ប្រធានស្ថាប័ន Kombat Global ថា គុនខ្មែរ ជា​បិតា​នៃមួយ​ថៃ ហើយ Kombat Kun Khmer នឹង​រៀបចំ​លើកដំបូង នៅប្រេស៊ីល

លោកប្រធាន Rick W. Shin ប្រធានស្ថាប័ន Kombat Global បាន​ទទួលស្គាល់​ពី​ប្រវត្តិ​ដ៏យូរលង់​នៃក្បាច់​គុន​របស់​​ដូនតា​ខ្មែរ ដោយ​លោក​បានបញ្ជាក់​ថា «គុនខ្មែរ» ជាបិតានៃក្បាច់​គុនមួយ​ថៃ​ (MuayThai) របស់​ប្រទេស​ថៃ ហើយស្ថាប័ននេះ ក៏​នឹង​​​សហការ​ជាមួយ​កម្ពុជា ដើម្បី​រៀបចំឱ្យមានការ​ប្រកួត Kombat Kun Khmer ជា​លើក​ដំបូង​ នៅទីក្រុងសៅប៉ូឡូ ប្រទេសប្រេស៊ីល នា​ថ្ងៃទី​៥ ខែមិថុនា ឆ្នាំ ២០២៦។

ការ​បង្កើត​ឱ្យមាន​ការ​ប្រកួត Kombat Kun Khmer ជា​លើក​ដំបូង នៅប្រទេស​ប្រេស៊ីល ដែល​ជាផ្នែក​មួយនៃ Kombat Challenge Series នេះ គឺ​​បញ្ជាក់​អំពី​ឆន្ទៈ​​នៃ​​ការ​​ចុះ​ហត្ថលេខាលើអនុស្សរណៈនៃ​ការ​​យោគយល់​គ្នា (MoU) ​រវាង​លោក Rick W.Shin និង​លោក ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់​គុនខ្មែរ និងជា​អគ្គលេខាធិការ​​សហព័ន្ធ​គុនខ្មែរ​អន្តរជាតិ នៅ​ខេត្តព្រះសីហនុ កាលពី​​​ថ្ងៃ​ទី ១៣ ខែ​កុម្ភៈ ឆ្នាំ​២០២៦ ដែល​ភាគី​ទាំង​​២ មាន​​បំណង​នាំ​យក​ការ​ប្រកួត​គុនខ្មែរ ទៅកាន់​សង្វៀន​អាជីព​កម្រិត​អន្តរជាតិ។

លោក​ Rick W.Shin ​បាន​បញ្ជាក់​តាម​​សេចក្តីថ្លែង​ការណ៍​​ថា៖ ​«Kombat Global មានកិត្តិយស​​ក្នុង​​ការ​ណែនាំ​គុ​នខ្មែរ​របស់​កម្ពុជា​ម​ក​កាន់​វេទិកាអាជីពរបស់​យើង​ជា​លើកដំបូង។ នេះមិនមែន​គ្រាន់​តែ​ជា​ការ​បន្ថែម​វិញ្ញាសា​មួយ​ផ្សេង​ទៀត​នោះទេ តែ​​វា​និយាយ​អំពីការ​ទទួល​ស្គាល់ និង​គោរព​ប្រវត្តិសាស្ត្រ​ដ៏ជ្រាលជ្រៅ និង​សារៈសំខាន់​ខាង​វប្បធម៌​នៃ​ក្បាច់​គុន​ចំណាស់​ជាងគេបំផុត​មួយ​រ​បស់​ពិភពលោក»។

ប្រធាន​ស្ថាប័ន Kombat Global  រូប​នេះ​​បាន​បញ្ជាក់​​ថា៖​ «គុនខ្មែរ ត្រូវ​បាន​គេ​ស្គាល់​ថា ជាបិតានៃមួយថៃ តំណាង​ឱ្យ​មូល​ដ្ឋាន​គ្រឹះ​នៃ​សិល្បៈ​កីឡា​ប្រយុទ្ធ​នៅ​អាស៊ីអាគ្នេយ៍ ហើយ​ឥទ្ធិពល​របស់គុនខ្មែរ​ទៅលើកីឡាប្រយុទ្ធសម័យ​ទំនើប គឺ​មិន​អាច​ប្រកែក​បាន។ តាមរយៈ​ភាព​ជា​ដៃ​គូ​របស់យើង​ជាមួយ​សហព័ន្ធ​គុនខ្មែរ យើង​ប្តេជ្ញា​កសាង​វេទិកា​សកល​មួយ ដែល​រក្សា​បាន​នូវ​ភាព​ត្រឹមត្រូវរបស់​គុនខ្មែរ ដើម្បី​​បង្កើត​ឱកាស​វិជ្ជាជីវៈថ្មី សម្រាប់​អត្តពលិក​នៅ​ទូទាំង​ពិភព​លោក»។

[img]

