ក្លិបអង្គរថាយហ្គឺរ បានចេញសេចក្តីប្រកាសជាផ្លូវការ ក្នុងការដាក់ពិន័យទៅលើខ្សែការពារ មុត សត្យា ដែលបានវាយកែងបណ្តាលឱ្យខ្សែប្រយុទ្ធរបស់ក្រុមព្រះខ័នរាជស្វាយរៀង Connor Shields បែកក្បាលកាលពីយប់ថ្ងៃអាទិត្យ ដោយក្លិបបានព្យួរការប្រកួតនៅសល់របស់គេរហូតដល់ចប់រដូវកាល ហើយក្នុងអំឡុងពេលនេះ សត្យា ក៏ត្រូវដាក់ឱ្យចូលរួមការងារសម្អាតទីក្រុងផងដែរ។
អង្គរថាយហ្គឺរ បានធ្វើការអភ័យទោស ចំពោះទង្វើដែលមិនអាចទទួលយកបានរបស់ មុត សត្យា ក្នុងពេលប្រកួតកាលពីម្សិលមិញ។ «យើងខ្ញុំសូមការអភ័យទោសដោយស្មោះអស់ពីចិត្តទៅកាន់កីឡាករ នៃក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង មន្ត្រី និងអ្នកគាំទ្ររបស់ក្លិប ក៏ដូចជាអ្នកគាំទ្រទាំងអស់របស់ក្លិបបាល់ទាត់អង្គរថាយហ្គឺរ និងអ្នកស្នេហាវិស័យបាល់ទាត់ ដែលមានការខកចិត្តជាខ្លាំងចំពោះទង្វើដែលមិនអាចទទួលយកបានរបស់កីឡាករ មុត សត្យា»។
ជាមួយគ្នានេះ ក្លិបអង្គរថាយហ្គឺរ អះអាងថា បានធ្វើការជួបផ្ទាល់ជាមួយកីឡាករ សត្យា នៅក្រោយការប្រកួតកាលពីយប់ថ្ងៃអាទិត្យ និងព្រឹកថ្ងៃចន្ទនេះម្ដងទៀត ព្រមទាំងបានពិភាក្សាផ្ទៃក្នុងជាមួយភាគីពាក់ព័ន្ធ។
ក្លិបបានបញ្ជាក់ថា៖ «សត្យា បានគ្រប់គ្រងអារម្មណ៍ឡើងវិញភ្លាមៗបន្ទាប់ពីការប្រកួត ហើយបានបង្ហាញការស្តាយក្រោយយ៉ាងខ្លាំងចំពោះសកម្មភាពរបស់ខ្លួន ហើយនៅព្រឹកថ្ងៃនេះចន្ទនេះ រូបគេបានផ្ញើសារ សុំទោសដោយផ្ទាល់ទៅកាន់កីឡាករ CONOR SHIELD»។
តែទោះជាយ៉ាងណា ក្នុងនាមជាក្លិបបាល់ទាត់អាជីព អង្គរថាយហ្គឺរ បានយកចិត្តទុកដាក់ខ្ពស់បំផុត ចំពោះសកម្មភាពណា ដែលរំលោភលើគោលការណ៍ស្មារតីកីឡាជាចម្បង ហេតុនេះបន្ទាប់ពីការពិចារណាយ៉ាងម៉ត់ចត់ ក្លិបអង្គរថាយហ្គឺរ បានសម្រេចដាក់ពិន័យទៅលើ មុត សន្យា ធ្ងន់ជាងអ្វីដែលគ្រូបង្គោលក្រុមព្រះខ័នរាជស្វាយរៀង លោក Matthew McConkey ចង់បានទៅទៀត។
អង្គរថាយហ្គឺរ បានសម្រេចព្យួរការប្រកួតរបស់កីឡាករ មុត សត្យា «ដោយហាមឃាត់ការចូលរួមប្រកួត ដែលនៅសេសសល់ទាំងអស់ សម្រាប់រដូវកាលនេះ ហើយហាមឃាត់ការចូលរួមហ្វឹកហាត់របស់ មុត សត្យា ជាមួយក្រុមរហូតដល់ដាច់ខែមីនានេះ។
