អាស៊ានគាំទ្រ​លើ​គោលការណ៍សំខាន់ៗ​របស់កម្ពុជា ដើម្បី​ជំរុញការ​អភិវឌ្ឍ​កីឡា​​អាស៊ាន ឈាន​ទៅកម្រិតខ្ពស់ និងមានសន្តិភាព

ក្រសួងអប់រំ យុវជន និង​កីឡា ក្រោមការជួយសម្របសម្រួល និង​​រៀបចំ​ដោយ​លេខាធិការដ្ឋាន​អាស៊ាន គឺ​បាន​ទទួល​ជោគ​ជ័យ​យ៉ាង​ត្រចះត្រចង់ ចំពោះការ​ធ្វើ​​ម្ចាស់​ផ្ទះ​សិក្ខាសាលាពិគ្រោះយោបល់ស្ដីពី «ការកំណត់អាទិភាព និងកៀរគរធនធានសម្រាប់ផែនការការងារអាស៊ាន ស្ដីពីកីឡា ឆ្នាំ២០២៦-២០៣០» ដោយ​អាស៊ាន បានគាំទ្រ​ទៅលើគោលការណ៍​ទាំង​៣​របស់​កម្ពុជា ក្នុង​​ការ​ជំរុញ​​ទាំង​​កីឡាប្រពៃណី និង​កីឡា​ទំនើប​របស់​អាស៊ានឱ្យឈាន​ទៅ​កម្រិត​ខ្ពស់ និងមានសន្តិភាព។

នៅក្នុងពិធីបិទវគ្គ ​នៅសណ្ឋាគារកាំបូឌីយ៉ាណា កាលពីព្រឹក​​ថ្ងៃ​ទី ១ ខែមេសា​​នេះ តំណាង​របស់​លេខាធិការដ្ឋាន​អាស៊ាន បានវាយ​តម្លៃ​ខ្ពស់ចំពោះ​កិច្ច​ខិតខំប្រឹង​ប្រែង​របស់​ម្ចាស់ផ្ទះ​កម្ពុជា ដែល​រៀបចំ​សិក្ខាសាលា​រយៈពេល​២​ថ្ងៃ​នេះ បាន​យ៉ាងល្អ និង​ប្រកប​ដោយ​ជោគ​ជ័យ ដោយមានការ​ពិភាក្សា និង​ផ្លាស់​ប្តូរ​យោបល់​គ្នា​​គ្រប់ភាគី ហើយបាន​​ឯក​ភាពគ្នា​ទទួល​យកនូវ​​គោលការណ៍ទាំង​៧ចំណុចរបស់អាស៊ាន ស្ដីពីកីឡា ឆ្នាំ២០២៦-២០៣០។

គោលការណ៍​ទី​១ កីឡាដើម្បី​អភិវឌ្ឍ និងសន្តិភាព ទី​២ កំណើនប្រកប​ដោយ​ចីរភាព ទី​៣ វិទ្យាសាស្ត្រកីឡា ការ​បណ្តុះបណ្តាល ​ការអប់រំ និងបច្ចេកវិទ្យា ទី​៤ ភាពសុចរិតនៃកីឡា ទី​​៥ របៀបរស់​នៅ​ដែល​មាន​សុខភាព​ល្អ និងការរួម​បញ្ចូល​ក្នុង​កីឡា ទី​៦ កីឡាសហគមន៍ និងតម្លៃវប្បធម៌ (កីឡាប្រពៃណីអត្តសញ្ញាណជាតិ) និង​ទី​៧ ការអភិវឌ្ឍឧស្សាហកម្ម​កីឡា និង​ទេសចរណ៍​កីឡា។

ជាមួយនេះ លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការ​ក្រសួងអប់រំ យុវជន និង​កីឡា បាន​សាទរចំពោះ​លទ្ធផល​ ដែល​សម្រេច​បាន នៅក្នុង​សិក្ខាសាលា​រយៈពេល​២​ថ្ងៃនេះ ដែល​ជាការបើកផ្លូវ​​សម្រាប់​កម្ពុជា ឈាន​​ទៅ​ធ្វើ​ម្ចាស់​ផ្ទះ​​កិច្ចប្រជុំឧត្តមមន្ដ្រីកីឡាអាស៊ាន និងកិច្ចប្រជុំរដ្ឋមន្ដ្រីកីឡាអាស៊ាន នាចុងឆ្នាំ២០២៦ និងឆ្នាំ២០២៧។

អ្នកជំនាញកីឡា​រូបនេះ បានសង្កត់​ធ្ងន់​ទៅលើ​ភាពជោគ​ជ័យ​របស់​ម្ចាស់​ផ្ទះ​កម្ពុជា ដែល​ត្រូវ​បាន​សមាជិក​អាស៊ាន​ទាំង​១១​ប្រទេស គាំ​ទ្រក្នុងការ​អនុវត្តនូវ​​គោលការណ៍សំខាន់​​​​ទាំង​​៣ ដែល​កម្ពុជា​ចង់​បានបំផុត គឺ​ទី​១ កម្ពុជា​ចង់ឱ្យ​អាស៊ានទាំង​មូល ពង្រឹង​ និង​ជំរុញ​ទៅលើការ​អនុវត្តគោលការណ៍​​កីឡា​ដើម្បី​​សន្តិភាព កីឡា​ដើម្បីកា​ទូត និង​កីឡាដើម្បី​ការអភិវឌ្ឍទាំងអស់​គ្នា ទី​២ ជំរុញ​ឱ្យមានការ​ជ្រោមជ្រែង​ទៅលើ​ការ​បណ្តុះបណ្តាលបច្ចេក​វិទ្យា ​ជំនាញ វិជ្ជាជីវៈកីឡា​កម្រិត​ខ្ពស់ និងវិទ្យាសាស្ត្រកីឡា ហើយ​ទី​៣ ជំរុញ​ឱ្យមានការ​អភិវឌ្ឍ​​កីឡាវប្បធម៌ប្រពៃណី​របស់អាស៊ាន​ទាំង​មូល។

