ ដាច់ឆ្ងាយពីក្រុមឈរនៅលេខ២ ភ្នំពេញក្រោន រហូតដល់ ១២ពិន្ទុ ខណៈក្រុមឈរនៅលេខ៣ ណាហ្គាវើលដ៍ មាន៤២ពិន្ទុ ក្រុមឈរនៅលេខ៤ អង្គរថាយហ្គឺរ មាន៤១ពិន្ទុ ហើយក្រុមបឹងកេត ឈរនៅលេខ៥ មាន៤០ពិន្ទុ និងក្រុមអឹមអូអាយកំពង់ដេវ៉ា ឈរនៅលេខ៦ មាន៣៣ពិន្ទុ សម្រាប់ការប្រកួតប្រជែងនៅតំបន់កំពូលតារាងទាំង៦នេះ៕
ប្រភព៖ PostKhmer