NOCC នឹង​ពង្រីក​ការ​ផ្សព្វផ្សាយកម្មវិធី ​«អប់រំគុណ​តម្លៃអូឡាំពិក»ជាពិសេស​ទៅកាន់​​ខេត្ត ​ទទួល​រងការ​ឈ្លានពានដោយ​យោធា​ថៃ​

កម្មវិធី ​«អប់រំគុណ​តម្លៃអូឡាំពិក» ដែល​គណៈកម្មាធិការជាតិអូឡាំពិក​កម្ពុជា (NOCC) ធ្លាប់បាន​រៀបចំ​នៅតាមបណ្តា​រាជធានី-​ខេត្តជា​ច្រើន​ឆ្នាំកន្លងមកនេះ គឺនៅក្នុង​ឆ្នាំ​២០២៦នេះ NOCC​នឹង​រៀបចំកម្មវិធីនេះ​ជាពិសេស​ទៅ​​ដល់​ក្មេងៗ និងសិក្សានុសិស្ស នៅតាមបណ្តា​ខេត្តជាយដែន​ដែល​ទទួល​រង​ការ​ឈ្លាន​ពាន​ពី​យោធា​ថៃ ដើម្បីជួយ​​ឱ្យ​ពួកគេទទួលបាននូវ​អត្ថប្រយោជន៍​ សម្រាប់​យក​ទៅ​​អភិវឌ្ឍសមត្ថ​ភាព​ប្រកប​ដោយចំណេះដឹង និង​ភាពរឹងមាំទៅថ្ងៃអនាគត។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការ​ NOCC បាន​ឱ្យ​ដឹង​ថា ការ​អប់រំគុណ​តម្លៃអូឡាំពិកនេះ គឺ​គោរពតាម​គោលការណ៍​​​គណៈកម្មាធិការជាតិ​អូឡាំពិក​អន្តរជាតិ ក៏ដូចជា​​អង្គការសាមគ្គីអូឡាំពិក និងក្រុមប្រឹក្សា​អូឡាំពិក​អាស៊ី ហើយ NOCC តែងតែ​បង្កើត​ឱ្យមាន​ក្រុមការងារ​ និង​មន្រ្តី​ជំនាញៗ​ ដែលបាន​សិក្សា​ពី​ចលនា និងឧត្តមគតិ​អូឡាំពិក​នៅ​ក្រៅ​ប្រទេស ចុះ​ទៅ​​​ផ្សព្វ​ផ្សាយ​ និង​​អប់រំគុណ​តម្លៃអូឡាំពិក​នេះ ឱ្យបាន​ទូលំទូលាយ។

លោកបានបន្ថែម​ថា ការងារ​នេះ ក៏​ស្រប​ទៅតាម​គោលនយោបាយ និង​ផែនការ​យុទ្ធសាស្រ្ត ក្នុងការ​កែ​ទម្រង់​​របស់​ក្រសួងអប់រំ យុវជន និង​កីឡា​ផងដែរ ក្នុងការ​បញ្ជ្រាប​ចំណេះ​ដឹង​ផ្នែក​អប់រំ​កាយ និង​កីឡា ដើម្បី​ជួយរួមចំណែក​ក្នុងការ​អភិវឌ្ឍ​ការសិក្សា និងសុខភាព​របស់​សិស្សានុសិស្សឱ្យបាន​ល្អប្រសើរ។

ដោយឡែក​ នៅឆ្នាំ​២០២៦នេះ កម្មវិធី ​«អប់រំគុណ​តម្លៃអូឡាំពិក» នឹង​ពង្រីកការ​ផ្សព្វ​ផ្សាយ និងការ​អប់រំ ទៅ​ដល់​ខេត្ត​ជាយ​ដែន។ លោក វ៉ាត់ ចំរើន បញ្ជាក់​ថា៖​ «នៅឆ្នាំ​នេះ​យើងមានកម្មវិធីពិសេស ផ្សព្វ​ផ្សាយការ​អប់រំ​នេះ​ទៅ​ដល់​ខេត្ត​ជាយដែន ជាពិសេស​ខេត្តដែលប៉ះពាល់​ដល់ការ​រំលោភ​ឈ្លានពាន ដោយសាសង្គ្រាម​​នៅតាម​ទល់​ដែនកន្លងមកនេះ»។

លោក វ៉ាត់ ចំរើន បានសង្កត់​ធ្ងន់​ទៅលើ​ខេត្តឧត្តរមានជ័យ និងខេត្តព្រះ​វិហារ ដែលបានទទួលរង​ខ្លាំងពីការរំលោភបំពាន​របស់យោធាថៃ ហេតុនេះ​ក្រុមការងារ​បច្ចេក​ទេស​របស់ NOCC ​​នឹង​នាំ​យក​ជំនួយ​ខាង​ផ្នែកកីឡា ដើម្បី​​រៀបចំ​ទី​លានកីឡា នៅក្នុងសាលា ដែលមានបញ្ហា ឬមានការ​ខ្វះ​ខាតក្នុង​សកម្ម​ភាពកីឡា។

