កម្ពុជា ជំរុញ​ឱ្យ​អាស៊ាន នាំគ្នា​លើកកម្ពស់​កីឡាអត្តសញ្ញាណជាតិ និង​ធ្វើ​ឱ្យ​អាស៊ាន​មាន​សន្តិភាព​តាម​រយៈ​យន្តការ​​កីឡា

0 4

កម្ពុជា ក្នុងនាមជា​ម្ចាស់​ផ្ទះ​រៀបចំសិក្ខាសាលាពិគ្រោះយោបល់ស្ដីពី «ការកំណត់អាទិភាព និងកៀរគរធនធានសម្រាប់ផែនការការងារអាស៊ាន ស្ដីពីកីឡា ឆ្នាំ២០២៦-២០៣០» បានជំរុញ​ឱ្យ​ប្រទេស​ទាំងអស់ នៅក្នុងតំបន់​អាស៊ាន នាំគ្នា​លើកកម្ពស់​កីឡាអត្តសញ្ញាណជាតិ​របស់ប្រទេស​មួយៗ ជាពិសេស​ត្រូវប្រើប្រាស់ស្មារតី និង​យន្ត​ការ​កីឡា ដើម្បី​​លុបបំបាត់​នូវជម្លោះ និងវិវាទ​ផ្សេងៗ ​បង្កើត​ឱ្យមានសន្តិភាព និង​ការ​អភិវឌ្ឍវិស័យកីឡានៅអាស៊ាន។

នៅក្នុងពិធីបើក​សិក្ខាសាលា នៅសណ្ឋាគារកាំបូឌីយ៉ាណា កាលពីព្រឹក​​ថ្ងៃ​ទី ៣១ ខែមីនា​នេះ ប្រទេសជាសមាជិកអាស៊ានចំនួន​៨ សុទ្ធតែ​បានចាត់​តំណាង​ឱ្យមក​ចូលរួម​ដោយ​ផ្ទាល់ លើកលែង​តែ​ប្រទេស​ថៃ ហ្វីលីពីន និង​ទីម័រខាងកើត ដែលបានចូលរួម​ក្នុង​កម្មវិធីនេះ តាម​រយៈ Zoom។

លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការ តំណាងលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា បានស្វាគមន៍ចំពោះវត្តមានប្រតិភូបណ្ដាប្រទេសសមាជិកទាំងអស់ ដែលបានចូលរួមសិក្ខាសាលាពិគ្រោះយោបល់ដ៏មានសារៈសំខាន់​នេះ សម្រាប់​ដំណើរឆ្ពោះទៅកាន់​កិច្ចប្រជុំឧត្តមមន្ដ្រីកីឡាអាស៊ាន និងកិច្ចប្រជុំរដ្ឋមន្ដ្រីកីឡាអាស៊ាន នាចុងឆ្នាំ២០២៦ និងឆ្នាំ២០២៧ ដែលកម្ពុជានឹងធ្វើម្ចាស់ផ្ទះ។

