ព្រឹត្តិការណ៍ «១​ម៉ឺនជំហាន ដើម្បីសិស្ស​១​ម៉ឺននាក់» នឹងត្រូវ​រៀបចំ​ឡើងជា​លើកដំបូង ដើម្បី​លើក​កម្ពស់ការ​អាន និងស្វែងយល់ពីប្រវត្តិសាស្ត្ររូបិយវត្ថុខ្មែរ

ព្រឹត្តិការណ៍ «១​ម៉ឺនជំហាន ដើម្បីសិស្ស ១ ម៉ឺននាក់» នឹងត្រូវ​រៀបចំ​ឡើងជា​លើកដំបូង នៅថ្ងៃអាទិត្យ ទី២៤ ខែឧសភា ឆ្នាំ២០២៦ នៅបរិវេណកោះពេជ្រ និងកោះនរា ដើម្បី​លើក​កម្ពស់​វិស័យអប់រំ ជាពិសេសបណ្តុះ​ឱ្យមាន​វប្បធម៌​​ការ​អាន​នៅ​កម្ពុជាឱ្យបានកាន់តែច្រើន ក៏ដូចជា​ចូលរួមផ្សព្វផ្សាយពី​សារៈសំខាន់នៃការស្វែងយល់ពីប្រវត្តិសាស្ត្ររូបិយវត្ថុខ្មែរ នៅ​សារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន (ស.ស.រ)។

កម្មវិធីនេះ​ជាផ្នែកមួយ​នៃ​យុទ្ធនាការ​ផ្សព្វផ្សាយ​ដំបូង​បង្អស់​នៅ​កម្ពុជា ផ្តួច​ផ្តើម​ឡើង​ដោយគ្រឹះស្ថាន អម្រឹត រួមសហការជាមួយ ក្រសួងអប់រំ យុវជន និងកីឡា និង​សារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន ក្រោមប្រធានបទ “រត់ ដើរ ដើម្បី​​លើកកម្ពស់ការអាន និង សារមន្ទីរ ស.ស.រ”។

តាម​ខ្លឹមសារ​រួម ដែល​ត្រូវបាន​ប្រកាស ក្នុងសន្និសីទកាសែត កាលពីព្រឹក​ថ្ងៃទី ២០ ខែមេសា​នេះ បាន​ឱ្យ​ដឹង​ថា ព្រឹត្តិការណ៍ «១​ម៉ឺនជំហាន ដើម្បីសិស្ស ១ ម៉ឺននាក់» នេះ មាន​គោលបំណងសំខាន់ចំនួន៣ ទី១ ចូលរួម​ចំណែក​បន្ត​លើក​កម្ពស់ វិស័យអប់រំ ដែល​ជាគោលដៅ​អាទិភាព​របស់រាជរដ្ឋាភិបាល ទី២ ចូលរួម​ផ្សព្វ​ផ្សាយ​សារៈសំខាន់​នៃ​ការអាន ដើម្បី​បណ្ដុះ​ទម្លាប់​អានក្នុង​ជីវិតប្រចាំថ្ងៃ និង​ជំរុញវប្បធម៌អាននៅកម្ពុជា។

ចំណែក​ទី៣ ដើម្បី​ចូលរួមផ្សព្វផ្សាយសារៈសំខាន់នៃការស្វែងយល់ពី​ប្រវត្តិសាស្ត្រ​រូបិយវត្ថុ​ខ្មែរ នៅ សារមន្ទីរ ស.ស.រ ដែលជាសារមន្ទីរទំនើប និងដំបូងគេបង្អស់ ដែលផ្តល់នូវចំណេះ​ដឹង​អំពី​ទំនាក់ទំនង​រវាង​សេដ្ឋកិច្ច រូបិយវត្ថុ និង សង្គម ក្នុងប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជា។

លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការ​ក្រសួងអប់រំ យុវជន និង​កីឡា បាន​​ថ្លែង​ថា ព្រឹត្តិការណ៍ «១​ម៉ឺនជំហាន ដើម្បីសិស្ស ១ ម៉ឺននាក់»នេះ ទទួលបាន​ការគាំទ្រ​ពេញទំហឹង​ពី​​​លោកឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តី​ក្រសួងអប់រំ យុវជន និង​កីឡា ហង់ជួន ណារ៉ុន ដោយ​​លោក​បានចាត់​ទុក​​ការអានជា​មូលដ្ឋានគ្រឹះសំខាន់នៃការអប់រំប្រកបដោយ​គុណភាព ដើម្បី​កសាង​ធនមនុស្ស និង​ការ​អភិវឌ្ឍ​​របស់​ប្រទេស​កម្ពុជា។