លោក​បានថ្លែង​ថា៖ «​ចំពោះ​សាលា​រៀន ដែលមានការ​ខ្វះខាត (នៅ​ក្នុង​ខេត្តឧត្តរមានជ័យ និង​ខេត្ត​ព្រះវិហារ) យើងនឹ​ង​ធ្វើ​ការ​ជួសជុល កែ​លម្អ ឬកសាងទីលាន​ជូន ហើយ​យើង​ក៏មាន​កម្មវិធី​អប់រំឱ្យ​សិស្សានុសិស្ស និងលោក​គ្រូ​អ្នកគ្រូ​នៅ​ទី​នោះ ឱ្យ​ព្យាយាម​លេង​កីឡា ធ្វើ​សកម្ម​ភាពកីឡា និង​ធ្វើ​សកម្ម​ភាព​អប់រំ​កាយ និង​កីឡា ដើម្បី​ឱ្យ​កុមារ​មាន​ភាពរឹងមាំ​ផ្នែកស្មារតី និងបញ្ញា ហើយមានសុខ​ភាព​ល្អ​ក្នុងការ​សិក្សា​»។

ជាមួយគ្នានេះ NOCC ផ្តោត​យក​ចិត្ត​ទុក​ដាក់​ទៅលើ​ភាពចាំបាច់ នៅក្នុងការ​ធ្វើ​ចលនា​​រាងកាយ​តាម​រយៈ​ប្រភេទ​កីឡាអូឡាំពិក​ ដែល​នៅ​លើពិភពលោកនេះ គេកំពុងជំរុញ​។ លោក ចំរើន សង្កត់​ធ្ងន់​ថា៖ «ទោះបីជា​កុមារ​ស្ថិតក្នុងស្ថាន​ភាពលំបាកណាក៏​ដោយ ក៏​ត្រូវធ្វើ​សកម្ម​ភាព​អប់រំ​កាយ និង​កីឡា អ៊ីចឹង​កម្មវិធី​អប់រំគុណ​តម្លៃអូឡាំពិក ទៅតាមបណ្តា​ខេត្តនានា និងនៅ​ទូទាំងប្រទេស​កម្ពុជា​នេះ គឺជា​ការ​រួមចំណែក​មួយ​ក្នុងការ​កសាង​ធនធានពីកុមារភាព​ទៅ ដើម្បី​ឱ្យគាត់​មាន​ការ​ចាំផ្តើម​នៅក្នុង​ដំណើរ​ការ​ត្រឹម​ត្រូវនៃជីវិត​របស់​គាត់»។

ជាមួយគ្នានេះ លោក វ៉ាត់ ចំរើន ដែល​ជារដ្ឋលេខាធិការ​ក្រសួងអប់រំ យុវជន និងកីឡា ទទួលបន្តុក​ផ្នែក​កីឡា​ផង​នោះ បានដាក់​ក្តី​សង្ឃឹម​ថា នៅឆ្នាំ​នេះ ក៏ដូចជា​៤​ឆ្នាំ​ទៅមុខ​ទៀត កម្មវិធី​អប់រំគុណ​តម្លៃអូឡាំពិក នឹង​ត្រូវបាន​ផ្សព្វ​ផ្សាយ​ បញ្ជ្រាប​ទៅ​គ្រប់​កុមារ​​ទាំងអស់ នៅទូទាំង​ប្រទេស ហើយ​តាម​ស្ថិតិ​ ដែល​​ធ្លាប់​បានធ្វើ​កន្លងមក គឺ​កម្មវិធីនេះ ​បានបញ្ជ្រាប​ទៅ​ដល់​កុមារ​រាប់ម៉ឺននាក់រួច​មក​ហើយ។

ប៉ុន្តែ លោក វ៉ាត់ ចំរើន បញ្ជាក់ថា៖​ «​នៅ​សល់កុមារ​ច្រើន​ទៀត ដែល​ត្រូវ​បញ្ជ្រាប​ការ​យល់​ដឹង​អំពី​អត្ថប្រយោជន៍នៃការអប់រំកាយ និង​កីឡា និងអត្ថប្រយោជន៍នៃ​ចលនា​អូឡាំពិក​ នៅក្នុងសង្គមជាតិ​របស់​យើង ដែលជា​ចលនា​បង្កើត​ឱ្យមាន​សុខភាព សុខដុមរមនា​ និង​មាន​សាមគ្គី​ភាព មិត្តភាព ហើយក៏ជា​ចលនា​មួយ​បង្កើត​ឱ្យមាន​សន្តិភាព និង​សេចក្តីចម្រើន នៅក្នុងប្រទេស​របស់​យើងផងដែរ»។

«ដូច្នេះពេលនេះ យើងដឹង​ថា ជាពេល​វេលា ដែល​យើងត្រូវ​រួបរួមគ្នា ជួយចែក​រំលែក​អ្វី​ដែល​យើងអាច​ធ្វើបាន​ ជាមួយនឹង​អន្តរជាតិ និង​ចលនាអូឡាំពិក​អន្តរជាតិ ដើម្បី​ធ្វើ​ឱ្យប្រទេសជាតិ​របស់​យើង​ និង​ធន​ធាន​កុមារ​របស់យើង​មាន​ភាពរឹងមាំ​ និង​មានអនាគតរុងរឿង»។ លោក ចំរើន បានបញ្ជាក់​បន្ថែម៕

 

ប្រភព៖ PostKhmer

Comments (0)
Add Comment