កីឡាករ-កីឡាការិនីចំបាប់ ១២៧ នាក់ ត្រៀមចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាជាតិ លើកទី៥ ឆ្នាំ២០២៦

គណៈកម្មការ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីកីឡាចំបាប់សរុបចំនួន ១៥២នាក់ នឹងចូលរួមក្នុងព្រឹត្តិការណ៍កីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការ លើកទី៣ ឆ្នាំ២០២៦ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខនេះ នៅអាគារប៊ូយ៉ុងខ្មែរ ក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក។

 

ព្រឹត្តិការណ៍ដ៏ធំនេះ ត្រូវបានរៀបចំឡើងដោយក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយនាយកដ្ឋានរៀបចំព្រឹត្តិការណ៍ និងស្ថិតិកីឡា និងសហព័ន្ធកីឡាជាតិ។ លោក កាង ដែនពិសិដ្ឋ គ្រូបង្វឹកក្រុមជម្រើសជាតិកីឡាចំបាប់កម្ពុជា និងជាមន្ត្រីជំនាញកីឡាចំបាប់ បានឱ្យដឹងថា សម្រាប់ប្រភេទកីឡាចំបាប់ មានកីឡាករ-កីឡាការិនីសរុប ១២៧ នាក់ មកពី ១១ ក្រសួង និងរាជធានី-ខេត្ត។ ក្នុងនោះរួមមាន ក្រសួងការពារជាតិ, ក្រសួងមហាផ្ទៃ, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, រាជធានីភ្នំពេញ, ខេត្តកំពង់ឆ្នាំង, កណ្តាល, កំពង់ស្ពឺ, ពោធិ៍សាត់, ព្រៃវែង, ត្បូងឃ្មុំ និងខេត្តតាកែវ។

 

គួរបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាជាតិឆ្នាំនេះ មានប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីចូលរួមសរុបប្រមាណ ៤,៦៨០ នាក់ អញ្ជើញមកពី ២៥ រាជធានី-ខេត្ត និងក្រសួងចំនួន ០៣។ ការប្រកួតនេះមាន ៣២ ប្រភេទកីឡា លើ ២៥៨ វិញ្ញាសា រួមមាន អត្តពលកម្ម, ហែលទឹក, បាល់ទាត់, ប្រដាល់គុនខ្មែរ, ល្បុក្កតោ, ចំបាប់, វាយកូនឃ្លីលើតុ, តេក្វាន់ដូ, បាល់ទះ និងកីឡាជាច្រើនទៀត។

 

ដោយឡែក សម្រាប់ព្រឹត្តិការណ៍កីឡាជាតិជនពិការ មាន ១០ ប្រភេទកីឡា លើ ៤៦ វិញ្ញាសាប្រកួត រួមមាន អត្តពលកម្មជនពិការ, ហែលទឹក, បាល់បោះរទេះ, បាល់ទះអង្គុយ, បូស្យា, យូដូ និងលើកទម្ងន់ជនពិការ ជាដើម៕

By Looking today