ជាមួយគ្នា​នេះ លោក​ Rick W.Shin បាន​ចាត់​ទុក​​ការបង្ហាញខ្លួនលើកដំបូង​របស់ «​គុនខ្មែរ» តាម​រយៈ​ព្រឹត្តិការណ៍  Kombat Kun Khmer នៅប្រទេស​ប្រេស៊ីល នាថ្ងៃទី​៥ ខែមិថុនា ឆ្នាំ​២០២៦​នេះ គឺ​​ជា​ការ​​ជួយ​ជំរុញ​ គុនខ្មែរ​ទៅក្នុង​ឧស្សាហកម្មកីឡាប្រយុទ្ធសកល ហើយ​អ្នកប្រយុទ្ធ MuayThai ទាំងអស់នៅ​ទូទាំង​ពិភពលោក ត្រូវ​បាន​អញ្ជើញ​ឱ្យ​ចូលរួម​ប្រកួត​ប្រជែង​ក្នុង​ព្រឹត្តិការណ៍នេះ ក្រោមច្បាប់ និងបទបញ្ញត្តិគុនខ្មែរ ដោយទទួលស្គាល់ឫសគល់រួម និងផ្តល់វេទិកាសកលថ្មីមួយ​សម្រាប់​អត្តពលិក​កីឡា​ប្រយុទ្ធ​កំពូលៗ។

លោក​ Rick W.Shin ​បានសង្កត់​ធ្ងន់ថា៖ ​«យើង​ស្វាគមន៍​អ្នក​ប្រយុទ្ធ​មួយ​ថៃ និង​អត្តពលិក​កីឡាប្រយុទ្ធ​ទាំងអស់​មក​ពី​ជុំវិញ​ពិភពលោក​ឱ្យ​ចូល​រួម​ជាមួយ Kombat Kun Khmer និងក្លាយជាផ្នែកមួយនៃចលនាប្រវត្តិសាស្ត្រនេះ»។

ចំណែក​លោក ខូវ ឆាយ បាន​ប្រកាសនៅថ្ងៃទី ៣០ ខែ​មីនា​នេះ​​ថា ព្រឹត្តិការណ៍ Kombat Kun Khmer លើកដំបូង នៅប្រទេស​ប្រេស៊ីល នាថ្ងៃទី ​៥ ខែមិថុនា​ខាងមុខនេះ ជាការបង្ហាញជាផ្លូវការ​របស់​គុនខ្មែរ ដែលជាសិល្បៈក្បាច់គុនជាតិរបស់កម្ពុជា ទៅ​លើវេទិកាអាជីពសកលក្រោម Kombat Global។

លោក​បន្ថែម​ថា Kombat Global ដែលបាន​ពង្រីកខ្លួនជាបន្តបន្ទាប់នៅទូទាំងវិញ្ញាសាកីឡាប្រយុទ្ធជាមួយសមាជិកជា​ច្រើន​ប្រទេស​នោះ បានបន្ថែម Kombat Kun Khmer ជាវេទិកាប្រកួត​ប្រជែង​ផ្លូវការ នៅ​ក្នុង​រចនាសម្ព័ន្ធព្រឹត្តិការណ៍​អន្តរជាតិ​របស់​ខ្លួន ហើយ​នេះ​ជា​យុទ្ធ​សាស្រ្ត​ឆ្លុះ​បញ្ចាំង​ពីការ​ប្តេជ្ញាចិត្ត​របស់ Kombat Global ក្នុង​ការគោរព​សិល្បៈ​ក្បាច់គុនប្រពៃណី​របស់កម្ពុជា ដើម្បី​លើក​កម្ពស់​កីឡា​នេះ​ចូល​ទៅ​ក្នុង​សង្វៀន​អាជីព​សកល។

លោក ខូវ ឆាយ បានបញ្ជាក់នៅក្នុង​សេចក្តីប្រកាស​របស់​ខ្លួន​ថា៖ «គុនខ្មែរ ត្រូវ​បាន​គេ​ចាត់​ទុកយ៉ាង​ទូលំទូលាយ​ថា ជាសិល្បៈក្បាច់គុន​ចំណាស់​ជាងគេ​បំផុត​មួយ​នៅ​លើ​ពិភពលោក ​ដែល​​គេហៅជាញឹកញាប់ថាជា “បិតានៃមួយថៃ” ហើយ​​ដើម្បី​ទទួល​ស្គាល់​សារៈសំខាន់​ខាង​ប្រវត្តិសាស្ត្រ និង​វប្បធម៌​របស់​គុនខ្មែរ​​នេះ Kombat Global បាន​ដើរ​តួនាទី​នាំមុខគេ​ក្នុង​ការ​លើក​កម្ពស់ និងផ្សព្វផ្សាយ​គុនខ្មែរ​នៅ​លើ​ឆាក​ពិភពលោក»៕

 

ប្រភព៖ PostKhmer

Comments (0)
Add Comment