សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរាជទូតជប៉ុនថ្មី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសាមគ្គីភាព

រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម អ៉ិស៊ិហ្សឹគិ ហ៊ិដិអុ (ISHIZUKI Hideo) ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសាមគ្គីភាព។

នៅក្នុងជំនួបដ៏មានអត្ថន័យនេះ សម្តេចតេជោ ប្រធានព្រឹទ្ធសភា បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះ ឯកឧត្តម អ៉ិស៊ិហ្សឹគិ ហ៊ិដិអុ ដែលត្រូវបានរាជរដ្ឋាភិបាលជប៉ុនតែងតាំងជា ឯកអគ្គរាជទូតប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។ សម្តេចតេជោ បានសម្តែងនូវក្តីជឿជាក់យ៉ាងមុតមាំថា ក្នុងបេសកកម្មទូតរបស់ ឯកឧត្តម ទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងជប៉ុន នឹងត្រូវបានពង្រឹង និងពង្រីកឱ្យកាន់តែរីកចម្រើនស៊ីជម្រៅបន្ថែមទៀតលើគ្រប់វិស័យ។

ជាការឆ្លើយតប ឯកឧត្តម ឯកអគ្គរាជទូតជប៉ុន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្តេចតេជោ ប្រធានព្រឹទ្ធសភា ដែលបានចំណាយពេលវេលាដ៏មានតម្លៃអនុញ្ញាតឱ្យរូបឯកឧត្តម និងគណៈប្រតិភូ បានចូលជួបសម្តែងការគួរសមនាឱកាសនេះ។ ឯកឧត្តមទូត ក៏បានប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការខិតខំបំពេញភារកិច្ចឱ្យអស់ពីសមត្ថភាព ដើម្បីលើកកម្ពស់ទំនាក់ទំនងទ្វេភាគី ជំរុញការវិនិយោគ ពាណិជ្ជកម្ម ការផ្លាស់ប្តូរវប្បធម៌ និងកិច្ចសហប្រតិបត្តិការលើវិស័យអាទិភាពនានា រវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំថែមទៀត។

ជំនួបសម្តែងការគួរសមនេះ ត្រូវបានបញ្ចប់ទៅក្រោមបរិយាកាសស្និទ្ធស្នាល យោគយល់ និងមានផ្លែផ្កាជាវិជ្ជមាន សម្រាប់ទំនាក់ទំនងមិត្តភាពកម្ពុជា-ជប៉ុន៕

 

រូប៖SHS