ជាមួយ​ហេតុផលនេះ ​លោក ហង់ជួន ណារ៉ុន បានជំរុញ​ឱ្យ​គ្រប់​ភាគីពាក់ព័ន្ធ រៀបចំព្រឹត្តិការណ៍នេះ​ឱ្យបាន​ល្អ និង​ទទួលបានជោគ​ជ័យ ដើម្បី​​លើកកម្ពស់ការអាន បណ្ដុះ​ទម្លាប់អាន ការសិក្សាស្រាវជ្រាវ និងការបង្កើតវប្បធម៌អាន គឺ​ឱ្យការអាន​ក្លាយជាផ្នែកមួយនៃជីវិតប្រចាំថ្ងៃ។ លោក វ៉ាត់ ចំរើន បាន​បន្ថែម។

ចំណែក​លោក ប្លែស គឺលីយ៉ង់ សហប្រធានសារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន បាន​ឱ្យ​ដឹង​ថា សារមន្ទីរ ស.ស.រ មិនត្រឹមតែជាកន្លែងអភិរក្សប៉ុណ្ណោះទេ ​តែជាស្ថាប័នផ្ដោតសំខាន់ទៅលើការអប់រំ និងចែករំលែកនូវចំណេះដឹងផ្សេងៗ ដោយ​សារមន្ទីរ ធ្លាប់បាន​​អនុវត្ត​ជាមួយវិស័យធនាគារ និង​វិស័យអប់រំ ដើម្បី​ជំរុញចំណេះ​ដឹង​ផ្នែក​សេដ្ឋកិច្ច និង​ការស្វែង​យល់​ផ្នែកប្រវត្តិសាស្ត្រ ក៏ដូចជាឆន្ទៈនៃការសិក្សារៀនសូត្រ​ក្នុង​ចំណោម​យុវជន​ជំនាន់ក្រោយ។

លោកបញ្ជាក់ថា៖ ​«​​ការ​សិក្សា​ស្វែង​យល់​ពី​ប្រវត្តិសាស្ត្ររូបិយវត្ថុខ្មែរ ក៏ដូចជា​ចំណេះដឹងអំពីទំនាក់ទំនងរវាងសេដ្ឋកិច្ច រូបិយវត្ថុ​ប្រាក់រៀល និង​សង្គម ក្នុងប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជា ដែលបាន​កត់​ត្រា​នៅ​​សារមន្ទីរ ស.ស.រ តាំងពី​បុរាណ​កាល មកដល់​បច្ចុប្បន្ន ពិតជាមានសារៈសំខាន់ណាស់សម្រាប់​អ្នកជំនាន់​ក្រោយ ហេតុនេះ​តាម​រយៈព្រឹត្តិការណ៍ ដែលនឹង​រៀបចំ​ខាង​មុខ​នេះ វាជាជំហាន​ថ្មីធំមួយ​ដែរ ក្នុងការ​ផ្តល់ឱកាស​​ឱ្យ​សិស្សានុសិស្ស បានមក​សិក្សា និងស្វែង​យល់​នៅ​សារមន្ទីរ​របស់​យើង»។

ចំណែក​លោក ដុស ឌីន អគ្គនាយកគ្រឹះស្ថានមីក្រូហិរញវត្ថុ អម្រឹត បាន​ថ្លែង​ថា កម្មវិធី “១​ម៉ឺនជំហាន ដើម្បីសិស្ស ១​ម៉ឺននាក់” ជា​យុទ្ធនាការផ្សព្វផ្សាយតែមួយ និងលើកដំបូងបង្អស់ ដែលផ្តល់ ឱកាសឱ្យសាធារណៈជនទូទៅ ដៃគូពាក់ព័ន្ធនានា រួមមាន​រាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ វិស័យឯកជន គ្រឹះស្ថានបោះពុម្ព អ្នកនិពន្ធ អាណាព្យាបាល ក្រុមគ្រួសារ និងសហគម គ្រប់មជ្ឈដ្ឋាន ចូលរួមគាំទ្រ និង​ផ្សព្វផ្សាយពីគុណតម្លៃនៃការអាន​ឱ្យ​កាន់តែទូលំទូលាយ។

