​គ្រូ​ស្វាយរៀង​ថា គួរតែ​ពិន័យ មុត សត្យា មិនឱ្យលេង​ពេញ​មួយ​រដូវ​កាល ចំពោះ​ការ​វាយ​កែង​បណ្តាល​ឱ្យ Connor បែក​ក្បាល

កីឡាករ​របស់​ក្លិ​បអង្គរ​ថាយហ្គឺរ មុត សត្យា កំពុង​ទទួល​រង​ការ​រិះគន់​ខ្លាំង ចំពោះ​ការប្រើឥរិយាបថមិនស័ក្តិ​សមជា​កីឡាករ​អាជីព ដោយរូបគេ​បាន​វាយ​កែង​ទាំងកំហឹង បណ្តាល​ឱ្យ​ខ្សែ​ប្រយុទ្ធ Connor Shields របស់ក្រុមព្រះខ័នរាជស្វាយរៀង បែក​ក្បាល​ហូរឈាម​ស្រោច​មួយចំហៀង​ផ្ទៃ​មុខ។

ហេតុការណ៍ដ៏អាក្រក់នេះ បាន​កើត​មានឡើង ក្នុងការ​ប្រកួតលីគកំពូល​កម្ពុជា គឺ​នៅពេល​ដែល​ក្រុមព្រះខ័នរាជស្វាយរៀង បាន​យក​ឈ្នះក្រុម​អង្គរថាយហ្គឺរ ២-០ នៅពហុកីឡដ្ឋានជាតិ​មរតកតេជោ កាលពី​យប់ថ្ងៃអាទិត្យ។

បើទោះបីជា​លោកអាជ្ញាកណ្តាល បាន​ធ្វើការ​ពិន័យកាត​ក្រហម​ទៅលើខ្សែម្ចាស់អាវ​លេខ​២៦​រូបនេះ ចំពោះការលោតវាយ​កែង​ទៅលើ​ខ្សែ​ប្រយុទ្ធ Connor Shields នៅនាទីទី ៨៦ ប៉ុន្តែលោក Matthew McConkey គ្រូ​បង្គោល​ក្រុមស្វាយរៀង ​មិន​ទទួល​យក​ការពិន័យត្រឹម​កាត​ក្រហមនេះទេ គឺ​លោកចង់​ឱ្យមានការពិន័យធ្ងន់ ដោយ​មិនឱ្យ មុត សត្យា ចូល​លេង​រយៈ​ពេល​វែង ទើប​សមនឹងកំហុស។

លោក Matthew បាននិយាយ​ក្នុង​សន្និសីទកាសែត ក្រោយការ​ប្រកួត​ថា៖​ «ហេតុការណ៍ ដែល​បានកើតមានឡើងចំពោះ Connor ពិតជា​អាក្រក់​មើល​មែន​ទែន ហើយ​ក្រុម​របស់​យើង ក៏មានអារម្មណ៍មិនសប្បាយ​ចិត្តលើ​រឿង​នេះដូចគ្នា ព្រោះ​ Connor ​ធ្វើ​ការ​ខ្លាំង​ណាស់​ប៉ុន្មាន​សប្តាហ៍នេះ ហើយ​គាត់ ត្រូវមាន​ពេល​សម្រាក​នៅថ្ងៃស្អែក (ថ្ងៃនេះ) តែ​គាត់បែរ​ជា​ត្រូវទៅ​​ពេទ្យ ដើម្បីពិនិត្យ​មើល​ក្បាល​របស់​គាត់វិញ»។

