រដ្ឋបាលខេត្តប៉ៃលិន នៅថ្ងៃទី២៧ ខែមេសានេះ បានសេចក្តីប្រកាសបដិសេធចោលទាំងស្រុងចំពោះការផ្សាយព័ត៌មានបំភ្លៃខុសពីការពិត ដែលត្រូវបានផ្សព្វផ្សាយតាមរយៈគណនីហ្វេសប៊ុកឈ្មោះ «កាមទេព លីមហុង» និងតាមបណ្ដាញសង្គមផ្សេងៗ ដោយបានចោទថា «ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន»។
រដ្ឋបាលខេត្តប៉ៃលិន បានបញ្ជាក់តាមសេចក្តីបដិសេធរបស់ខ្លួន នៅថ្ងៃចន្ទនេះថា៖ «ព័ត៌មាន (ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន) នេះ គឺជាព័ត៌មានក្លែងក្លាយ បំភ័ន្ត និងគ្មានមូលដ្ឋាន ការពិតឡើយ»។
កាលពីពេលថ្មីៗនេះ គណនីហ្វេសប៊ុកឈ្មោះ «កាមទេព លីមហុង» បានចុះផ្សាយថា «ថៃបានចូលលុបយកអូរមួយកន្លែង នៅខេត្តប៉ៃលិន» ដោយម្ចាស់ផេកហ្វេសប៊ុកមួយនេះ បានបង្ហាញទាំងសកម្មភាពកងទ័ពថៃ កំពុងរាយបន្លាលួសព័ន្ធយក ក៏ដូចជារូបភាពជាច្រើនទៀត ដោយបញ្ជាក់ថា បន្ទាត់ខ្សែព្រំដែនកម្ពុជា គឺយកអូរ ជាខ្សែព្រំដែន ហើយតំបន់នោះ មានអូរ២ ឈ្មោះថា អូរថ្មី និងអូរចាស់ ដែលវាជាអូររបស់ខ្មែរទាំង២ តែត្រូវបានសៀមលុបអូរថ្មីចោល ទុកតែអូរចាស់ជាខ្សែព្រំដែន ដែលតូចជាងអូរថ្មី។
គណនីហ្វេសប៊ុកឈ្មោះ «កាមទេព លីមហុង» បានអះអាង ខ្លួនបានដកស្រង់សម្តីពីមន្ត្រីខេត្តប៉ៃលិន ដោយមន្តីរូបនោះបញ្ជាក់ថា យោធាថៃបានឈ្លានពានទឹកដីខ្មែរតាមរយៈការប្ដូរទិសដៅចរន្តទឹកហូរ ធ្វើឱ្យអូរធម្មជាតិ ដែលភាគីទាំង២ បានកំណត់យកជាខ្សែបន្ទាត់ព្រំដែន បានប្ដូរទីតាំងចូលមកក្នុងទឹកដីកម្ពុជា។ គណនីមួយនេះ ក៏បានចុះផ្សាយព័ត៌មានជាច្រើនទៀត ជុំវិញបញ្ហានេះផងដែរ។
តែទោះបីជាយ៉ាងណា នៅរាល់ការចេញផ្សាយជាបន្តបន្ទាប់គ្នារបស់គណនីហ្វេសប៊ុកមួយនេះ ត្រូវបានរដ្ឋបាលខេត្តប៉ៃលិន ចេញសេចក្តីបដិសេធថា ជាព័ត៌មានមិនពិត ហើយបានអំពាវនាវដល់សាធារណជន និងអ្នកប្រើប្រាស់បណ្តាញសង្គមទាំងអស់ កុំចែករំលែក ឬផ្សព្វផ្សាយបន្តព័ត៌មានមិនពិតនេះ ដើម្បីកុំឱ្យមានការយល់ច្រឡំ និងសូមទទួលយកតែព័ត៌មានពីប្រភពផ្លូវការ។
ជាមួយគ្នានេះ រដ្ឋបាលខេត្តប៉ៃលិន បានគូសបញ្ជាក់ថា៖ «អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងកង កម្លាំងសមត្ថកិច្ចពាក់ព័ន្ធ បាននិងកំពុងអនុវត្តភារកិច្ចយ៉ាងម៉ឺងម៉ាត់ ក្នុងការការពារ និងរក្សាអធិបតេយ្យភាព បូរណភាពទឹកដី និងសន្តិសុខតាមបន្ទាត់ព្រំដែនរបស់ព្រះរាជាណាចក្រកម្ពុជា ដោយមិនអនុញ្ញាតឱ្យមានការរំលោភបំពានណាមួយឡើយ»៕
ប្រភព: KhmerPost