ពីទីលានស្តង់ដាតំណាង​ឱ្យជាតិ «ពហុកីឡដ្ឋានជាតិអូឡាំពិក» បានក្លាយ​ជាតារាងបាល់ ដែលទទួលរងការរិះគន់ថា ពិបាក​ក្នុងការ​លេង

ទីលានពហុកីឡដ្ឋានជាតិអូឡាំពិក ដែល​ធ្លាប់ជា​តារាងបាល់​ទាត់​កម្រិត​ស្តង់ដា​តែមួយគត់​របស់​ប្រទេស​កម្ពុជា សម្រាប់រៀបចំ​ព្រឹត្តិការណ៍​ធំៗ ជាពិសេស​ការ​ប្រកួត​កម្រិត​អន្តរជាតិនោះ បានប្រែ​ក្លាយជា​ទីលាន ដែល​ទទួល​រង​ការរិះគន់​ថា មានការពិបាក​ក្នុងការ​លេង ដែលប៉ះពាល់​ដល់​គុណ​ភាព​នៃការ​ប្រកួតប្រជែង។

គ្រូ​បង្វឹក​​របស់ក្លិប​បាល់​ទាត់​មួយចំនួន ​បានរិះគន់ជារឿយៗ​​ទៅលើ​ទីលាន​ពហុកីឡដ្ឋានជាតិ​អូឡាំពិក​ថា មានការពិបាកក្នុងការ​លេង បើទោះបីជា​តារាង​នេះ ត្រូវបាន​ផ្លាស់​ប្តូរចុង​ក្រោយ ​ពី​ការប្រើស្មៅសិប្បនិម្មិត មក​ប្រើ​ជា​ស្មៅ​ធម្មជាតិ​វិញ និងមានអ្នក​មើល​ថែជាប្រចាំ ក្រោមការ​គ្រប់​គ្រង​ដោយ​អង្គភាព​ចំណុះ​ឱ្យ​ក្រសួងអប់រំ យុវជន និង​កីឡាក៏​ដោយ។

ជាក់ស្តែង ក្រោយការ​ប្រកួតជាមួយក្រុម​ម្ចាស់​ផ្ទះ​បឹងកេត នៅទីលាន​ពហុកីឡដ្ឋានជាតិ​អូឡាំពិក​នេះ កាលពី​យប់ថ្ងៃអាទិត្យ ទី​២២ ខែមីនានេះ គ្រូ​បង្គោលក្រុមព្រះខ័នរាជស្វាយរៀង លោក Matthew McConkey បាន​រិះគន់​ចំៗ​ទៅលើ​ទីលាន​នេះ​ថា មានការពិបាក​លេង​ខ្លាំង ហើយ​អ្នក​មិនជឿ​អាច​មក​សាកល្បង​លេង​បាន។

លោក Matthew បាន​និយាយក្រោយ​ការ​ប្រកួតថា៖ «មិនមែន​គ្រប់ពេល​ខ្ញុំ​ថា​ តារាងនេះ (ទីលានពហុកីឡដ្ឋានជាតិអូឡាំពិក) ​អាក្រក់​នោះ​ទេ តែបើអ្នកណាមិនជឿ​អាច​មក​លេង​នៅ​ទីនេះ​បាន ព្រោះវាពិបាក​ក្នុងការ​លេង​បាល់​ទាត់​មែន»។

សម្រាប់ការ​ប្រកួត កាលពី​ថ្ងៃអាទិត្យ​នោះ ក្រុម​ព្រះខ័នរាជស្វាយរៀង បាន​ត្រឹមស្មើ ០-០ ជាមួយ​ក្រុម​ម្ចាស់​ផ្ទះ​បឹងកេត ហើយវា​ក៏ជាលើកដំបូង​ផងដែរ ដែល​ក្រុមនេះ មិនអាច​ទាត់បាល់បញ្ចូល​ទី​ទៅលើ​គូ​ប្រកួត សម្រាប់​ការ​ប្រកួត​លីគកំពូល​កម្ពុជា រដូវកាល​ឆ្នាំ២០២៥/២០២៦ ចំនួន​២៣​លើក​កន្លងមកនេះ។