លើសពីនេះ មុត សត្យា ត្រូវបានក្លិបអង្គរថាយហ្គឺរ តម្រូវឱ្យចូលរួមក្នុងការងារសង្គម ដោយត្រូវចូលរួមក្នុងសកម្មភាពការងារស្ម័គ្រចិត្តក្នុងសហគមន៍ រួមទាំងការសម្អាតទីក្រុង ក្នុងអំឡុងពេលនៃការព្យួរការហ្វឹកហាត់។ ចំណែកការពិន័យផ្នែកហិរញ្ញវត្ថុវិញ គឺក្លិបនេះ បានកាត់ប្រាក់បៀវត្សរ៍មួយផ្នែករបស់ មុត សត្យា រហូតដល់បញ្ចប់រដូវកាល។
ក្លិបអង្គរថាយហ្គឺរ បានបញ្ជាក់ថា៖ «ទោះបីជា សត្យា បានបង្ហាញការស្តាយក្រោយក៏ដោយ ក្លិបនឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយរូបគេ លើការស្តារនីតិសម្បទា និងការអប់រំ ហើយយើងនឹងពង្រឹងវិធានការផ្ទៃក្នុងរបស់យើង ដើម្បីការពារកុំឱ្យមានអាកប្បកិរិយាមារយាទបែបនេះកើតឡើងម្តងទៀត។ ជាថ្មីម្តងទៀត យើងខ្ញុំសូមអភ័យទោសដោយស្មោះអស់ពីចិត្តចំពោះអ្នកពាក់ព័ន្ធទាំងអស់ ដែលរងផលប៉ះពាល់ដោយសារបញ្ហានេះ»។
ចំណែកលោក Akihiro Kato ប្រធានបក្លិបអង្គរថាយហ្គឺរ ក៏បានបង្ហាញការសោកស្តាយចំពោះបញ្ហាដែលបានកើតឡើងនេះ ហើយលោកបានសុំទោសទៅដល់ខ្សែប្រយុទ្ធ Connor Shields រួមទាំងអ្នកគ្រប់គ្នា នៅក្លិបព្រះខ័នរាជស្វាយរៀង និងក្រុមគ្រួសារក្លិបបាល់ទាត់អង្គរថៃហ្គើរ និងអ្នកគាំទ្របាល់ទាត់ចំពោះអាកប្បកិរិយាមិនអាចទទួលយកបានរបស់ មុត សត្យា ក្នុងអំឡុងពេលប្រកួតកាលពីម្សិលមិញ។
ទោះបីជា មុត សត្យា ផ្ទាល់បានសម្តែងការសោកស្តាយខ្លាំងចំពោះទង្វើរបស់ខ្លួន ប៉ុន្តែ ដើម្បីចៀសវាងការភាន់ច្រឡំ ឬការយល់ច្រឡំបន្ថែមទៀត លោក Akihiro Kato បានណែនាំឱ្យ សត្យាចៀសវាងការប្រើប្រាស់គណនីប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ខ្លួន សម្រាប់រយៈពេលដែលនៅសល់នៅក្នុងខែមីនានេះ។
ប្រធានក្លិបអង្គរថាយហ្គឺរ លោក Akihiro Kato បានបញ្ជាក់តាមរយៈការបង្ហោះសាររបស់លោកនៅថ្ងៃចន្ទនេះ អមជាមួយសេចក្តីថ្លែងការរបស់ក្លិបបែបនេះថា៖ «ស្ថានភាពនេះ បានឆ្លុះបញ្ចាំងពីការបរាជ័យក្នុងការគ្រប់គ្រងរបស់ក្លិប និងខ្លួនខ្ញុំផ្ទាល់ផងដែរ។ ខ្ញុំសូមទទួលខុសត្រូវ និងសូមអភ័យទោសដោយស្មោះស្ម័គ្រចំពោះរឿងនេះ»៕
ប្រភព៖ PostKhmer