«មហោស្រពក្បាច់គុនចម្រុះ កម្ពុជា-ចិន» (Cambodia-China Martial Arts Performance) នឹងត្រូវរៀបចំឡើង នៅបរិវេណខាងជើងប្រាសាទបាយ័នខេត្តសៀមរាប ចាប់ពីម៉ោង ៧ព្រឹក ថ្ងៃទី៣០ ខែមេសានេះ ដែលជាការសម្តែងរួមគ្នាដ៏អស្ចារ្យរវាងយុទ្ធគុនខ្មែរបុរាណ មានគុនល្បុក្កតោ យុទ្ធគុនខម និងប្រដាល់គុនខ្មែរ ជាមួយក្បាច់គុនចិន គឺកុងហ្វូសៅលីង (Shaolin Kung Fu) និងថាយជី (Tai Chi)។
ជាមួយគ្នានេះ ភាគីទាំង២ ក៏នឹងរួមគ្នាថតវីដេអូឯកសារពីអាថ៌កំបាំងនៃវប្បធម៌ក្បាច់គុនរបស់ប្រទេសកម្ពុជា និងចិន ដើម្បីផ្សព្វផ្សាយទៅកាន់ពិភពលោក ដោយរំពឹងថា នឹងផ្ទុះការចាប់អារម្មណ៍ខ្លាំង ហើយទាំងក្រុមយុទ្ធគុនខ្មែរបុរាណ និងក្រុមព្រះសង្ឃវត្តសៅលីងទាំង១៦អង្គ ដែលបាននិមន្តមកដល់ប្រទេសកម្ពុជា កាលពីថ្ងៃទី ២៧ ខែមេសា គឺបានត្រៀមខ្លួនរួចរាល់អស់ហើយ ដើម្បីរួមគ្នាបង្ហាញលក្ខណៈពិសេសៗនៃក្បាច់គុនរបស់ប្រទេស២ជូនអ្នកទស្សនា ដោយមិនគិតថ្លៃ។
លោក វ៉ាត់ ចំរើន ប្រធានសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា និងជាប្រធានសហព័ន្ធកីឡាយុទ្ធគុនចម្រុះកម្ពុជា បានរំឭកពីភាពជោគជ័យនៃ «ពិព័រណ៍វប្បធម៌ទេសចរណ៍ និងការសម្តែងក្បាច់គុនសៅលីង និងគុនល្បុក្កតោ» ជាលើកដំបូង នៅបរិវេណខាងជើងប្រាសាទបាយ័ន កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ ដែលបានបង្ហាញពីលក្ខណៈពិសេសៗនៃយុទ្ធគុន និងក្បាច់គុនរបស់ប្រទេសទាំង២ ដែលមានចរឹតលក្ខណៈជាវប្បធម៌ ទេសចរ នយោបាយ និងការបង្ហាញនូវទំនាក់ទំនងល្អរវាងយុទ្ធគុន ជាមរតកវប្បធម៌របស់ប្រទេសជាតិនីមួយៗ។
លោកបានថ្លែងថា៖ «មរតកវប្បធម៌នេះ វាស៊ីជម្រៅខ្លាំងសម្រាប់កម្ពុជាយើង ដែលជាប្រទេសមានអរិយធម៌ខ្ពង់ខ្ពស់នៅសម័យអង្គរ ហើយអរិយធម៌ខ្ពង់ខ្ពស់នោះ ក៏ដោយសារតែរឿងយុទ្ធគុននេះដែរ ព្រោះសម័យនោះ ទាល់តែយុទ្ធគុនយើងខ្លាំង ទើបយើងរុងរឿងបាន»។
អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិក (NOCC) លោក វ៉ាត់ ចំរើន បានឱ្យដឹងថា នៅសម័យអង្គរ កម្ពុជាមានយុទ្ធគុន យុទ្ធមន្ត យុទ្ធសិល្ប៍ និងយុទ្ធសាស្រ្តល្អ ធ្វើឱ្យប្រទេសជាតិមានភាពរុងរឿង ហើយអាថ៌កំបាំងនៃភាពអស្ចារ្យនៃយុទ្ធគុនទាំងអស់នោះ នឹងត្រូវយកមកសម្តែងរួមគ្នាជាមួយក្រុមព្រះសង្ឃសៅលីង ដោយមានទាំងការថតជាវីដេអូ ទុកជាឯកសារ សម្រាប់យកទៅផ្សព្វផ្សាយបន្តទៅកាន់ពិភពលោកផងដែរ។
លោកបញ្ជាក់ថា៖ «ការរួមគ្នាសម្តែងក្បាច់គុនចម្រុះ កម្ពុជា-ចិននេះ ជាគោលដៅធំមួយហើយ ប៉ុន្តែអ្វីដែលជាអាថ៌កំបាំងនៅពីក្រោយការសម្តែងនេះ យើងត្រៀមធ្វើការថតឯកសារអំពីយុទ្ធគុនទាំង២រួមគ្នា ប្រកបដោយភាពទាក់ទាញ និងមានស្តង់ដា សម្រាប់ធ្វើការផ្សព្វផ្សាយទៅកាន់ពិភពលោក ហើយយើងគិតថា នឹងផ្ទុះការចាប់អារម្មណ៍ខ្លាំង ព្រោះយើងធ្វើក្នុងកម្រិតគុណភាពអន្តរជាតិជាមួយខាងសៅលីង»។