សិក្ខាសាលា​កម្រិតតំបន់លើវិស័យកីឡានេះ ផ្ដោតលើការងារសំខាន់ៗជាច្រើន ដោយផ្អែកលើគោលការណ៍ទាំង​៧ចំណុចរបស់អាស៊ាន ទី​១ កីឡាដើម្បី​អភិវឌ្ឍ និងសន្តិភាព ទី​២ កំណើនប្រកប​ដោយ​ចីរភាព ទី​៣ វិទ្យាសាស្ត្រកីឡា ការ​បណ្តុះបណ្តាល ​ការអប់រំ និងបច្ចេកវិទ្យា ទី​៤ ភាពសុចរិតនៃកីឡា ទី​​៥ របៀបរស់​នៅ​ដែល​មាន​សុខភាព​ល្អ និងការរួម​បញ្ចូល​ក្នុង​កីឡា ទី​៦ កីឡាសហគមន៍ និងតម្លៃវប្បធម៌ និង​ទី​៧ ការអភិវឌ្ឍឧស្សាហកម្ម​កីឡា និង​ទេសចរណ៍​កីឡា។
យ៉ា​ងណាក៏​ដោយ នៅក្នុងចំណោលគោលទាំង​៧នេះ កម្ពុជា ក្នុងនាមជា​ម្ចាស់​ផ្ទះ បាន​សង្កត់​​ធ្ងន់​ទៅលើ «​កីឡាដើម្បី​អភិវឌ្ឍ និងសន្តិភាព» ព្រោះ​វា​ជាប្រធាន​បទក្តៅ ដែល​ទាក់​ទងនឹង​ជម្លោះនៅព្រំដែន​កម្ពុជា-ថៃ ធ្វើ​ឱ្យ​វិស័យកីឡានៅអាស៊ាន មានការ​ធ្លាក់ចុះ បន្ទាប់ពីភាគី​ថៃ បានរំលោភនូវ​គោលការណ៍​កីឡា តាម​រយៈ​ការ​​យក​នយោបាយផ្ទៃក្នុង​ មកដាក់សម្ពាធ​កម្ពុជា រហូត​ប្រតិភូ​កីឡាកម្ពុជា បង្ខំ​ចិត្ត​ដក​ខ្លួនចេញពី​ការ​ប្រកួត​ស៊ីហ្គេម លើក​ទី​៣៣ ឆ្នាំ​២០២៥ ដែល​ថៃ​ធ្វើ​ជាម្ចាស់​ផ្ទះ​​ត្រឹមពាក់កណ្តាលទី។

[img]

លោក វ៉ាត់ ចំរើន បាន​ប្រាប់ប្រព័ន្ធ​ផ្សព្វ​ផ្សាយ ក្រោយពិធី​បើក​សិក្ខាសាលា​ថា៖​ ​«កីឡាដើម្បីការអភិវឌ្ឍ និងសន្ដិភាព​នេះ គឺជាប្រធាន​បទ ដែលកម្ពុជាជំរុញ​ហើយជំរុញ​ទៀត ឱ្យអាស៊ាន​យក​ចិត្តទុកដាក់ ហើយ​ឱ្យ​អាស៊ាន ដាក់​អាទិភាព​ទៅលើ​ប្រធាន​បទកីឡា ដែលនាំ​មក​នៅ​សេចក្តី​សុខ សន្តិភាព និង​សុខដុមនីយកម្ម​នៅក្នុងតំបន់​របស់​យើង ដោយចៀសវាងនូវ​វិបត្តិ​ទាំង​ឡាយ​ និង​វិវាទ​ផ្សេងៗ​ទៀតនៅក្នុងអាស៊ាន»។

លោក វ៉ាត់ ចំរើន បានបន្ថែម​ថា៖​ «​កាលណា​យើង​សង្កត់​ធ្ងន់​ទៅលើ​ការទូតកីឡា និងសន្តិសុខ​ សណ្តាប់ធ្នាប់​របស់​​អាស៊ាន តាម​រយៈ​កីឡា​ហ្នឹង​ហើយ ​គឺ​រាល់​ជម្លោះ និង​បញ្ហា​ទាំង​អស់​ ត្រូវ​យក​មក​ជជែក​គ្នាក្នុង​រង្វង់​គ្រួសារ​នៃ​យន្តការកីឡា​របស់អាស៊ាន អ៊ីចឹង​យើង​បានដាក់រឿង​នេះ​ជា​អាទិភាព​តែម្តង»។

