ខេត្តកំពង់ស្ពឺ៖ នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦ ព្រះរាជាណាចក្រកម្ពុជាបានប្រារព្ធពិធីអបអរសាទរ ខួប២០ឆ្នាំ នៃការបញ្ជូនកងកម្លាំងកងយោធពលខេមរភូមិន្ទ ចូលរួមបេសកកម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិ (២០០៦ – ២០២៦) ព្រមទាំងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនានា នៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុសាសន៍។
ពិធីប្រវត្តិសាស្ត្រនេះបានប្រព្រឹត្តទៅយ៉ាងមហោឡារារិក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដោយមានការចូលរួមពីថ្នាក់ដឹកនាំរាជរដ្ឋាភិបាល មន្ត្រីរាជការ យោធិននៃកងយោធពលខេមរភូមិន្ទ និងតំណាងអង្គការសហប្រជាជាតិជាច្រើនរូប។
ក្នុងរយៈពេលពីរទសវត្សរ៍កន្លងមកនេះ (២០០៦ – ២០២៦) កម្ពុជាបានធ្វើការផ្លាស់ប្តូរមុខមាត់យ៉ាងស្ទើរតែមិនគួរឱ្យជឿ។ ចេញពីប្រទេសដែលធ្លាប់រងគ្រោះដោយសារភ្លើងសង្គ្រាមរ៉ាំរ៉ៃ និងធ្លាប់ទទួលកងកម្លាំងថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ (UNTAC) កម្ពុជាក្រោមម្លប់នៃ «សន្តិភាព» បានប្រែក្លាយខ្លួនជាប្រទេសឈានមុខគេមួយ ក្នុងការបញ្ជូនកងកម្លាំងមួកខៀវ ទាំងបុរស និងនារី ទៅចូលរួមចំណែកថែរក្សាសន្តិភាព មនុស្សធម៌ បោសសម្អាតមីន និងកសាងហេដ្ឋារចនាសម្ព័ន្ធ នៅតាមបណ្តាប្រទេសនានាលើពិភពលោក។
នៅក្នុងឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះស្មារតីលះបង់ ភាពក្លាហាន និងវិន័យខ្ពស់របស់កងកម្លាំងមួកខៀវកម្ពុជាទាំងអស់ ដែលបានលើកស្ទួយកិត្តិយស និងកិត្យានុភាពជាតិនៅលើឆាកអន្តរជាតិ។ ព្រឹត្តិការណ៍ខួប ២០ឆ្នាំនេះ គឺជាសក្ខីភាពបញ្ជាក់យ៉ាងច្បាស់ពីឆន្ទៈដ៏មោះមុត ការទទួលខុសត្រូវខ្ពស់ និងការរួមចំណែកយ៉ាងសកម្មរបស់ព្រះរាជាណាចក្រកម្ពុជា ចំពោះសន្តិភាព និងសន្តិសុខអន្តរជាតិ ស្របតាមទិសដៅរបស់អង្គការសហប្រជាជាតិ៕