លោក វ៉ាត់ ចំរើន បាន​ថ្លែង​ថា៖ «​ការ​ធ្វើ​សិក្ខាសាលា​នេះ យើង​ទទួលបាន​ធាតុ​ចូលជា​ច្រើន​ និង​ទទួល​បានការជំរុញ​ពី​អាស៊ាន​ទៅតាមគោលបំណង​សំខាន់​ទាំង​៣ ដែល​កម្ពុជា​​​ចង់​បាន​។ បន្ថែម​លើនេះ ​យើង​ចង់​ពង្រីក​ដៃ​គូ​ផ្នែកកីឡា​របស់​អាស៊ាន ដោយ​កន្លងមក​យើងមាន​ចិន និងជប៉ុន តែឥឡូវនេះ កូរ៉េ ជាសក្តានុពលធំ​មួយ ដែល​យើង​មិនអាច​ចោល​បាន ព្រោះ​កូរ៉េ បានជួយ​ទៅ​ដល់​អាស៊ាន និង​ជួយ​ទៅលើ​វិស័យកីឡាច្រើន ជាពិសេស​នៅ​កម្ពុជា​ អ៊ីចឹង​យើង​ទាញ​ឱ្យបានដៃគូ​មួយ​ទៀតជាមួយកូរ៉េ ដោយ​ផ្តើមចេញពីកម្ពុជា​ធ្វើ​ជាម្ចាស់​ផ្ទះ»។

លោក វ៉ាត់ ចំរើន បន្ថែម​ថា៖ «កូរ៉េ ខ្លាំង​ទៅលើកាទូតកីឡា ជាពិសេស​ខាងផ្នែកកីឡាប្រពៃណី​នេះ គឺ​គេ​បាន​ធ្វើ World Martial Arts របស់​អង្កការយូណេស្កូ ជា​រៀង​រាល់ឆ្នាំ។ កូរ៉េ​​មានបទពិសោធន៍​ល្អខាង​ហ្នឹង ហើយ​យើង​ចង់ជំរុញ​កីឡាប្រពៃណីរបស់​យើង​ទៅពិភពលោក អ៊ីចឹង​យើង​ពង្រីក​កិច្ចសហ​ប្រតិបត្តិការ​​ជាមួយកូរ៉េ គឺ​ជា​ផ្លូវ​មួយ ដែល​យើងបើក​ឱ្យ​ពិភព​លោក​​ទទួល​យក​កីឡា​ប្រពៃណី​របស់​យើង ជាពិសេស​គុនខ្មែរ ដែល​យើង​ត្រៀម​ពង្រីក​វា​ឱ្យ​ទៅជា​កីឡាអូឡាំពិក នាពេល​អនាគត»។

លោក វ៉ាត់ ចំរើន ដែលជា​អគ្គលេខាធិការ​គណៈកម្មាធិការជាតិអូឡាំពិក​កម្ពុជា​ផង​នោះ បាន​ឱ្យ​ដឹងទៀត​ថា ​ការរុញ​កីឡាប្រពៃណី «​គុនខ្មែរ» ឱ្យ​ក្លាយ​ជាកីឡាអូឡាំពិកនេះ គឺ​ជាគោលការណ៍​របស់ក្រសួងអប់រំ យុវជន និង​កីឡា ដោយមានការ​គាំទ្រ​ពី​​ចលនាអូឡាំពិក និង​ភាគីពាក់ព័ន្ធ​មួយចំនួន​ទៀត ហើយការជួយគាំទ្រ​ពីអាស៊ាន តាម​រយៈ​សិក្ខាសាលានេះ ក៏ជា​ផ្នែក​សំខាន់​មួយ ក្នុងការ​​ឈាន​ទៅសម្រេច​គោលបំណងដ៏​ធំនេះផងដែរ។

លោក វ៉ាត់ ចំរើន បានបញ្ជាក់ថា៖ «សិក្ខាសាលា​នេះ វាហុចផល​ឱ្យ​យើង​ ជំរុញ​លើ​រឿង​ទាំងអស់ហ្នឹង ដែលជា​ប្រយោជន៍​របស់កីឡាយើង និងកេរ្តិ៍ឈ្មោះ​ប្រទេស​ជាតិ​របស់​យើង​នៅលើ​ឆាកនយោបាយ​អាស៊ាន និងនៅ​លើពិភពលោក ហើយប្រតិភូ​ទាំងអស់ ដែលបានចូលរួម​ក្នុងសិក្ខាសាលានេះ មាន​ភាពកក់ក្តៅ និងស្ងើចសរសើរចំពោះ​ការ​ទទួល​ស្វាគមន៍ និងការ​បដិសណ្ឋារកិច្ចបាន​យ៉ាង​ល្អ​​របស់​កម្ពុជា»៕

 

ប្រភព៖ PostKhmer

Comments (0)
Add Comment