«យើងមិន​និយាយ​ត្រង់​ទៅលើជម្លោះ​ (កម្ពុជា-ថៃ) ហ្នឹង​ទេ តែ​យើង​និយាយអំពី​អ្វីដែល​យើងអាច​អង្គុយជជែក​គ្នា​បាន និង​រួមគ្នា​អភិវឌ្ឍ​បាន នៅក្នុងស្មារតីជា​កីឡា គឺ​គ្មាន​នយោបាយ គ្មាន​ការ​ប៉ះពាល់​រឿង​អ្វីផ្សេង​នោះ​ទេ ក្រៅ​តែ​ពី​ស្វែងរក​ការ​រស់​នៅ​ដោយ​សុខដុមរមនា និងកសាង​នូវ​សង្គម​អាស៊ាន​មួយ ដែល​មានសេចក្តី​សុខ និងសន្តិភាព»។​ លោក វ៉ាត់ ចំរើន បានបញ្ជាក់។

ជាមួយគ្នានេះ កម្ពុជា​ក៏បាន​ផ្តោត​ទៅលើ​ការ​អភិវឌ្ឍ​កីឡា​សហគមន៍ និងតម្លៃវប្បធម៌ ដោយ​កម្ពុជាជំរុញ​ឱ្យមានការ​រៀបចំ​ការអនុវត្តផ្ទាល់នូវ​ប្រភេទកីឡាអត្តសញ្ញាណ​ជាតិ​​ និងជាហ្គេម​នៃប្រភេទ​កីឡា​​​ប្រពៃណី​របស់​ប្រទេសមួយៗ នៅក្នុង​អាស៊ាន ព្រោះ​ប្រទេស​ទាំង​១១ នៅ​ក្នុងអាស៊ាននេះ មានក្បាច់​គុន​ជាកីឡាប្រពៃណីចម្រុះ​ច្រើន ហើយ​មាន​ប្រភព​ល្អៗ​ច្រើន ដែល​អាច​ផ្សព្វ​ផ្សាយ​លើស​ពីតំបន់​​អាស៊ាន​បាន។

លោក វ៉ាត់ ចំរើន បាន​ថ្លែង​​ថា៖ «អាស៊ាន មានគោលការណ៍​រួច​ហើយ ក្នុងការ​ធ្វើ​ការងារជាមួយប្រទេស​ចិន និង​បណ្តា​ប្រទេស​ផ្សេង​ទៀត ប៉ុន្តែរឿង​កីឡាប្រពៃណីអត្តសញ្ញាណ​ជាតិ​នេះ យើង​ឃើញ​ថា មិន​ទាន់បាន​យក​មកបង្ហាញ និង​អនុវត្ត​នៅ​ឡើយ អ៊ីចឹង​ក្នុងពេល​នេះ​កម្ពុជា​​ធ្វើ​ជាម្ចាស់​ផ្ទះនេះ យើងជំរុញលើ​រឿង​ហ្នឹង»។

លោក​បញ្ជាក់ថា៖ «​យើងនឹង​ធ្វើ​ការ​ប្រកួត ឬ​សម្តែង ដោយមានការ​ដាក់ពិន្ទុ​ប្រជែង​មួយ ដើម្បី​បង្ហាញ​នូវស្នាដៃ​ និងទេពកោសល្យនៃ​កីឡា​ប្រពៃណី​អត្តសញ្ញាណជាតិ​ ជាពិសេស​កីឡា​យុទ្ធគុន​របស់ប្រទេស​មួយៗ ដើម្បីយើង​លើក​តម្កើង​វប្បធម៌​ និង​សិល្បៈ​ក្បាច់គុន​នៃ​ប្រទេស​នីមួយៗ ហើយវា​ក៏ជា​បំណង​ប្រាថ្នា​របស់ UNESCO ដែល​ចង់​បាន​ការ​ថែ​រក្សា​មរតកក្បាច់គុន​ដូនតា និង​មរតក​វប្បធម៌​របស់ជាតិសាសន៍​មួយៗ ដោយ UNESCO នឹងជួយ​លើការងារនេះ​ផងដែរ»៕

 

ប្រភព៖ PostKhmer

Leave A Reply

Your email address will not be published.