ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតខេត្តបាត់ដំបង ដែលចំណាយថវិកាសរុបជាង ៣១លានដុល្លារអាមេរិក ត្រូវបានសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ នៅថ្ងៃទី ៣០ ខែមេសានេះ ហើយវាជាសមិទ្ធផលថ្មីមួយទៀត ក្នុងការពង្រីកសេវាផ្គត់ផ្គង់ទឹកស្អាត ដើម្បីឆ្លើយតបនឹងកំណើននៃតម្រូវការក្នុងក្រុងបាត់ដំបង និងតំបន់ជុំវិញ ដោយប្រព័ន្ធនេះ ធ្វើឱ្យរដ្ឋាករទឹកបាត់ដំបង អាចបង្កើនសមត្ថភាពផលិតទឹកស្អាតរបស់ខ្លួនជាង២ដង គឺកើន ១៤៨ភាគរយ។
ពិធីសម្ពោធនេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាពលោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ហើយប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតថ្មីនេះ ចំណាយថវិកាសរុបប្រមាណ ៣១,៧៧ លានដុល្លារអាមេរិក ដែលជាគម្រោងសហហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា។
ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតខេត្តបាត់ដំបងនេះ មានទីតាំងស្ថិតក្នុងភូមិកំពង់សីមានៃក្រុងបាត់ដំបង ដោយបានចាប់ផ្តើមសាងសង់ក្នុងខែកក្កដា ឆ្នាំ២០២២ និងបញ្ចប់ការសាងសង់ក្នុងខែធ្នូ ឆ្នាំ២០២៥ ដោយគម្រោងនេះរួមមានស្ថានីយបូមទឹកឆៅមួយ រោងចក្រប្រព្រឹត្តកម្មទឹកស្អាត មានសមត្ថភាពផលិតទឹកស្អាត ៥០ ០០០ ម៉ែត្រគីបក្នុងមួយថ្ងៃ និងមានបណ្តាញចែកចាយប្រវែង ៩៤ គីឡូម៉ែត្រ។
ជាមួយការដាក់ឱ្យដំណើរការប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតខេត្តបាត់ដំបងនេះ រដ្ឋាករទឹកបាត់ដំបងបានបង្កើនសមត្ថភាពផលិតទឹកស្អាតរបស់ខ្លួនជាង២ដង និងពង្រីកការតភ្ជាប់បណ្តាញថ្មីជូនដល់ ១៦៧៩៨ គ្រួសារបន្ថែមទៀត ដែលគ្របដណ្តប់ប្រមាណ ៧៦ភាគរយនៃតំបន់សេវាកម្មរបស់ខ្លួន។
លោក ហែម វណ្ណឌី បានថ្លែងនៅក្នុងពិធីសម្ពោធនោះថា៖ «ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតថ្មីនេះ បង្កើនសមត្ថភាពផលិតទឹកស្អាតរបស់រដ្ឋាករទឹកបាត់ដំបងពី ៣៣ ៥២០ ម៉ែត្រគីបក្នុងមួយថ្ងៃ ទៅដល់ ៨៣ ៥២០ ម៉ែត្រគីបក្នុងមួយថ្ងៃ គឺកើន ១៤៨%។ មានន័យថា បងប្អូនប្រជាពលរដ្ឋ រួមទាំងផលិតករ សេវាករ និងអាជីវករជាច្រើន នឹងអាចទទួលបានសេវាទឹកស្អាត ដែលមានគុណភាព សុវត្ថិភាព ចីរភាព និងថ្លៃសមរម្យ ដើម្បីធ្វើឱ្យសុខុមាលភាពកាន់តែល្អប្រសើរ និងជីវភាពកាន់តែរីកចម្រើន»។
ជាមួយគ្នានេះ អ្នកស្រី Yasmin Siddiqi នាយិកាប្រចាំប្រទេសកម្ពុជានៃធនាគារអភិវឌ្ឍន៍អាស៊ី បានបញ្ជាក់ថា៖ «ការផ្គត់ផ្គង់ទឹកស្អាតដែលអាចទុកចិត្ត បានលើកកម្ពស់សុខភាពសាធារណៈ សន្សំពេលវេលាសម្រាប់គ្រួសារ និងគាំទ្រកំណើនសេដ្ឋកិច្ចក្នុងមូលដ្ឋាន ហើយខណៈដែលនគរូបនីយកម្មកំពុងមានសន្ទុះយ៉ាងលឿន ការទទួលបានទឹកស្អាតដែលមានសុវត្ថិភាព និងមានតម្លៃសមរម្យ គឺមានសារសំខាន់ចំពោះផលិតភាព និងគុណភាពជីវិត»។
ចំណែកអ្នកស្រី Sandrine Boucher នាយិកាប្រចាំប្រទេសកម្ពុជារបស់ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) ដែលបានគាំទ្រវិស័យទឹកស្អាតនៅកម្ពុជា តាំងពីទសវត្សរ៍ឆ្នាំ១៩៩០ នោះ បានចាត់ទុកការសម្ពោធដាក់ឱ្យប្រើប្រាស់នៅប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតខេត្តបាត់ដំបងនេះថា ជាសមិទ្ធផលថ្មី លើសពីហេដ្ឋារចនាសម្ព័ន្ធទឹកស្អាត គឺវាជាការវិនិយោគទៅលើប្រជាជន សុខភាពសាធារណៈ និងអនាគតរបស់ក្រុងបាត់ដំបង។
លោកស្រីបញ្ជាក់ថា៖ «ខ្ញុំមានជំនឿថា ក្រុងបាត់ដំបងនឹងបន្តរីកចម្រើន សេដ្ឋកិច្ចរឹងមាំប្រកបដោយសមភាព និងសមធម៌ក្នុងសង្គម។ គម្រោងនេះក៏បានបង្ហាញពីភាពជាដៃគូដ៏រឹងមាំ រវាងរាជរដ្ឋាភិបាលកម្ពុជា និងដៃគូអភិវឌ្ឍន៍ ក្នុងការលើកកម្ពស់វិស័យទឹកស្អាត ដើម្បីរួមចំណែកកែលម្អជីវភាពរស់នៅ គាំទ្រការអភិវឌ្ឍទីក្រុង និងតំបន់ប្រជុំជនប្រកបដោយចីរភាព និងបរិយាបន្នផងដែរ»៕
ប្រភព: PostKhmer