លោកប្រធាន Rick W. Shin ប្រធានស្ថាប័ន Kombat Global បានទទួលស្គាល់ពីប្រវត្តិដ៏យូរលង់នៃក្បាច់គុនរបស់ដូនតាខ្មែរ ដោយលោកបានបញ្ជាក់ថា «គុនខ្មែរ» ជាបិតានៃក្បាច់គុនមួយថៃ (MuayThai) របស់ប្រទេសថៃ ហើយស្ថាប័ននេះ ក៏នឹងសហការជាមួយកម្ពុជា ដើម្បីរៀបចំឱ្យមានការប្រកួត Kombat Kun Khmer ជាលើកដំបូង នៅទីក្រុងសៅប៉ូឡូ ប្រទេសប្រេស៊ីល នាថ្ងៃទី៥ ខែមិថុនា ឆ្នាំ ២០២៦។
ការបង្កើតឱ្យមានការប្រកួត Kombat Kun Khmer ជាលើកដំបូង នៅប្រទេសប្រេស៊ីល ដែលជាផ្នែកមួយនៃ Kombat Challenge Series នេះ គឺបញ្ជាក់អំពីឆន្ទៈនៃការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) រវាងលោក Rick W.Shin និងលោក ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងជាអគ្គលេខាធិការសហព័ន្ធគុនខ្មែរអន្តរជាតិ នៅខេត្តព្រះសីហនុ កាលពីថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ២០២៦ ដែលភាគីទាំង២ មានបំណងនាំយកការប្រកួតគុនខ្មែរ ទៅកាន់សង្វៀនអាជីពកម្រិតអន្តរជាតិ។
លោក Rick W.Shin បានបញ្ជាក់តាមសេចក្តីថ្លែងការណ៍ថា៖ «Kombat Global មានកិត្តិយសក្នុងការណែនាំគុនខ្មែររបស់កម្ពុជាមកកាន់វេទិកាអាជីពរបស់យើងជាលើកដំបូង។ នេះមិនមែនគ្រាន់តែជាការបន្ថែមវិញ្ញាសាមួយផ្សេងទៀតនោះទេ តែវានិយាយអំពីការទទួលស្គាល់ និងគោរពប្រវត្តិសាស្ត្រដ៏ជ្រាលជ្រៅ និងសារៈសំខាន់ខាងវប្បធម៌នៃក្បាច់គុនចំណាស់ជាងគេបំផុតមួយរបស់ពិភពលោក»។
ប្រធានស្ថាប័ន Kombat Global រូបនេះបានបញ្ជាក់ថា៖ «គុនខ្មែរ ត្រូវបានគេស្គាល់ថា ជាបិតានៃមួយថៃ តំណាងឱ្យមូលដ្ឋានគ្រឹះនៃសិល្បៈកីឡាប្រយុទ្ធនៅអាស៊ីអាគ្នេយ៍ ហើយឥទ្ធិពលរបស់គុនខ្មែរទៅលើកីឡាប្រយុទ្ធសម័យទំនើប គឺមិនអាចប្រកែកបាន។ តាមរយៈភាពជាដៃគូរបស់យើងជាមួយសហព័ន្ធគុនខ្មែរ យើងប្តេជ្ញាកសាងវេទិកាសកលមួយ ដែលរក្សាបាននូវភាពត្រឹមត្រូវរបស់គុនខ្មែរ ដើម្បីបង្កើតឱកាសវិជ្ជាជីវៈថ្មី សម្រាប់អត្តពលិកនៅទូទាំងពិភពលោក»។
[img]
ជាមួយគ្នានេះ លោក Rick W.Shin បានចាត់ទុកការបង្ហាញខ្លួនលើកដំបូងរបស់ «គុនខ្មែរ» តាមរយៈព្រឹត្តិការណ៍ Kombat Kun Khmer នៅប្រទេសប្រេស៊ីល នាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦នេះ គឺជាការជួយជំរុញ គុនខ្មែរទៅក្នុងឧស្សាហកម្មកីឡាប្រយុទ្ធសកល ហើយអ្នកប្រយុទ្ធ MuayThai ទាំងអស់នៅទូទាំងពិភពលោក ត្រូវបានអញ្ជើញឱ្យចូលរួមប្រកួតប្រជែងក្នុងព្រឹត្តិការណ៍នេះ ក្រោមច្បាប់ និងបទបញ្ញត្តិគុនខ្មែរ ដោយទទួលស្គាល់ឫសគល់រួម និងផ្តល់វេទិកាសកលថ្មីមួយសម្រាប់អត្តពលិកកីឡាប្រយុទ្ធកំពូលៗ។
លោក Rick W.Shin បានសង្កត់ធ្ងន់ថា៖ «យើងស្វាគមន៍អ្នកប្រយុទ្ធមួយថៃ និងអត្តពលិកកីឡាប្រយុទ្ធទាំងអស់មកពីជុំវិញពិភពលោកឱ្យចូលរួមជាមួយ Kombat Kun Khmer និងក្លាយជាផ្នែកមួយនៃចលនាប្រវត្តិសាស្ត្រនេះ»។
ចំណែកលោក ខូវ ឆាយ បានប្រកាសនៅថ្ងៃទី ៣០ ខែមីនានេះថា ព្រឹត្តិការណ៍ Kombat Kun Khmer លើកដំបូង នៅប្រទេសប្រេស៊ីល នាថ្ងៃទី ៥ ខែមិថុនាខាងមុខនេះ ជាការបង្ហាញជាផ្លូវការរបស់គុនខ្មែរ ដែលជាសិល្បៈក្បាច់គុនជាតិរបស់កម្ពុជា ទៅលើវេទិកាអាជីពសកលក្រោម Kombat Global។
លោកបន្ថែមថា Kombat Global ដែលបានពង្រីកខ្លួនជាបន្តបន្ទាប់នៅទូទាំងវិញ្ញាសាកីឡាប្រយុទ្ធជាមួយសមាជិកជាច្រើនប្រទេសនោះ បានបន្ថែម Kombat Kun Khmer ជាវេទិកាប្រកួតប្រជែងផ្លូវការ នៅក្នុងរចនាសម្ព័ន្ធព្រឹត្តិការណ៍អន្តរជាតិរបស់ខ្លួន ហើយនេះជាយុទ្ធសាស្រ្តឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ Kombat Global ក្នុងការគោរពសិល្បៈក្បាច់គុនប្រពៃណីរបស់កម្ពុជា ដើម្បីលើកកម្ពស់កីឡានេះចូលទៅក្នុងសង្វៀនអាជីពសកល។
លោក ខូវ ឆាយ បានបញ្ជាក់នៅក្នុងសេចក្តីប្រកាសរបស់ខ្លួនថា៖ «គុនខ្មែរ ត្រូវបានគេចាត់ទុកយ៉ាងទូលំទូលាយថា ជាសិល្បៈក្បាច់គុនចំណាស់ជាងគេបំផុតមួយនៅលើពិភពលោក ដែលគេហៅជាញឹកញាប់ថាជា “បិតានៃមួយថៃ” ហើយដើម្បីទទួលស្គាល់សារៈសំខាន់ខាងប្រវត្តិសាស្ត្រ និងវប្បធម៌របស់គុនខ្មែរនេះ Kombat Global បានដើរតួនាទីនាំមុខគេក្នុងការលើកកម្ពស់ និងផ្សព្វផ្សាយគុនខ្មែរនៅលើឆាកពិភពលោក»៕
ប្រភព៖ PostKhmer