អ្នកជំនាញកីឡារូបនេះ បន្ថែមថា៖ «នេះជាការថតឯកសារ ឬការផលិតខ្សែវីដេអូខ្លីៗ សម្រាប់ការផ្សព្វផ្សាយ ដែលមានឥទ្ធិពលនៅលើបណ្តាញសង្គម អ៊ីចឹងយើងនឹងធ្វើការងារនេះ ហើយភាគីចិនក៏នឹងយកវីដេអូខ្លីៗនេះ ទៅផ្សព្វផ្សាយនៅជុំវិញពិភពលោក ជាពិសេសនៅចិន ដែលមានប្រជាជនច្រើនជាងគេ ហេតុនេះយើងសង្ឃឹមថា ការផ្សព្វផ្សាយនៅលើបណ្តាញសង្គមនេះ នឹងអាចមានអ្នកទស្សនាចូលដល់រាប់កោដិនាក់ គឺវាចំណាយច្រើនណាស់»។
ទាក់ទងទៅនឹងវប្បធម៌ អរិយធម៌ជាតិខាងផ្នែកយុទ្ធគុន គឺលោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត កាលពីខែកុម្ភៈ ឆ្នាំ២០២៥ បានជំរុញឱ្យគណៈកម្មការស្រាវជ្រាវគម្ពីរអាថ៌កំបាំងយុទ្ធគុនដូនតាខ្មែរ ត្រូវធ្វើការសិក្សាស្រាវជ្រាវ និងចងក្រងអត្តសញ្ញាណនៃប្រភេទយុទ្ធគុនដូនតាខ្មែរនីមួយៗឱ្យបានច្បាស់លាស់ ដោយផ្អែកលើតឹកតាងជាប្រវត្តិសាស្រ្តជាសំខាន់ ដើម្បីសង្គ្រោះយុទ្ធគុនដូនតាខ្មែរ ដែលបានបាត់បង់ ជិតនឹងបាត់បង់ ក៏ដូចជាអភិរក្សយុទ្ធគុនដូនតាខ្មែរ ដែលកំពុងមានការរីកចម្រើននាពេលបច្ចុប្បន្ន។
លោកនាយករដ្ឋមន្រ្តី ក៏បានអនុញ្ញាតឱ្យគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) និងភាគីពាក់ព័ន្ធ រៀបចំឱ្យមានការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ «ពានរង្វាន់សម្ដេចធិបតី» តាំងពីឆ្នាំ២០២៤មក ដោយបានបើកឱកាសឱ្យយុទ្ធគុនខ្មែរជាច្រើនប្រភេទ បានប្រកួតប្រជែងគ្នាទាំងលើទម្រង់បែបបុរាណ និងបែបទំនើប ហើយរាល់សកម្មភាពទាំងនោះ សុទ្ធតែត្រូវបានចងក្រងជាឯកសារ ទុកជាមរតកសម្រាប់អ្នកជំនាន់ក្រោយៗទៀត។
ជុំវិញការងារនេះ លោក វ៉ាត់ ចំរើន បានបញ្ជាក់ថា៖ «យើងធ្វើទាំងការស្រាវជ្រាវ និងចង់ក្រងឯកសារ ហើយយើងក៏បានធ្វើទំនើបកម្មទៅលើយុទ្ធគុនរបស់យើង ដោយមានបញ្ចូលភ្លេង របៀបសម្តែង និងបញ្ចូលការតាក់តែងសាច់រឿងជាច្រើនទៀត ចំណែកខាងសៅលីង ក៏គេបានធ្វើទំនើបកម្ម ឱ្យទៅជាក្បាច់គុនសម័យជឿនលឿនដែរ អ៊ីចឹងការសម្តែងរួមគ្នា នៅថ្ងៃទី៣០ ខែមេសានេះ យើងនឹងទទួលបានជោគជ័យថ្មីដ៏ត្រចះត្រចង់ ទាំងសម្រាប់ទេសចរ វប្បធម៌ និងការផ្សព្វផ្សាយពីយុទ្ធគុនខ្មែរបុរាណទៅក្រៅប្រទេស»។
គួរបញ្ជាក់ថា ព្រឹត្តិការណ៍ «មហោស្រពក្បាច់គុនចម្រុះ កម្ពុជា-ចិន» នេះ ត្រូបានរៀបចំឡើង ក្រោមកិច្ចសហការរវាងក្រសួងទេសចរណ៍កម្ពុជា និងរដ្ឋបាលខេត្តសៀមរាប ជាមួយរដ្ឋបាលប្រជាជនខេត្តហឺណានរបស់ចិន ដើម្បីអបអរសាទរ «ឆ្នាំទេសចរណ៍កម្ពុជា-ចិន» ដោយផ្តោតទៅលើការផ្សព្វផ្សាយគោលដៅទេសចរណ៍ និងវប្បធម៌រួមគ្នា ដើម្បីទាក់ទាញអ្នកទេសចរចិន និងអន្តរជាតិមកទស្សនាស្វែងយល់ និងទទួលនូវបទពិសោធន៍ពីប្រទេសកម្ពុជាកាន់តែច្រើន ជាពិសេសអំពីសក្តានុពលទេសចរណ៍ វប្បធម៌ អរិយធម៌ និងទំនៀមទម្លាប់ប្រជាជនកម្ពុជា ដែលមានអាយុកាលយូរលង់ណាស់មកហើយ៕
ប្រភព: PostKhmer