ជាមួយគ្នានេះ លោក បានបញ្ជាក់ថា សម្រាប់ថវិកាដែលប្រមូលបាន​ពីការចុះឈ្មោះទាំងអស់ ក្នុងកម្មវិធីនេះ បូករួមជាមួយថវិកាបន្ថែមពីអម្រឹត នឹងយកទៅឧបត្ថម្ភគាំទ្រដល់​ «ទិវាជាតិអំណាន និង ពិព័ណ៌សៀវភៅថ្នាក់ជាតិ» សម្រាប់​រយៈ​​ពេល ៣ ឆ្នាំ ព្រម​ទាំង​ឧបត្ថម្ភ​​ដល់​ការ​រៀប​ចំ​ដំណើរទស្សនកិច្ចសិក្សាសម្រាប់សិស្សតាមបណ្តាខេត្តចំនួន ១ ម៉ឺននាក់ ទៅសារមន្ទីរ ស.ស.រ សម្រាប់​រយៈ​​ពេល ៣ ឆ្នាំ និង​​ឧបត្ថម្ភ​ការ​ផ្សព្វផ្សាយ​ពី​សារៈសំខាន់នៃការអាន នៅ​តាម​បណ្តា​ខេត្ត​មួយ​ចំនួន សម្រាប់រយៈពេល ៣ ឆ្នាំ។

ទន្ទឹម​នឹងនេះ អម្រឹត ក៏​គ្រោងនឹងរៀបចំកម្មវិធី “រត់ ដើរ ដើម្បី លើកកម្ពស់ការអាន និង សារមន្ទីរ ស.ស.រ” នៅ​ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦នេះ នៅក្នុងខេត្តចំនួន៥ផ្សេងទៀត រួមមាន បាត់ដំបង កំពត ស្វាយរៀង តាកែវ និង រតនគិរី ដើម្បីចូលរួមផ្សព្វផ្សាយ លើកកម្ពស់ការអាន និង ផ្សព្វផ្សាយអំពីសារមន្ទីរ ស.ស.រ ឱ្យ​កាន់តែទូលំទូលាយ ផងដែរ។

ចំណែក​លោក សែម ផល្លា នាយកប្រតិបត្តិរៀបចំព្រឹត្តិការណ៍​ម៉ារ៉ាតុងនៅកម្ពុជា បាន​ឱ្យ​ដឹង​ថា គិតមក​ដល់ពេលនេះ ព្រឹត្តិការណ៍ «១​ម៉ឺនជំហាន ដើម្បីសិស្ស ១ ម៉ឺននាក់» មាន​អ្នកចុះ​ឈ្មោះ​ចូលរួម​​៥០០នាក់​ហើយ ហើយ​​លោករំពឹង​ថា អ្នកចូលរួម​អាច​កើន​ឡើង​ដល់​៣ពាន់​នាក់ ឬ​ច្រើនជាងនេះ។

យ៉ាងណាក៏​ដោយ ​លោក ផល្លា បានអំពាវនាវឱ្យ​អ្នក​រត់ និង​សិស្សានុសិស្ស ចូលរួម​ឱ្យបានច្រើនកុះករ និងចុះ​ឈ្មោះ​ឱ្យបានទាន់ពេលវេលា ព្រោះ​ព្រឹត្តិការណ៍នេះ ពិតជាសំខាន់ណាស់ ដើម្បីរួមគ្នា​​​សិក្សា​ស្វែង​យល់​ពី​ប្រវត្តិសាស្ត្ររូបិយវត្ថុខ្មែរ ជាពិសេស​នាំគ្នា​លើក​កម្ពស់ដល់​ការអានសៀវភៅ​ឱ្យ​បានកាន់​តែ​ច្រើន នៅទូទាំង​ប្រទេស​កម្ពុជា ដើម្បីបង្កើនការ​យល់​ដឹង និងជួយ​ជំរុញ​ជីវភាពរបស់​យើង​ឱ្យបាន​កាន់តែ​ល្អប្រសើរ​៕

 

ប្រពភ៖ PostKhmer

Comments (0)
Add Comment