ដោយ៖ ហៀក ឆក
អ្នកចាត់ការទូទៅរបស់ក្លិបអធិរាជស Real Madrid លោក José Mourinho បានសង្កត់ធ្ងន់ថា ការគិតដល់ការគ្រងជើងឯក UEFA Champions League នៅពេលនេះ គឺលឿនពេកហើយ អ្វីដែលក្រុមត្រូវផ្តោតសំខាន់បំផុតគឺការប្រមូលពិន្ទុដើម្បីឡើងទៅវគ្គបន្តមួយជំហានម្តងៗ។ Real Madrid ត្រូវបើកទ្វារកីឡដ្ឋាន Estadio Santiago Bernabéu ទទួលស្វាគមន៍ក្រុម RB Leipzig មកពីលីគកំពូលអាល្លឺម៉ង់ នៅម៉ោង ២ រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦។
នៅក្នុងសន្និសីទសារព័ត៌មានមុនការប្រកួត គ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់វ័យ ៦៣ឆ្នាំរូបនេះបានបង្ហាញជំហរយ៉ាងម៉ឺងម៉ាត់ និងបានក្រើនរំលឹកកូនក្រុមមិនឱ្យមើលស្រាលគូប្រកួតឡើយ៖«Leipzig គឺជាក្រុមដែលបានយកឈ្នះ PSV ១-០ នៅប្រកួតសប្តាហ៍ទី២។ ពួកគេមាន៣ពិន្ទុ ហើយពោរពេញដោយបំណងប្រាថ្នាចង់ឡើងទៅវគ្គបន្ត។ យើងបានយកឈ្នះ៣ប្រកួតជាប់ៗគ្នាក្នុងរយៈពេលដ៏ខ្លី ហើយនៅក្នុងការប្រកួតចុងក្រោយ យើងបានយកឈ្នះ Sevilla ៤-១ នៅក្របខណ្ឌLaliga យើងធ្វើបានល្អណាស់។ ប៉ុន្តែគ្រាន់តែអ្នកឈ្នះ៣ប្រកួត មិនមែនមានន័យថាអ្នកនឹងឈ្នះប្រកួតទី៤ ដោយស្វ័យប្រវត្តិនោះទេ»។
បន្ថែមពីនេះ លោក Mourinho ក៏បានបដិសេធទស្សនៈដែលថាមានកីឡាករ «ប៉ះពាល់មិនបាន» នៅក្នុងក្រុម ដោយលោកបញ្ជាក់ថា មានតែឡូហ្គោក្លិបមួយគត់ដែលធំជាងគេ ហើយកីឡាករទាំងអស់ត្រូវតែបង្ហាញសមត្ថភាពលើទីលានដើម្បីទទួលបានតំណែងជម្រើសដំបូង។ ទាក់ទិននឹងស្ថានភាពកីឡាករ គ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់បានបញ្ជាក់ថា ខ្សែបម្រើប្រយុទ្ធ Vinícius Júnior និងខ្សែប្រយុទ្ធ Kylian Mbappé បានចូលរួមហ្វឹកហាត់ពេញលេញជាធម្មតា និងត្រៀមខ្លួនរួចរាល់សម្រាប់ការប្រកួតនេះ។
ក្រុមទាំងពីរធ្លាប់ជួបគ្នាចំនួន ៤លើកកន្លងមក ដោយ Real Madrid ឈ្នះ ២លើក ស្មើ ១លើក និង RB Leipzig ឈ្នះ ១លើក។ ជំនួបចុងក្រោយបង្អស់រវាងក្រុមទាំងពីរបានបញ្ចប់ទៅដោយលទ្ធផលស្មើគ្នា ១-១ កាលពីឆ្នាំ២០២៤៕