លោក​បញ្ជាក់​ថា៖ «នៅក្នុងបាល់​ទាត់ ការ​ប្រើកែង​​វាយ​ទៅលើ​ក្បាល​កីឡាករ​ម្នាក់ទៀត វាជា​រឿង​អាក្រក់​មើល ដែល​យើងមិន​អាច​ទទួល​យក​បាន ហើយកីឡាករ​ម្នាក់​ហ្នឹង (មុត សត្យា) មិនមែនតែ​លើក​នេះទេ ប៉ុន្តែ​គាត់​ព្យាយាម​លេង​របៀប​នេះច្រើនដងហើយ។ យើងមិនដឹង​ថា មានការពិន័យរបៀបណា​​នោះ​ទេ ប៉ុន្តែ​គាត់​គួរ​តែទទួល​ការ​ពិន័យ​ពេញមួយ​រដូវ​កាល​នេះ ព្រោះការ​លេង​ប្រើ​កែងនេះ វា​ប៉ះទង្គិចទៅលើ​ក្បាល​ខ្លាំង»។

ចំពោះ​ស្ថាន​ភាពជាក់​ស្តែង ក្នុងការ​ប្រកួតកាលពីយប់ថ្ងៃអាទិត្យ​នោះ គឺ​ខ្សែការពារ មុត សត្យា បាន​រត់​ទៅពាំង​ Connor Shields តែ​ត្រូវបាន​ខ្សែ​ប្រយុទ្ធ​រូបនេះ យកស្មាទប់​បណ្តាល​ឱ្យ សត្យា ដួល​ទាំងជំហរ។ ​​សត្យា មានការខឹង​ខ្លាំងចំពោះ​ហេតុការណ៍នេះ ដោយ​រូបគេ​បាន​​ស្ទុះ​ងើប​ឡើង រួច​រត់ទៅវាយ​កែង​ស្តាំ​បណ្តាល​ឱ្យ Connor បែកក្បាល​ផ្នែក​ខាង​ឆ្វេង ហូរ​ឈាមសស្រាក។

ម្ចាស់​អាវ​លេខ​៩៧ Connor Shields មានការ​ខឹងសម្បារ​យ៉ាង​ខ្លាំង ចំពោះ​ទង្វើ​របស់ មុត សត្យា ហើយក៏មានការ​ស្រែក​តវ៉ា​គ្នា​មួយប្រាវ​ផងដែរ មុនពេល​អាជ្ញាកណ្តាល​ពិន័យកាត​ក្រហម​ទៅ​ឱ្យ សត្យា ប៉ុន្តែ​រូប​ភាពដែល មុត សត្យា បានវាយកែង​ទៅលើ Connor នេះ​ វាជារឿង​ដែលមិនគួរកើតមានទាល់តែសោះ ហើយ​អ្នកគាំទ្រ បាន​រិះគន់​ខ្លាំង​ទៅលើ​ទង្វើ​​នេះ ដោយ​អ្នកខ្លះបានស្នើ​ពិន័យ​ដល់ខ្សែការពារ​រូបនេះ ឱ្យបាន​ធ្ងន់​បំផុត ដើម្បី​ឱ្យសម​ទៅនឹងកំហុស។

ចំណែក​លោក Akihiro Kato ប្រធានក្លិបអង្គរថាយហ្គឺរ ក៏មិនគាំទ្រ​ដល់​ទង្វើ​​នេះដូចគ្នា ដោយ​លោក​នឹងចាត់​វិធានការឱ្យបានម៉ឺងម៉ាត់​ទៅលើ​​កីឡាករ មុត សត្យា។ ​លោក Akihiro បានបញ្ជាក់តាមការ​បង្ហោះសារ​របស់លោក​ថា៖​ «ខ្ញុំ​សូម​អភ័យ​ទោស​ដោយ​ស្មោះ​ចំពោះ​ហេតុការណ៍​ដែលបាន​កើត​ឡើង​ក្នុង​អំឡុង​ពេល​ការ​ប្រកួត​ថ្ងៃនេះ។ យើងនឹង​ពិចារណា​ឱ្យ​បាន​ហ្មតចត់ និង​ចាត់វិធាន​ការ​សម​ស្រប​នៅ​ក្នុង​ក្លិប»៕

 

ប្រភព៖ PostKhmer

Comments (0)
Add Comment