[img]

លោក Matthew McConkey បាន​និយាយ​ថា៖ ​«នេះជាការ​ប្រកួតលើក​ទី​១ ដែល​យើងរកមិន​បានគ្រាប់បាល់​ទៅលើ​គូ​ប្រកួត តាំងពី​ដើម​រដូវ​កាល​មកដល់​ពេល​នេះ ហើយសម្រាប់បឹងកេត​ការពារ​បាន​ល្អ។ យើង​ក៏​អត់​ត្រូវធ្វើ​អ្វី​លើស​ហ្នឹង​ទៀត​ដែរ ដើម្បី​ឈ្នះ​ការ​ប្រកួត ព្រោះ​បើ​មើល​ទៅលើ​ទិន្នន័យនៃ​ការ​ប្រកួតនេះ យើង​ធ្វើ​បាន​ល្អ​ច្រើន ជាពិសេស​ឱកាស​ធំៗ ដែលយើងអាច​រក​គ្រាប់​បាល់​បាន តែ​យើងបែរជា​មិនអាច​បញ្ចប់ទី​បានល្អ»។

គ្រូ​បង្គោល​ក្រុម​ព្រះខ័នរាជស្វាយរៀង​រូបនេះ បានបន្ថែម​ថា៖ «សម្រាប់​ថ្ងៃនេះ យើង​បាន​គ្រាប់​បាល់​មួយ តែ​អាជ្ញាកណ្តាល​មិន​ឱ្យ ហើយមួយ​ទៀត យើង​ឃើញ​ថា ទី​លាន​មានការពិបាក​ក្នុងការ​លេង ខណៈ​ដែល​បឹងកេត ការពារ​បាន​ល្អ និងមានភាព​រឹងមាំ ហើយគេក៏មាន​គ្រូ​បង្វឹកដែល​ល្អ អ៊ីចឹង​អ្វីដែល​សំខាន់ យើង​ត្រូវ​បញ្ចប់​ទីឱ្យបានច្បាស់​»។​

យ៉ាងណាក៏​ដោយ តាម​រយៈការ​ប្រកួតស្មើ ០-០ ជាមួយក្រុមបឹងកេត​នេះ វា​នៅ​តែ​មិនប៉ះពាល់​ដល់​ដំណើរ​ឆ្ពោះ​ទៅរកការ​​ឈ្នះ​តំណែង​ជើងឯកលីគកំពូលកម្ពុជាជាថ្មី​របស់​ក្រុមស្វាយរៀង ព្រោះ​តាម​រយៈការ​ប្រកួតចំនួន​២៤​លើក​នេះ ពួកគេ ឈរ​នៅកំពូល​តារាង ដោយមាន​៥៩ពិន្ទុ ដាច់​ឆ្ងាយពី​ក្រុម​ឈរ​នៅលេខ​២ ភ្នំពេញ​ក្រោន រហូត​ដល់​ ១២ពិន្ទុ ខណៈ​ក្រុម​ឈរនៅលេខ​៣ ណាហ្គាវើលដ៍ មាន​៤២ពិន្ទុ ក្រុម​ឈរ​នៅលេខ​៤ អង្គរថាយហ្គឺរ មាន​៤១ពិន្ទុ ហើយក្រុមបឹងកេត ឈរ​នៅលេខ​៥ មាន​៤០ពិន្ទុ និងក្រុមអឹមអូអាយ​កំពង់ដេវ៉ា ឈរនៅលេខ​៦ មាន​៣៣ពិន្ទុ សម្រាប់ការ​ប្រកួត​ប្រជែង​នៅតំបន់កំពូលតារាងទាំង​៦នេះ៕

 

ប្រភព៖ PostKhmer

Comments (0)
Add Comment